សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដាក់​ទោស​មន្ត្រី​នគរបាល​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​​តាម​ច្បាប់ ជា​ជាង​ត្រឹម​តែ​ពិន័យ​រដ្ឋបាល

0:00 / 0:00

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​មន្ត្រី​នគរបាល ដែល​ក្រសួងមហាផ្ទៃ​រក​ឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទៅ​កាត់​ទោស​តាម​ច្បាប់ ព្រោះ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​មិន​អាច​ដាក់​ត្រឹម​តែ​ទណ្ឌកម្ម​ខាង​វិន័យ​ការងារ​នោះ​ទេ។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ បាន​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ចំនួន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​ឯកសារ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

អ្នក​ឃ្លាំមើល និង​សង្គម​ស៊ីវិល លើក​ឡើង​ថា កាល​ណា​រក​ឃើញ​កំហុស​របស់​មន្ត្រី​នៃ​ស្ថាប័ន​រដ្ឋ ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​ក្លែង​បន្លំ​ឯកសារ នោះ​ពួកគេ​ត្រូវ​តែ​ ទទួល​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ គឺ​មិនមែន​ត្រឹម​តែ​វិន័យ​រដ្ឋបាល ហើយ​រួច​ខ្លួន​ នោះ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខាប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ ខែ​មីនា ថា អំពើ​ពុករលួយ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​អ្នក​ប្រព្រឹត្ត​ទាំងអស់ ទោះបី​ជា​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​ក៏​ដោយ ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់​ដើម្បី​ធានា​ថា ការ​អនុវត្ត​ច្បាប់​មាន​ភាព​ស្មើ​គ្នា ឬ​គ្មាន​ស្តង់ដារ​ពីរ។ លោក​ថា ការ​ដាក់​ទណ្ឌកម្ម​វិន័យ​ការងារ​លើ​ក្រុម​មន្ត្រី​នគរបាល ដែល​ក្រសួង​មហាផ្ទៃ​រក​ឃើញ​កំហុស​ពុករលួយ​នោះ មិន​ទាន់​គ្រប់គ្រាន់​ទេ ពួកគេ​ត្រូវ​តែ​ប្រឈម​ការ​កាត់​ទោស​តាម​ច្បាប់។

លោក នី សុខា៖«បទ​ល្មើស​ទាក់ទង​នឹង​អំពើ​ពុករលួយ ដែល​វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​គ្រាន់​តែ​ធ្វើ​ការ​ដក​តំណែង ដក​តួនាទី​អី ឱ្យ​រួច​ខ្លួន​បាន​ទេ គឺ​ត្រូវ​តែ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​ទាំងអស់ ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ នៃ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​បាន​ត្រឹមត្រូវ ជា​ការ​ដាក់​វិន័យ​មួយ ដើម្បី​ពង្រឹង​ទៅ​លើ​វិស័យ​យុត្តិធម៌​ឱ្យ​បាន​រឹង​មាំ»។

ក្រសួង​មហាផ្ទៃ​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ចំនួន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​ឯកសារ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​នៅថ្ងៃទី១៤ ខែ​កុម្ភៈ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង លោក សោម សារ៉ន ត្រូវ​បាន​ដក​តំណែង និង​រង​ពិន័យ​បន្ថយ​ឋានន្តរ​ស័ក្ដិ​ចំនួន ២ថ្នាក់​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ រីឯ​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ទាប ៣​នាក់​ទៀត គឺ​អធិការ​រង​ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​លោក វ៉ា សំណាង នាយរង ផ្នែក​អន្តោប្រវេសន៍ លោក ផាត់ ផល និង​នាយ​រង​ផ្នែក​នគរបាល​យុត្តិធម៌ លោក កឹម ស៊ីថុន រង​ទណ្ឌកម្ម​វិន័យ ដោយ​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ទាក់ទង​នឹង​ការ​បន្លំ​ឯកសារ។

វិធានការ​ទណ្ឌកម្ម​វិន័យ​នេះ អនុវត្ត​ដោយ​ផ្អែក​តាម​ការ​អង្កេត​ស្រាវជ្រាវ​លើ​ខ្លឹមសារ គណនី​ហ្វេសប៊ុក​ឈ្មោះ បង វី (Bong Vy) ដែល​បាន​ផ្ញើ​ចូល​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២៤។ ការ​ស៊ើបអង្កេត​របស់​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា ពាក្យ​បណ្ដឹង ដែល​អះអាង​ថា មាន​ស្នាម​មេ​ដៃ​មន្ត្រី​នគរបាល​ចំនួន ២៤ នាក់​នោះ មាន​ស្នាម​មេ​ដៃ​មន្ត្រី​នគរបាល​ពិត ប្រាកដ​តែ ២នាក់​ប៉ុណ្ណោះ គឺ​លោក ផាត់ ផល និង លោក កឹម ស៊ីផុន ហើយ​ករណី​បន្លំ​ឯកសារ​ពាក្យ​បណ្ដឹង​នេះ ប្រព្រឹត្ត​ដោយ​លោក វ៉ា សំណាង ដែល​បាន​យក​ក្រដាស​ពុំ​ទាន់​មាន​ខ្លឹមសារ​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ផ្ដិត​មេ​ដៃ។

ចំណែក​ឯ អធិការ​ស្រុក​ស្វាយ​ទាបលោក សោម សារ៉ន បាន​ប្រព្រឹត្ត​ល្មើស ជា​ច្រើន​ករណីរាប់​ចាប់​តាំង​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ ដែល​ផ្ទុយ​នឹង​វិន័យ​នគរបាល​ជាតិ​រហូត​ដល់​បទ​ល្មើស​ពុករលួយ។

លក់​វត្ថុតាង​នៃ​បទ​ល្មើស និងសូកយកតំណែង

ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា លោក សោម សារ៉ន បាន​លក់​វត្ថុតាង​នៃ​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍រួម​មាន​រថយន្ត​ម៉ាក Camery ឆ្លាម១គ្រឿង និង​គោយន្ត​កែ​ច្នៃ១គ្រឿង។ លោកបាន​ឱ្យ​នគរបាល​បង់​ប្រាក់៥​រយ​ដុល្លារ ជា​ថ្នូរ​នឹង​ការ​តែង​តាំង​មុខ​តំណែងនិង​ឡើង​ឋានន្តរសក្ដិ។ លោក​បាន​ឱ្យ​អាណាព្យាបាល​របស់​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿងញៀន​បង់​ប្រាក់២រយដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះលែង។ លោក​បាន​ឱ្យ​មន្ត្រី​នគរបាល​បង់​ប្រាក់ ៤រយដុល្លារ ក្នុង​មួយ​បន្ទប់ ជា​ថ្នូរ​នឹង​ការ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អគារ​ថ្មី។ លោក សោម សារ៉ន ក៏​ថែម​ទាំង​បាន​ឱ្យ​ជន​ជាតិ​បង់ក្លាដេស្ហ (Bangladesh)ដែល​ឆ្លង​ដែន​ខុស​ច្បាប់​បង់​ប្រាក់​ចំនួន៥ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះលែង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ​លោកសេកសុជាតិប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ ខែ​មីនា ថា ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ អំពើ​ពុករលួយ​មួយ​ភាគ​នៃ​មន្ត្រី​ទាំង​នេះ​ទៅ​ហើយ ហេតុនេះ លោក​ថា ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​មន្ត្រី​នគរបាល​ពី​សំណាក់​សាមី​ក្រសួង គឺ​ជា​ការ​ត្រឹមត្រូវ។ យ៉ាងណា លោក​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មាន​ភារ​កិច្ច​បន្ត​ការងារ​ស៊ើបអង្កេត​បន្ថែម​ទៀត ឬ​ក៏​ប្ដឹង​ទៅ​តុលាការ ឱ្យ​ចាត់​វិធានការ​តាម​ច្បាប់។

លោកសេកសុជាតិ៖«អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​ដែល​មាន​ការ​ប្រកាស​ជា​សាធារណៈ​ពី​សាមី​ក្រសួង​ថា មាន​អំពើ​ពុករលួយ ហើយ​បាន​ដក​តួនាទី ឬ​ក៏​មាន​ការ​ព្រមាន​ហើយ គឺ​នៅ​សល់​រឿង​នៅ​ត្រូវ​ធ្វើ​បន្ត គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​តួនាទី​ប្ដឹង​ទៅ​កាន់​តុលាការ ឬ​ក៏​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​បន្ថែម»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំពាក្យ​រង​ក្រសួង មហាផ្ទៃ លោក ទូច សុឃៈនិង​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក សយ ច័ន្ទវិចិត្រ បានទេ នៅថ្ងៃទី៩ ខែ​មីនា ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា អំពើ​ពុករលួយ​គឺ​ជា​មេ​រោគ​ដ៏​សាហាវ ដែល​ស៊ី​រូង​បំផ្លាញ​ប្រព័ន្ធ​ដឹក​នាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ហើយ​ប្រទេស​ទន់​ខ្សោយ​ស្ទើរ​តែ​បាត់​សមត្ថភាព​ការពារ​ខ្លួន។

អត្ថបទដែលទាក់ទង

អង្គការ​តម្លាភាព​កម្ពុជា​រក​ឃើញ​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជាOpens in new window ]

អ្នក​ច្បាប់​ទាមទារ​តុលាការ និង ACU ឱ្យ​ស៊ើបអង្កេត​​លោក ហ៊ុន សែន ករណី​​លោក លី សាម៉េតOpens in new window ]

ពលរដ្ឋ​មួយ​ចំនួន​មិន​រំពឹង​ថា សេដ្ឋកិច្ច​ឆ្នាំ២០២៥​នឹង​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ពួកគាត់​សង​បំណុល​ឆាប់​អស់​នោះ​ឡើយOpens in new window ]

{English Text Below} សេចក្ដីថ្លែងការណ៍ព័ត៌មាន សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ ២០២៤ រាជធានីភ្នំពេញ...

Posted by Transparency International Cambodia on Monday, February 10, 2025

អង្គការ​តម្លាភាព​អន្តរជាតិ(Transparency International) រក​ឃើញ​ថា ស្ថានភាព​អំពើ​ពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤ កាន់​តែ​ធ្ងន់ធ្ងរ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទេរ​តំណែង​ទៅ​ឱ្យ​អ្នក​ជំនាន់​ថ្មី​របស់​ខ្លួន​ ដោយ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម ១៨០ ប្រទេស។ របាយការណ៍​នេះ ឱ្យ​ដឹង​ដែរ​ថា កម្ពុជា​គ្រាន់​បើ​ជាង​ប្រទេស ដែល​កំពុង​តែ​ច្របូក​ ច្របល់​ដោយ​សង្គ្រាម​ផ្ទៃ​ក្នុង គឺ​ប្រទេស មីយ៉ាន់ម៉ា (Myanmar) ឬ ភូមាតែ​មួយ​ ប៉ុណ្ណោះ នៅ​ក្នុង​តំបន់​អាស៊ាន។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិកាល​ពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា កម្ពុជា​បន្ត​បោះ​ជំហាន​យឺតយ៉ាវ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​បង្ហាញ​ ឱ្យ​ឃើញ​នូវ​ចំណុច​ខ្សោយ ដែល​បន្ត​កើត​មាន ដោយសារ​អភិបាល​កិច្ច និង​ខ្វះ​សុចរិត​ ភាព​ស្ថាប័ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។