បទបញ្ជាលោក ស សុខា ឱ្យសមត្ថកិច្ចបោសសម្អាតគ្រឿងញៀនតាមមជ្ឈមណ្ឌលកម្សាន្តរងការរិះគន់ថា បរាជ័យ
2024.12.11
បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលណែនាំដល់មន្ត្រីសមត្ថកិច្ចឱ្យបោសសម្អាតគ្រឿងញៀននៅតាមមជ្ឈមណ្ឌលកម្សាន្តនានាដូចជា ក្លឹបខារ៉ាអូខេជាដើម រងការរិះគន់ថា បរាជ័យ។ ទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកឃ្លាំមើលទទួលស្គាល់ថា ការពិបាកទប់ស្កាត់លំហូរគ្រឿងញៀនចូលកម្ពុជា គឺដោយសារតែមានមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលជាប់ពាក់ព័ន្ធកាងមុខរបរគ្រឿងញៀន និងចរាចរគ្រឿងញៀននៅតាមមជ្ឈមណ្ឌលកម្សាន្តនានា។
កម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលឪកូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជិត ៤០ឆ្នាំកន្លងទៅនេះ ក្រៅពីកសាងកេរ្តិ៍ឈ្មោះល្បឺរន្ទឺដល់អន្តរជាតិចំពោះការប្រព្រឹត្តនូវទង្វើរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះ ក៏បង្កឱ្យកើតមានឧក្រិដ្ឋកម្មគ្រឿងញៀនបន្តហូរចូលកម្ពុជាយ៉ាងគំហុក។
ទោះបីជាគ្រឿងញៀនបន្តហូរចូលក្នុងសង្គមកម្ពុជាតាមរយៈក្រុមឧក្រិដ្ឋជនក្នុងមួយឆ្នាំៗរាប់សិបតោនក្ដី ក៏រដ្ឋាភិបាល និងមន្ត្រីគ្រាក់ៗតែងតែបកស្រាយថា ករណីគ្រឿងញៀននេះគឺជាបញ្ហាសកលដោយមិនមែនកើតឡើងតែនៅកម្ពុជាឡើយ ហើយរដ្ឋាភិបាលក៏តែងតែប្ដេជ្ញាចិត្តបង្ក្រាប និងទប់ស្កាត់ដែរ។ ប៉ុន្តែ ក្រុមអ្នកតាមដានបញ្ហាសង្គមថា ការបកស្រាយនេះគ្រាន់តែជាលេស និងបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា ថ្វីត្បិតគ្រឿងញៀនជាបញ្ហាសកល ប៉ុន្តែប្រទេសនីមួយៗត្រូវមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងឱ្យបានខ្លាំងតាមរយៈការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកថា សម្រាប់កម្ពុជាហាក់បរាជ័យក្នុងការលុបបំបាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនដែលកំពុងរាលដាលពេញសង្គម។ លោកយល់ឃើញថា ដើម្បីបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលក្លាហានចាត់វិធានការលើមន្ត្រីមួយចំនួនដែលពាក់ព័ន្ធនឹងការប្រកបមុខរបរគ្រឿងញៀន រួមទាំងលុបបំបាត់អំពើពុករលួយ និងពង្រឹងឱ្យសង្គមកម្ពុជាមាននីតិរដ្ឋជាមុនសិន។
លោក សេក សុជាតិ៖ «អំពើពុករលួយ ឬពាក់ព័ន្ធនឹងខ្នងបង្អែកដែលនៅពីក្រោយនៃការប្រព្រឹត្តពីសំណាក់មន្ត្រីដែលមានឥទ្ធិពល និងមានអំណាចខ្ញុំគិតថា ដល់ម៉ោងដែលត្រូវវះកាត់ត្រូវដោះស្រាយដោយមិនមានការយោគយល់ ឬការអធ្យាស្រ័យទេ។ ការអនុវត្តច្បាប់ឱ្យស្នើភាពគ្នាទើបមានប្រសិទ្ធភាព។ បើនៅតែឱបក្រសោបបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយជនល្មើស ហើយនៅតែលើកទឹកចិត្តឱ្យគាត់អាចបង្កបញ្ហាតាមរយៈអំពើពុករលួយ ឬបក្ខពួក សង្គមរបស់យើងកាន់តែដុនដាប និងកាន់តែរងគ្រោះថែមទៀត»។
លំហូរគ្រឿងញៀនត្រូវបានគេមើលឃើញថា ចាប់ផ្ដើមរីករាលដាលខ្លាំងចាប់តាំងពីទីក្រុងរហូតដល់ទីជនបទ បន្ទាប់ពីអាជ្ញាធរបានរកឃើញរោងចក្រសម្រាប់ផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជននៅខេត្តកំពង់ស្ពឺកាលពីអំឡុងចុងឆ្នាំ២០២២។ ក្រោយៗមកទៀតនៅពេលសមត្ថកិច្ចចុះបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនម្ដងៗចំនួនគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានមានរាប់រយតោន។
ពាក់ព័ន្ធនឹងរឿងនេះ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែធ្នូថា កម្ពុជា និងប្រទេសក្នុងតំបន់បានសម្ដែងកង្វល់ចំពោះការកើនឡើងនៃបទល្មើសគ្រឿងញៀន។ លោកពន្យល់ថា គ្រឿងញៀនភាគច្រើនដែលឧក្រិដ្ឋជនដឹកឆ្លងដែនចូលកម្ពុជា គឺជាសារធាតុគីមីសំយោគស្របច្បាប់ ដែលសមត្ថកិច្ចខ្វះសមត្ថភាពត្រួតពិនិត្យ ហើយជនល្មើសដែលតែងដឹកជញ្ជូនសារធាតុទាំងអស់នេះសម្រាប់ផលិតជាគ្រឿងញៀននៅកម្ពុជាសម្រាប់នាំចេញទៅប្រទេសទី៣។
លោក មាស វិរិទ្ធ៖ «ការចរាចរគ្រឿងញៀនសំយោគនេះក៏មានកំណើនកើនឡើង ទន្ទឹមនឹងកំណើនកើនឡើងសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ក្នុងការចាប់យក ដើម្បីទប់ស្កាត់កុំឱ្យគ្រឿងញៀនហ្នឹងវាចូលសេរី ឬចរាចរដោយសេរីទៅលើទីផ្សារនៃការជួញដូរដែលបង្កឱ្យអ្នកប្រើប្រាស់គ្រឿងញៀនសំយោគហ្នឹងក៏កាន់តែកើនឡើងដែរ ប្រសិនបើមិនមានវិធានការក្នុងការទប់ស្កាត់»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីខែកក្កដា បានប្រកាសដោយណែនាំដល់មន្ត្រីសមត្ថកិច្ចទាំងអស់ចាត់វិធានការឱ្យតឹងរ៉ឹង ដើម្បីបោសសម្អាតគ្រឿងញៀននៅតាមមជ្ឈមណ្ឌលកម្សាន្តនានានៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។
ទោះជាបែបនេះក្ដី នៅតាមមជ្ឈមណ្ឌលកម្សាន្តនៅរាជធានីភ្នំពេញនៅតែមានបង្កប់ការជួញដូរ និងប្រើប្រាស់ថ្នាំញៀន។ ជាក់ស្ដែង កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីយប់ថ្ងៃទីថ្ងៃទី៧ ខែធ្នូ បានបង្ក្រាបទីតាំងខារ៉ាអូខេឈ្មោះ ស៊ីនដុងហៃ (Xindonghui) ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនជាតិចិន និងវៀតណាមជាង ១រយនាក់ រួមទាំងរឹបអូសបានគ្រឿងញៀនភាគច្រើនជាម្សៅខេ ឬកេតាមីនជាច្រើនកញ្ចប់។ ចំណែក កាលពីថ្ងៃទី៥ ខែធ្នូ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆ្មក់បង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងជ្រកក្រោមស្លាកភោជនីយដ្ឋាន និងហាងតែស្ថិតក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនជាតិចិន វៀតណាម ខ្មែរចំនួន ៩៣នាក់ និងរឹបអូសគ្រឿងញៀនប្រភេទម្សៅខេប្រមាណ ៤០០កញ្ចប់។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលនៅកាន់តំណែងបានឱ្យដឹងថា បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្សដែលនៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា គឺដោយសារតែមានមន្ត្រីអាជ្ញាធរជាប់ពាក់ព័ន្ធ ប្រើប្រាស់តួនាទីសម្រាប់កាងឱ្យក្រុមជនល្មើស។
លោក ស ខេង៖ «រឿងគ្រឿងញៀនក្ដី រឿងជួញដូរមនុស្សក្ដីបទល្មើសផ្សេងទៀតក្ដី បើមន្ត្រីយើងមិនពាក់ព័ន្ធទេ ស្រួលនោះស្រួលមហាស្រួលក្នុងការដោះស្រាយ ខ្ញុំជឿអ៊ីចឹង។ និយាយអ៊ីចឹងមិនមែនថា យើងមិនហ៊ានទេ ប៉ុន្តែគ្រាន់តែថា វាពិបាកស្រាវជ្រាវ បើមន្ត្រីយើងពាក់ព័ន្ធហើយពិបាកស្រាវជ្រាវណាស់។ សុំមេត្តាអំពាវនាវថា កុំពាក់ព័ន្ធ បើកុំពាក់ព័ន្ធគឺយើងស្រួលហ្មង ដោះស្រាយស្រួលហ្មងយកគោលការណ៍មកដោះស្រាយ។ បើមន្ត្រីយើងពាក់ព័ន្ធហើយការដោះស្រាយរបស់យើងទៅតាមអារម្មណ៍ហើយ វាអត់តាមគោលការណ៍ទេ។ ទៅតាមអារម្មណ៍ម៉េច! តាមអារម្មណ៍ចង់និយាយថា ចុះបើអញមានពាក់ព័ន្ធអាហ្នឹង អ៊ីចឹងបើអញដោះស្រាយទៅមិនបាត់បង់ផលប្រយោជន៍អញដូចគ្នា»។
រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ អាជ្ញាធររឹបអូសបានគ្រឿងញៀនជាង ១៤តោនដែលចំនួននេះកើនឡើង ៥ដងបើធៀបនឹងរយៈពេលដូចគ្នាសម្រាប់ឆ្នាំ២០២៣។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធគ្រឿងញៀនចំនួនជាង ២ម៉ឺន ១ពាន់នាក់ ។ នេះ បើតាមការបញ្ជាក់របស់អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វិរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរី។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយលោក ប៉ោ មករា លើកឡើងថា ការអនុវត្តច្បាប់ធូររលុង និងអំពើពុករលួយគឺជា ឧបសគ្គធំៗក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មគ្រឿងញៀននៅកម្ពុជា។ លោកបន្ថែមទៀតថា យុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ចនៅទីតាំងជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នេះ គឺជាក្រុមមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនតូចតាចប៉ុណ្ណោះ ប៉ុន្តែគោលដៅនៃមេខ្លោងធំៗនោះសមត្ថកិច្ចមិនទាន់បង្ក្រាប និងយកមកកាត់ទោសនៅឡើយ។
លោក ប៉ោ មករា៖ «អំពើពុករលួយហ្នឹងបើកឱកាសច្រើនណាស់។ បើកឱកាសទាំងឈ្មួញជួញដូរគ្រឿងញៀនហ្នឹងផ្ទាល់ និងបើកឱកាសឱ្យមន្ត្រីខិលខូច មន្ត្រីគ្រាប់ល្ពៅគាត់ឃុបឃិតជាមួយឈ្មួញគ្រឿងញៀន ដើម្បីចរាចរគ្រឿងញៀននៅក្នុងប្រទេសទាំងមូល»។
មន្ត្រីរដ្ឋាភិបាលតែងអះអាងថា មន្ត្រីនៅតាមច្រកព្រំដែនទាំងអស់មានសមត្ថភាព និងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ ទោះជាយ៉ាងណា អ្វីដែលមហាជន និងអ្នកឃ្លាំមើលរិះគន់នោះ គឺក្រុមឧក្រិដ្ឋជននៅតែអាចដឹកជញ្ជូនគ្រឿងញៀនពីប្រទេសជិតខាងចូលកម្ពុជា ដែលប្រការនេះធ្វើឱ្យពួកគាត់សង្ស័យចំពោះការឃុបឃិតរវាងមន្ត្រីអាជ្ញាធរ និងឈ្មួញរកស៊ីគ្រឿងញៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។