សមត្ថកិច្ច​ឃាត់​ជនជាតិ​ចិន ៤នាក់ និង​ខ្មែរ ២នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​នៅ​រាជធានី​ភ្នំពេញ

កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា សហការ​គ្នា​ឆ្មក់​ចូល​បង្ក្រាប​បាន​ជនសង្ស័យ​ជនជាតិ​ចិន ៤នាក់ និង​ខ្មែរ ២នាក់ នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​នេះ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ និង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី និង​ស៊ើបអង្កេត​ស្វែងរក​អ្នក​ពាក់ព័ន្ធ។

សកម្មភាព​ចាប់​ជំរិត​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សង្គម​ងងឹត ជាពិសេស​គឺ​ក្រុម​ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​កាន់តែ​កក្រើក​ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​ជម្រក​ឧក្រិដ្ឋកម្ម ការ​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់ ហើយ​សកម្មភាព​ចាប់​ជំរិត​របស់​ក្រុម​ឧក្រិដ្ឋជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្នុង​រូបភាព​កាន់​តែ​សាហាវ ខណៈ​ពួកគេ​មួយ​ចំនួន​ហ៊ាន​សម្លាប់​ជនជាតិ​ខ្មែរ​បំបិទ​មាត់ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​របស់​ពួកគេ។ អ្នកឃ្លាំមើល យល់ថា វិធានការ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ មិន​អាច​បង្ក្រាប​ក្រុម​សង្គម​ងងឹត​ជោគជ័យ​នោះ​ទេ ប្រសិនបើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ មិន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឲ្យ​ដល់​ឫសគល់ និង​មិន​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។