គ្រូ​បង្រៀន និង​ពលរដ្ឋ​មួយ​ចំនួន ស្នើ​សុំ​ក្រសួង​អប់រំ ឱ្យ​បើក​ការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ

0:00 / 0:00

គ្រូ​បង្រៀន និង​ពលរដ្ឋ​មួយ​ចំនួន ចង់​ឃើញ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស ក្រោយ​ពី​ក្រសួង​សម្រេច​ផ្អាក​រៀបចំ​ការ​ប្រឡង​នេះ សម្រាប់​ឆ្នាំ២០២៥ ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ ឲ្យ​បាន​ច្បាស់​លាស់។

គ្រូ​បង្រៀន និង​ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​រៀបចំ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ មាន​សារៈសំខាន់ សម្រាប់​ឲ្យ​សិស្សានុសិស្ស​ប្រកួតប្រជែង​សមត្ថភាព​ចំណេះដឹង និង​ពង្រឹង​គុណភាព​វិស័យ​អប់រំ។

អតីត​គ្រូបង្រៀន​គណិតវិទ្យា នៃ​វិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្ត​កណ្ដាល និង​ជា​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២៨ ខែ​មករា​ថា ក្រសួង​អប់រំ​យុវជន ពុំ​គួរ​ផ្អាក​ការ​រៀបចំ​ប្រឡង​សិស្ស​ពូកែ​ទូទៅ​ប្រទេស​សម្រាប់​ឆ្នាំ២០២៥ ឡើយ ។ លោក បន្ត​ថា ការ​ផ្អាក​ការ​រៀបចំ​នេះ អាច​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​សិស្សានុសិស្ស ដែល​បាន​ចំណាយ​ពេល​ត្រៀម​ខ្លួន ដើម្បី​ការ​ប្រឡង​សិស្ស​ពូកែ​តាំង​ពី​កុមារភាព។

លោក រ៉ុង ឈុន៖«ជា​ការពិត​នៅ​ពេល​ប្អូន​សិស្សានុសិស្ស ដែល​មាន​បំណង​ចង់​ប្រកួតប្រជែង​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ មុខ​វិជ្ជា​គណិតវិទ្យា មុខ​វិជ្ជា​ភាសាខ្មែរ និង​មុខ​វិជ្ជា​រូបវិទ្យា ហើយ​ក្រសួង​ប្រកាស​លុប​ចោល​បែប​នេះ ធ្វើ​ឲ្យ​ការ​ប៉ងប្រាថ្នា ដូច​ជា​ការ​ត្រៀម​ខ្លួន​ទុក ដែល​គាត់​ខិតខំ​តាំង​ពី​ថ្នាក់​ក្រោម ខំ​សម្រួច ដោយ​ឆ្លៀត​ទៅ​រៀន​សាលា​គួរ ឬ​រៀន​ពិសេស ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ប្រជែង​សិស្ស​ពូកែ នៅ​ពេល ដែល​ក្រសួង​លុប ដោយ​មិន​មាន​ហេតុផល ធ្វើ​ឲ្យ​ពួក​គាត់​ខក​ចិត្ត និង​ខក​បំណង​របស់​គាត់ ដែល​ខំ​សម្រួល​ជា​យូរ​មក​ហើយ»។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​ច្រើន​ទៀត នាំ​គ្នា​ប្រតិកម្ម ចំពោះ​ការ​ផ្អាក​រៀបចំ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស សម្រាប់​ឆ្នាំ២០២៥ នេះ​ដែរ ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា ការ​ផ្អាក​ការ​ប្រឡង​នេះ ខាតបង់​ប្រយោជន៍​ធ្ងន់ធ្ងរ សម្រាប់​សិស្ស ដែល​បាន​លះបង់​ពេល​វេលា និង​ថវិកា ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង​ចំណេះដឹង​ថ្នាក់​ជាតិ និង​ជា​ការ​ដើរ​ថយក្រោយ នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន កាល​ពី​ថ្ងៃទី២៧ ខែ​មករា ក្រសួង​សម្រេច​ផ្អាក​ការ​រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស សម្រាប់​ឆ្នាំ ២០២៤-២០២៥ និង​លើក​ទឹក​ចិត្ត​ដល់​ប្រធាន​មន្ទីរ​អប់រំ នៅ​តាម​រាជធានី-ខេត្ត ឲ្យ​រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែ​ប្រចាំ​រាជធានី-ខេត្ត រៀងៗ​ខ្លួន លើ​មុខ​វិជ្ជា អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហង់ជួន ណារ៉ុន ពុំ​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់​លាស់ នៃ​ការ​ផ្អាក​ការ​ប្រឡង​នេះ ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ ខែមករា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី ឃួន វិច្ឆិកា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មូលហេតុ នៃ​ការ​ផ្អាក​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស គឺ​ក្រសួង​កំពុង​ផ្ដោត​លើ​ការងារ​លើក​កម្ពស់​សាលារៀន​គ្រប់​កម្រិត ឲ្យ​ក្លាយ​ទៅ​ជា​ស្តង់ដារ​សាលា​គំរូ និង​លើក​កម្ពស់​គុណភាព​អប់រំ និង​ការ​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ជាដើម។

រី​ឯ​លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ គួរតែ​បញ្ជាក់​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ និង​អាច​ទទួល​យក​បាន ចំពោះ​ការ​ផ្អាក​ការរៀបចំ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​នៅ​ពេល​នេះ។

លោក រ៉ុង ឈុន៖«ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ដូចជា​ការ​បង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា ហើយ​ធ្វើការ​នៅ​សមាគម​គ្រូ​បង្រៀន​មក​ជា​យូរ​មក​ហើយ បច្ចុប្បន្ន​នៅ​តែ​ជា​ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន យើង​មើល​ឃើញ​ថា ត្រូវ​តែ​មាន​កម្មវិធី​ប្រកួត​ប្រជែង​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​ជាតិ​បន្ត​ទៀត មិន​ត្រូវ​លុប​ចោល​នោះ​ទេ។ បើ​លុប​ចោល​ក៏​ត្រូវ​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​ផង​ដែរ ដើម្បី​ឲ្យ​អាណាព្យាបាល និង​សិស្សានុសិស្ស បាន​ជ្រាប​ព័ត៌មាន​នេះ​ឲ្យ​បាន​ច្បាស់លាស់»។

កាល​ពី​ឆ្នាំ២០២៤ ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​ភាសាខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី៩ និង​ទី១២ ដែល​មាន​បេក្ខជន​ចូលរួម​ចំនួន ៤៨០នាក់ ។ ការ​ប្រឡង​នេះ ជ្រើសរើស​សិស្ស​ជ័យលាភី ចំនួន ១០នាក់ មក​ពី​គ្រប់​មុខ​វិជ្ជា ដើម្បី​ទទួល​បាន​របស់​អនុស្សាវរីយ៍ ដូច​ជា​ពាន​រង្វាន់ លិខិត​សរសើរ និង​ថវិកា​អម​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។