ថៃ​លើកលែង​ថ្លៃ​ឯកសារ​ចេញ​ក្រៅ​ប្រទេស​ចំពោះ​ពលករ​បី​សញ្ជាតិ​រួម​ទាំង​កម្ពុជា ក្នុង​រដូវ​ចូលឆ្នាំ

0:00 / 0:00

ក្រសួង​ការងារ​ថៃ​បាន​ប្រកាស​លើកលែង​យក​ថ្លៃ​វាយ​ត្រា​លើ​ឯកសារ​ចេញ​ក្រៅ​ប្រទេស របស់​ពលករ​បរទេស ចំនួន​បី​សញ្ជាតិ រួមមាន កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ក្នុង​ទេសកាល​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ​បរទេស។ តែ​យ៉ាងណា ពលករ​ខ្មែរ នៅតែ​បារម្ភ​ពី​ការ​យក​ថ្លៃ​លើ​ឯកសារ​របស់​អាជ្ញាធរ​ខ្មែរ​ទៅ​វិញ និង​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​ព្រំដែន ដោយសារ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ ក្នុង​ការ​បំពេញ​ឯកសារ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​គ្រប់គ្រង​ពលករ​បរទេស (MPT) ថៃ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលករ​មាន ៣​សញ្ជាតិ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ រួមមាន កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា(Myanmar) ត្រឡប់​មក​ប្រទេស​កំណើត ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ដោយ​មិន​អស់​ថ្លៃ​លើ​ឯកសារ​ចេញចូល​ឡើយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ថៃ កាលពី​ថ្ងៃទី១១ ខែ​មីនា ឱ្យ​ដឹង​ថា ការ​អនុគ្រោះ​លើ​ថ្លៃ​វាយ​ត្រា​ចេញ (Re-Entry Permit) ១ខែ​កន្លះ គឺ​ចាប់ពី​ថ្ងៃទី១ ខែ​មេសា រហូត​ដល់​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៥ ហើយ​ការ​ផ្ដល់​ជូន​នេះ គឺ​សម្រាប់​ពលករ​ដែល​ធ្វើការ​ស្របច្បាប់ ដោយ​ពួកគេ​អាច​ធ្វើដំណើរ​ចេញ​ពី​ប្រទេស​ថៃ​បាន ដោយ​មិន​ចាំបាច់​ស្នើសុំ វាយ​ត្រា​ចេញ​ទេ។

ថៃ​លើក​ទឹក​ចិត្តពលករ​បរទេស

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក ភិផាត់ រ៉ាតឆាគីតប្រាកាន(Pipat Ratchakitprakarn) បាន​បញ្ជាក់​ថា ការ​លើកលែង​ថ្លៃ​ឯកសារ ចំពោះ​ពលករ​នៃ​ប្រទេស​ជិតខាង​នេះ គឺ​ដើម្បី​រួមចំណែក​កាត់បន្ថយ​បន្ទុក​ការ​ចំណាយ​របស់​ពលករ​ចំណាកស្រុក ដែល​មាន​បំណង​ធ្វើដំណើរ​ត្រឡប់​ទៅ​លេង​គ្រួសារ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី។ លោក​បន្ត​ថា ការ​លើកលែង​នេះ គឺជា​ការ​ផ្ដល់​សិទ្ធិ និង​អត្ថប្រយោជន៍​សមស្រប សម្រាប់​ពលករ​ចំណាកស្រុក ដើម្បី​ឱ្យ​ពួកគេ​មាន​កម្លាំងចិត្ត នៅ​ពេល​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ពីព្រោះ​ពលករ​គឺជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ថៃ។

យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ​រូប​នេះ បាន​រម្លឹក​ឱ្យ​ពលករ​បរទេស ត្រូវ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​ថៃ​វិញ ឱ្យ​បាន​មុន​ការ​កំណត់ បើ​មិន​ដូច្នេះ​ទេ ពលករ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ទទួល​បាន​ការ​លើកលែង ហើយ​ត្រូវ​ធ្វើ​ឯកសារ​ថ្មី​ឡើងវិញ។

ទោះជា​បែបនេះ​ក្ដី ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ លោក សុខ គឹមឡាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១២ ខែ​មីនា ថា ការ​លើកលែង​យក​ថ្លៃ​ធ្វើ​ឯកសារ​ចេញពី​ប្រទេស​ថៃ របស់​អាជ្ញាធរ​ថៃ គឺជា​ការ​សម្រាល​បន្ទុក​មួយ​របស់​ពលករ ប៉ុន្តែ​លោក​អះអាង​ថា ពលករ​ខ្មែរ​នៅតែ​ត្រូវ​ចំណាយ​ច្រើន ដោយសារ​មន្ត្រី​ខ្មែរ នៅ​ច្រក​ទ្វារ​ព្រំដែន ទារ​ថ្លៃ​ឯកសារ​ផ្សេងៗ និង​ចំណាយ​ទៅ​លើ​ការ​ដឹកជញ្ជូន​ឥវ៉ាន់​តាម​រថយន្ត ដែល​ពលករ​អះអាង​ថា ជា​ភ្នាក់ងារ​របស់​មន្ត្រី​ច្រក​ព្រំដែន ដែល​មាន​តម្លៃ​ថ្លៃ​ជាង​កម្មករ​អូស​រទេះ។

លោក សុខ គឹមឡាង៖«តាំងពី​លើក​មុន នៅ​ពេល​យើង​ចុះ​ទៅ(ព្រំដែន)គឺ​ធម្មតា ប៉ុន្តែ​នៅ​ពេល​យើង​ឡើង​មកវិញ គឺ​គេ(មន្ត្រី​ច្រក​ទ្វារ)មាន​វិធានការ​របស់​គេ ដើម្បី​គាប​ស៊ី​លុយ​យើង​ដូចតែ​គ្នា​ទេ។ អ៊ីចឹង​រូបភាព​ហ្នឹង គឺ​នៅតែ ដដែលៗ មើល​ទៅ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ផង។ ដូច​នៅតែ​ដូច»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា លោក កត្តា អ៊ន និង​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី១២ ខែ​មីនា។

រដ្ឋាភិបាល​ថៃ​បាន​លើកលែង​ថ្លៃ​ឯកសារ​ចេញ​ក្រៅ​ប្រទេស របស់​ពលករ​នៃ​ប្រទេស​ជិតខាង​នេះ អស់​រយៈពេល ២ឆ្នាំ​ជាប់គ្នា​មក​ហើយ។ ចំពោះ​ការ​លើកលែង​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បាន​អះអាង​ថា គឺ​ដោយសារ​មេដឹកនាំ​កម្ពុជា បាន​ស្នើសុំ​ពី​រដ្ឋាភិបាល​ថៃ។ ក៏ប៉ុន្តែ តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ បញ្ជាក់​ថា ការ​លើកលែង​នេះ គឺ​ដើម្បី​សម្រាល​បន្ទុក​ការ​ចំណាយ និង​ជា​កាដូ លើកទឹកចិត្ត សម្រាប់​ពលករ​បរទេស ដែល​មាន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ដូចគ្នា​នឹង​ប្រទេស​ថៃ។

​មន្ត្រី​សង្គមស៊ីវិល​ស្នើ​ឱ្យមន្រ្តី​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​សម្រួល​ឯកសារ​ដល់​ពលករ​ឱ្យ​បាន​លឿន

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ស្នើ​ឱ្យ​ក្រសួង​ការងារ និង​មន្រ្តី​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ជួយ​សម្រួល​លើ​ការ​ចេញ​ឯកសារ​ដល់​ពលករ​ឱ្យ​បាន​លឿន និង​ទម្លាក់​តម្លៃ​ថ្លៃ​ដឹកជញ្ជូន​ឥវ៉ាន់​ឆ្លងកាត់​ច្រក​ទ្វារ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលករ និង​បង្ការ​កុំ​ឱ្យ​កកស្ទះ។

លោក លឹង សុផុន៖«ច្រក​ព្រំដែន​ដីគោក​ហ្នឹង វា​មាន​ច្រើន។ ប្រសិន​ជា​មាន​ការ​សម្រួល​ជួយ​ដល់​ពួកគាត់ ខ្ញុំ​គិត​ថា មិន​ជា​ពិបាក ឬ​កកស្ទះ​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​មិន​យកចិត្តទុកដាក់​នោះ​ទេ ធ្វើ​ឱ្យ​គាត់​កកស្ទះ និង​រង់ចាំ​យូរ ធ្វើ​ឱ្យ​គាត់​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចេញចូល។ នេះ​ហើយ​ដែល​ជា​បញ្ហា។ ហើយ​ប្រសិនបើ​គ្មាន​ការ​ដោះស្រាយ​ទេ ខ្ញុំ​ជឿ​ថា​នៅ​តែ​មាន​ការ​កកស្ទះ​ដូច​ពេល​កន្លង​ទៅ​អ៊ីចឹង»។

អត្ថបទ​ដែល​ទាក់ទង៖

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​​​​ថៃ​​ជា​ច្រើន​​ចាញ់​បោក​មេ​ខ្យល់ ​​ឱ្យ​បង្កើត​គណនី​ធនាគារ​​​ថៃ​​ លក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​​​​​ឆបោក​តាម​​អនឡាញOpens in new window ]

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​អំពី​ការ​ត​លិខិត​ធ្វើការ ត្រូវ​ចំណាយ​លុយ​ច្រើន​ឱ្យ​ទៅ​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស​នៅ​ព្រំដែនOpens in new window ]

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ចោទ​មន្ត្រី​​ខ្មែរ​នៅ​ប៉ោយប៉ែត​ថា គប់គិត​ជាមួយ​ថៃ​គំរាម​យកលុយ​ពួកគាត់Opens in new window ]

ពលករ​ខ្មែរ​អះអាង​ថា កន្លងទៅ មន្ត្រី​ច្រក​ព្រំដែន​របស់​កម្ពុជា បាន​យក​លុយ​ពី​ពួកគាត់ ក្នុង​ម្នាក់ ៥០០បាត ឬ​ជាង ១០ដុល្លារ នៅ​ពេល​ឆ្លងដែន​ចូល​ទៅ​ថៃ ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ខណៈ​មន្ត្រី​អន្តោប្រវេសន៍​មិន​បាន​ពិនិត្យ និង​វាយ​ត្រា​លើ​ឯកសារ​របស់​ពលករ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​វីសា​របស់​ពួកគាត់ ត្រូវ​ខូច​សុពលភាព និង​ត្រូវ​ធ្វើ​វីសា ឬ​ទិដ្ឋាការ​ថ្មី​ម្ដងទៀត ដោយ​ចំណាយ​ប្រាក់ ២ម៉ឺន ៥ពាន់បាត ឬ​ជិត ៧០០ដុល្លារ។ បញ្ហា​មួយទៀត​នោះ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​កកស្ទះ នៅ​ច្រក​ទ្វារ​ព្រំដែន ដោយសារ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​បំពេញ​ទិដ្ឋាការ​ចេញចូល(Re-entry Visa) ដែល​ធ្វើ​ឱ្យ​ពលករ ជាប់​នៅ​កន្លែង​បំពេញ​ឯកសារ​រយៈពេល​មួយ​ថ្ងៃ និង​ខ្លះ​ទៀត​ជាប់​ពីរ​ថ្ងៃ រហូត​ធ្វើ​ឱ្យ​ពួកគាត់​សម្រាក​នៅ​កន្លែង​តម្រង់​ជួរ និង​នៅ​កន្លែង​បំពេញ​ទិដ្ឋាការ​ចេញចូល​នោះ​តែម្ដង។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២៤ ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ១លាន ៣សែននាក់ (១,៣៨លាននាក់) រួមមាន នៅ​ប្រទេស​ថៃ(Thailand) កូរ៉េខាងត្បូង (South Korea) ជប៉ុន(Japan) ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore) ជាដើម។ ក៏ប៉ុន្តែ មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើង​ថា ចំនួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​សរុប​ជិត ៣លាន​នាក់ ក្នុង​នោះ មាន​ជាង ២លាននាក់ កំពុង​កាន់​វីសា​ការងារ ដែល​អស់​សុពលភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។