នាវា​ចម្បាំង​អាមេរិក​​ចូល​ចត​នៅ​កម្ពុជា ក្រោយ​ខកខាន ៨ ឆ្នាំ

នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​របស់​កម្ពុជា ក្រោយ​ពី​ខកខាន​អស់​រយៈ​ពេល ៨​ឆ្នាំ។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៣ ធ្នូ ថា ការ​ចូល​ចត​របស់​នាវា​ចម្បាំង​អាមេរិក​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព ព្រមទាំង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ ក្រសួង​បញ្ជាក់​ទៀត​ថា សកម្មភាព​ដែល​គ្រោង​ទុក រួម​មាន​ជំនួប​រវាង​គណៈ​ប្រតិភូ​នាវា​ចម្បាំង​អាមេរិក​ជាមួយ​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម និង​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង​កម្មវិធី​ប្រកួត​កីឡា​មិត្តភាព​រវាង​ក្រុម​នាវិក​អាមេរិក​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។

ចាប់​តាំង​ពី​ឆ្នាំ២០០៧ មក នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កម្ពុជា​ចំនួន ២៧ គ្រឿង ហើយ​គម្រោង​ចូល​ចត​របស់​នាវា (USS Savannah) ឬ LCS 28 នេះ ជា​លើក​ដំបូង​ហើយ​សម្រាប់​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន កាល​ពី​ឆ្នាំ២០១៩ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​កំពង់ផែ​ទ័ព​ជើង​ទឹក​រាម។

ភាគី​កម្ពុជា និង​ចិន​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ជាច្រើន​ដង ប៉ុន្តែ​មន្ទិល​សង្ស័យ​ជុំវិញ​រឿង​នេះ​នៅតែ​មាន ដោយសារ​ភាគី​ចិន​ជា​អ្នក​ជួយ​រដ្ឋាភិបាល​កម្ពុជា​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដែល​មាន​សន្ទុះ​ខ្លាំងក្លា​នា​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។