ពលរដ្ឋកើតជំងឺរបេងនៅខេត្តកណ្ដាលមួយចំនួនជួបការលំបាកក្រោយរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ

ពលរដ្ឋដែលកើតជំងឺរបេងនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជួបការលំបាក ក្រោយរដ្ឋាភិបាលថ្មីសហរដ្ឋអាមេរិក ប្រកាសផ្អាកផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល៩០ថ្ងៃ គិតចាប់តាំងពីចុងខែមករាមក។ ពលរដ្ឋលើកឡើងថា ថ្នាំដែលផ្ដល់តាមរយៈជំនួយរបស់អាមេរិក បានធ្វើឱ្យជំងឺរបស់ពួកគាត់បានធូរស្រាល ហើយប្រាក់ឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក៏បានជួយជីវភាពបានមួយផ្នែកដែរ។ ពួកគាត់ព្រួយបារម្ភថា ប្រសិនបើការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកបន្តអូសបន្លាយទៀត ជំងឺរបស់ពួកគាត់អាចត្រឡប់ទៅជាធ្ងន់ធ្ងរឡើងវិញ។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជាជាង ៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍប្រទេស ក្នុងនោះជំនួយមួយផ្នែកផ្ដោតលើការពង្រឹងវិស័យអប់រំ និងសុខាភិបាល៕