រំលងទៅមាតិកាចម្បងតុលាការសម្រេចផ្ដន្ទាទោសលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយ
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូនេះ សម្រេចផ្ដន្ទាទោសប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន៤លានរៀល ឬស្មើប្រមាណ ១ពាន់ដុល្លារអាមេរិក ព្រមទាំងដកសិទ្ធិមិនឱ្យបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត។ លោក ស៊ុន ចន្ធី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីខែឧសភា ដោយចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ពាក់ព័ន្ធនឹងការរិះគន់របស់លោកជុំវិញការចែកប័ណ្ណក្រីក្ររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានតម្លាភាព។