អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ក្រោម​ហេតុផល​លើស​ចំនួន​កំណត់

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្រោម​ហេតុផល​ថា ពលរដ្ឋ​ចូលរួម​ហែ​ក្បួន​លើស​ចំនួន​កំណត់ ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត ៥០​នាក់។ ទោះ​យ៉ាងណា​អាជ្ញាធរ​​មិន​អាច​រារាំង​ក្បួន​ធម្មយាត្រា​ នៅ​ចំណុច​ភូមិ​ស្វាយអាត់ ឃុំ​ស្នាមព្រះ ស្រុក​បាកាន នៅ​ព្រឹក​ថ្ងៃទី៧ កុម្ភៈ ទេ ដោយសារ​ពួកគាត់​ជំនះ​រួមគ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​​រូប​សំណាក​លោកតា​ឃ្លាំងមឿង ដែល​ជា​ថ្ងៃ​បញ្ចប់​ធម្មយាត្រា​។ ក្បួន​ធម្មយាត្រា​នេះ​ដើម្បី​លើក​ស្ទួយ​សីលធម៌​សង្គម ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​​ខ្លាំង​ មាន​រយៈពេល ៧​ថ្ងៃ​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃទី១ កុម្ភៈ ពី​ចំណុច​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ រាជធានី​ភ្នំពេញ។ រយៈ​ពេល ១​សប្ដាហ៍​នេះ ក្បួន​ធម្មយាត្រា​បាន​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​រហូត​មក៕