រំលងទៅមាតិកាចម្បងសហជីព និងមន្ត្រីសង្គមស៊ីវិលថា សកម្មភាពការពារសិទ្ធិសហជីព មិនមែនជាបទល្មើស
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែគ្នាពាក់វ៉ែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានា រួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វ៉ែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិទមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។