រំលងទៅមាតិកាចម្បងយុវជន កែវ សុវណ្ណឫទ្ធិ ប្ដេជ្ញាទាមទាររហូតក្រសួងអប់រំទទួលយកក្របខណ្ឌរបស់ខ្លួន
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ២៥ ខែកញ្ញា បានឈរស្រែកទាមទារតវ៉ានៅខាងមុខអគារក្រសួងអប់រំយុវជន និងកីឡា និងធ្វើដំណើរដោយថ្មើរជើងទៅបួងសួងនៅព្រះអង្គដងកើ រួចបន្តដំណើរទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌។ នេះជាការតវ៉ាលើកទី៨ហើយរបស់យុវជន កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។ ក្នុងការតវ៉ានេះ លោក កែវ សុវណ្ណឫទ្ធិ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញហាមឃាត់ គំរាមកំហែង និងប្រើអំពើហិង្សាដោយវាយដំទៅលើរូបលោកផង។