កម្មកររោងចក្រសំលៀកបំពាក់ ស្តារឡៃថ៍ (Starlight) នៅខេត្តកណ្ដាលផ្ទុះការតវ៉ាក្រោយថៅកែព្យួរការងាររយៈពេល២ខែ

កម្មករបម្រើការនៅរោងចក្រកាត់ដេរ ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេតឆឺរីង ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ផ្ទុះការតវ៉ា បន្ទាប់ពីថៅកែរោងចក្រព្យួរការងារកម្មករប្រមាណ ៣ពាន់នាក់ រយៈពេល២ខែ ក្រោយពួកគេទាមទារលក្ខខណ្ឌការងារសមរម្យជូនក្រុមកម្មករ ដែលភាគច្រើនជាស្ត្រី។ ក្រុមកម្មករអះអាងថា ពួកគេទាមទារលក្ខខណ្ឌការងារ ៩ចំណុច ដោយស្នើឱ្យថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ កុំព្យួរការងារស្ត្រីមានផ្ទៃពោះ និងទូទាត់ប្រាក់សំណងឱ្យក្រុមកម្មករតាមច្បាប់ ស្ដីពីការងារ ប្រសិនបើមានការបញ្ឈប់កម្មករ និងស្នើឱ្យថៅកែរោងចក្របញ្ឈប់ប្រធានរដ្ឋបាល និងប្រធានគ្រប់គ្រង ២នាក់ ដោយសារពួកគេគាបសង្កាត់សិទ្ធិក្រុមកម្មករ។ រោងចក្រនេះ មានកម្មករធ្វើការសរុបជាង៤ពាន់នាក់ (៤.០៣១) ក្នុងនោះ ជាង ៣រយនាក់ កំពុងធ្វើការ ហើយជាង ៣០០នាក់ បានបញ្ឈប់ពីការងារ និង៧០០នាក់ កំពុងព្យួរការងារ ព្រមទាំងគ្រោងបញ្ឈប់កម្មករ ១៥០នាក់បន្ថែមទៀត ដោយសារពួកគេចេញមុខតវ៉ាទាមទារសិទ្ធិការងារ។