អតីតគរុសិស្ស ថា ក្រសួងអប់រំបោកពួកគេយកទៅប្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ ដែលទទួលរងភាពអយុត្តិធម៌ដោយការលុបឈ្មោះចេញពីសាលា និងគ្មានការបកស្រាយឱ្យបានច្បាស់លាស់នោះ បន្តទាមទាររកយុត្តិធម៌ នៅខាងមុខក្រសួងអប់រំយុវជន និងកីឡា ។ ការតវ៉ាលើកទី១៦ នៅថ្ងៃទី១១ ខែធ្នូនេះ គឺខុសប្លែកពីលើកមុនៗ ដោយការតវ៉ាលើកនេះ លោកបានរុំខ្លួននឹងទង់ជាតិកម្ពុជា និងកាន់បដាដែលមានខ្លឹមសារថា «ក្រសួងអប់រំបោកប្រាស់យុវជនអស់រយៈពេល១ខែ ហើយមិនព្រមចេញមកបកស្រាយ»។ លោក កែវ សុវណ្ណឫទ្ធិ អះអាងថា កន្លងមកក្រសួងអប់រំបញ្ចុះបញ្ចូលឲ្យលោកទទួលយកអាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០ភាគរយ រៀននៅសាកលវិទ្យាល័យរយ:ពេល ៤ ឆ្នាំ និងធ្វើការងារជាមន្រ្តីកិច្ចសន្យានៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជាថ្នូរ នឹងការបញ្ឈប់ឈរតវ៉ា។ ទោះជាយ៉ាងណាសំណើទាំងពីរចំណុចនេះ ត្រូវបានលោក កែវ សុវណ្ណឫទ្ធិ បដិសេដ ដោយលោកសុំត្រឹមតែក្រសួងអប់រំបកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះលោកចេញពីវិទ្យាស្ថានជាតិអប់រំកាយប៉ុណ្ណោះ។