អង្គការជាតិនិងអន្តរជាតិ៧០ស្ថាប័នទាមទារឲ្យលោក ហ៊ុន ម៉ាណែត ដោះលែងយុវជនចលនាមាតាធម្មជាតិ

អង្គការផ្នែកការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែលមកពីជុំវិញពិភពលោកចំនួន៧០ស្ថាប័ន បានដាក់លិខិតរួមគ្នាទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីអំពាវនាវឲ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំងពីរ៥នាក់ជាបន្ទាន់ ពីព្រោះអង្គការទាំងនោះលើកឡើងថា ការកាត់ទោសសកម្មជនទាំងនេះ ធ្វើឡើងទាំងគ្មានភស្ដុតាងរឹងមាំ និងប្រាសចាកពីច្បាប់ជាតិ និងអន្តរជាតិ។

ក្រុមអង្គការជាតិ និងអន្តរជាតិបានលើកឡើងនៅក្នុងលិខិតដាក់ទៅលោក ហ៊ុន ម៉ាណែត ថា ក្រុមចលនាមាតាធម្មជាតិ បានធ្វើយុទ្ធនាការដោយសន្ដិវិធីដើម្បីការពារបរិស្ថាន តាមរយៈការលើកម្ពស់ការយល់ដឹងទៅដល់ពលរដ្ឋតាមបណ្ដាញសង្គម និងអំពាវនាវឲ្យទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបូមខ្សាច់ខុសច្បាប់ ការបញ្ចេញទឹកកខ្វក់ចូលទន្លេ និងសមុទ្រ ការសាងសង់ទំនប់វារីអគ្គិសនី និងការបំផ្លាញដីសើមជាដើម ខណៈបញ្ហាទាំងអស់នេះ ត្រូវបានរកឃើញថា សុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលនាំឲ្យបាត់បង់ចំណូលជាតិ ហើយត្រូវការជាចាំបាច់នូវអភិបាលកិច្ចល្អ។

អង្គការអន្តរជាតិ៧០ស្ថាប័នដាក់លិខិតទៅលោក ហ៊ុន ម៉ាណែត ឲ្យដោះលែងយុវជនចលនាមាតាធម្មជាតិ អង្គការទាំងនោះថា យុវជនមាតាធម្មជាតិ ធ្វើសកម្មភាពដោយសន្ដិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

លិខិតដដែលបន្តថា ក្រុមចលនាមាតាធម្មជាតិ បានអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្ដិវិធី តាមរយៈការបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នាដើម្បីការពារបរិស្ថាននៅកម្ពុជា ដែលទៅស្របតាមអនុសញ្ញាស្ដីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់សច្ចាប័នដែរ លើសពីនេះ ក្រុមយុវជនទាំងនោះ ក៏មិនបានញុះញង់ឲ្យមនុស្សប្រព្រឹត្តអំពើហិង្សា ដែលជាទង្វើខុសច្បាប់ឡើយ។

ក្រុមអង្គការទាំងនោះ បានបន្តថា ការបំបែកក្រុមចលនាមាតាធម្មជាតិ ឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលផ្សេងៗពីគ្នា និងមានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្រួសារ និងការបដិសេធបណ្ដឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ រួមទាំងការពន្យារពេលនិតីវិធីរបស់សាលាឧទ្ធរណ៍ គឺបានរំលោភទាំងសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយសេរីនិងយុត្តិធម៌ និងទាំងសិទ្ធិសន្មតថាគ្មានទោសផងដែរ។

ការដាក់លិខិតនេះ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានជូនដំណឹងកាលពីខែឧសភា ស្ដីពីការពន្យារពេលបើកសវនាការជំនុំជម្រះក្ដីលើបណ្ដឹងរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់ ដើម្បីជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន និងបានឃុំខ្លួនពួកគេតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ ដែលកំពុងជាប់ឃុំរួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី  និងលោក យីម លាងហ៊ី។

ក្រុមអង្គការទាំង៧០ស្ថាប័នបានបញ្ជាក់ទៀតថា កម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលគ្រោងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៦នេះ ហើយពួកគេបានទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រូវទទួលស្គាល់ថា បញ្ហាសិទ្ធិមនុស្ស ការការពារបរិស្ថាន និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមជាសកលដ៏សំខាន់ ដែលក្រុមមេដឹកនាំពិភពលោក នឹងលើកឡើងពីបញ្ហាទាំងអស់ហ្នឹង នៅក្នុងកិច្ចប្រជុំកំពូលនេះ ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវធ្វើសកម្មភាពឲ្យស្របតាមស្មារតីនេះ ហើយត្រូវដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ឲ្យបានមុខកិច្ចប្រជុំកំពូលនេះកើតឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។