រដ្ឋាភិបាលថៃ កំពុងពិចារណាសាងសង់ជញ្ជាំងនៅតាមផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសកម្ពុជា។ គម្រោងសាងសង់ជញ្ជាំងតាមព្រំដែនរបស់ភាគីថៃនេះ គឺដើម្បីដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ជាពិសេសប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងក្រុមជនល្មើសរត់ពន្ធគ្រឿងញៀនជាដើម ដែលមានប្រភពចេញមកពីទឹកដីកម្ពុជា។
ទោះជាយ៉ាងណា ភាគីកម្ពុជាហាក់នៅរក្សាភាពស្ងៀមស្ងាត់ជុំវិញរឿងនេះនៅឡើយ ខណៈវិបត្តិនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងបន្តញាំញីកាន់តែខ្លាំងមកលើសង្គមកម្ពុជាដែលដឹកនាំដោយរដ្ឋាភិបាលនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត។ រដ្ឋាភិបាលនេះរងនូវការរិះគន់ពីមជ្ឈដ្ឋាននានាថា កំពុងធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាអាប់ឱន និងអាម៉ាស់នៅលើឆាកអន្តរជាតិ ដោយសារតែត្រូវក្រុមឧក្រិដ្ឋជនជាពិសេសជនជាតិចិនមួយចំនួន យកទៅប្រើប្រាស់ធ្វើជាឈ្នាន់សម្រាប់ប្រព្រឹត្តអំពើឆបោកលុយពីពិភពលោកក្នុងទំហំទឹកប្រាក់វាល់លានដុល្លារ ជាថ្នូរនឹងការប្រព្រឹត្តអំពើពុករលួយយកមានបានរបស់ក្រុមមន្ត្រីខ្មែរមួយចំនួន ជាពិសេសមនុស្សស្និទ្ធនឹងត្រកូល «ហ៊ុន»។ អង្គការសហប្រជាជាតិ ធ្លាប់រកឃើញថា យ៉ាងហោចណាស់មានមនុស្ស១សែននាក់បានក្លាយជាជនរងគ្រោះដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។