អគ្គីភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែងឈ្មោះ មីតណាយ ព្រីមៀរ (Midnight Premier) ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆក់យកជីវិតមនុស្សចំនួន២នាក់ និងបណ្ដាលឲ្យមនុស្សចំនួន៥នាក់ផ្សេងទៀត រងរបួសធ្ងន់។
ក្រុមការងារព័ត៌មាន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅរសៀលថ្ងៃទី៥ កុម្ភៈថា មូលហេតុ នៃអគ្គីភ័យនេះ គឺបណ្ដាលមកពីជាងផ្សាដែកនៅក្នុងក្លឹបបង្កជាការឆ្លងចរន្តអគ្គិសនី និងធ្វើឲ្យឆេះក្លឹបកម្សាន្តនេះ ដែលមានបណ្ដោយ៤០ម៉ែត្រ និងទទឹង៣៥ម៉ែត្រ ហើយឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់មួយបន្ទប់ទៀត។
ទូរទស្សន៍ជាតិកម្ពុជា ផ្សាយថា ជនរងគ្រោះភេទប្រុសទាំង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ឬហៅថា ពេទ្យលោកសង្ឃ មានឈ្មោះ មិន រតន អាយុ៣៥ ឆ្នាំ ឈ្មោះ រី ប៊ុនធីម អាយុ៣០ឆ្នាំ ឈ្មោះ សាយ ភារា អាយុ២៦ឆ្នាំ ឈ្មោះ មួន មករា អាយុ២១ ឆ្នាំ និងឈ្មោះ ថេង ថៃ អាយុ ២០ឆ្នាំ។ ចំណែកឯជនរងគ្រោះចំនួន២នាក់ ដែលបានបាត់បង់ជីវិត នៅពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់អំពីអត្តសញ្ញាណរបស់ពួកគាត់ឡើយទេ។
នេះមិនមែនជាលើកទី១ឡើយដែលហេតុការណ៍អគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត ហើយបណ្ដាលឲ្យមានមនុស្សរងរបួស និងបាត់បង់ជីវិត។ កាលពីខែកក្កដា ឆ្នាំ២០២៣ ហេតុការណ៍អគ្គីភ័យឆាបឆេះ ខារ៉ាអូខេ និងសណ្ឋាគារ យីហោ ៦៩៦៩ ឃីស អ៊ីនធឺធិនមែន (6969 Kiss Entertainment) បានឆក់យកជីវិតជនរងគ្រោះចំនួន ៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។