អ្នក​ជំនាញ​ថា ពលរដ្ឋ​ជា​ច្រើន​កំពុង​ជួប​វិបត្តិ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ

0:00 / 0:00

អ្នក​ជំនាញ​​​ផ្នែក​សុខាភិបាល និង​​សុខភាព​​ផ្លូវ​ចិត្ត​​លើក​ឡើង​ថា បច្ចុប្បន្ន​​​​​​​មាន​ពលរដ្ឋ​​​​ កាន់​តែ​​​ច្រើន​​​ជួប​វិបត្តិ​​ផ្លូវ​ចិត្ត​ធ្ងន់ ​​​និង​ស្រាល​​​ ​ដោយ​សារ​តែ​​​​បញ្ហា​សេដ្ឋកិច្ច​​ គ្រួសារ​ខ្វះ​ខាត​ ជំពាក់​បំណុល​ និង​វិបត្តិ​​​សង្គម​​ផ្សេងៗ ខណៈ​ដែល​​​​រដ្ឋាភិបាល​ ​​​នៅ​មិន​​​​ពុំ​ទាន់​​​ដោះ​ស្រាយ​​​​​​បញ្ហា​នេះ​​​ឱ្យ​មាន​​ប្រសិទ្ធភាព​​នោះ​ទេ។ ពួក​គាត់​​​ថា វិបត្តិ​ផ្លូវ​ចិត្ត​នេះ​​ជា​បញ្ហា​ធំ​​ដែល​​​​​​រដ្ឋាភិបាល​​​ត្រូវ​ទទួល​ខុសត្រូវ​ព្រោះ​​ពាក់ព័ន្ធ​នឹង​​​​អាយុ​ជីវិត​​​ពលរដ្ឋ។

បើទោះ​បី​ជា​​​​នាយករដ្ឋមន្ត្រី​​​​ លោក ហ៊ុន ម៉ាណែត និង​​​ប្រធាន​ព្រឹទ្ធសភា​​​​​​ ​​លោក ហ៊ុន សែន តែងតែ​បង្ខំ​ឱ្យ​ពលរដ្ឋ​រីករាយ​ជាមួយ​​ការដឹកនាំ​ក្រោម​ម្លប់​សន្តិភាព​របស់​ពួក​លោក​​ក្ដី ក៏​កាល​​ពី​ថ្មីៗ​នេះ​ ​​​​ក្រសួង​សុខាភិបាល​​រក​ឃើញ​ថា ពលរដ្ឋ​​​​​ជិត ៣សែន​​នាក់​​មាន​វិបត្តិ​ផ្លូវ​ចិត្ត​​​ក្នុង​ឆ្នាំ​២០២៤។ ទន្ទឹម​នឹង​នោះ​ អ្នក​ជំនាញ​​បារម្ភ​ថា វិបត្តិ​ផ្លូវ​ចិត្ត​​ ​នឹង​ប៉ះពាល់​​​ដល់​អាយុ​ជីវិត​​​​​ពលរដ្ឋ​ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​​គ្រួសារ​​​ ​គ្មាន​ចំណូល​ទៀងទាត់​ ​​​និង​ ជំពាក់​បំណុល​វ័ណ្ឌក។

វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​​​កើត​ឡើងយូរ​​ហើយ តែហាក់គ្មាន​អ្នក​អើពើ

​​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់ និង​អ្នក​ចិត្ត​សាស្ត្រ ​​លោក ហឿ សេធុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​​ បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​​ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​ រដ្ឋាភិបាល​ ​ហាក់​មិន​ពុំ​បាន​អើពើ​ ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​​ឱ្យ​មាន​ប្រសិទ្ធភាព​​នៅ​ឡើយ។ ជា​ពិសេស​ លោក​ថា វិបត្តិ​ផ្លូវ​​​ចិត្ត​​​​​​បាន​បង្ក​ជា​ជំងឺ​ឆ្លង​ដល់​​ក្មេង​ៗ​​ជំនាន់​​ក្រោយ​តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ ដែល​​​បង្ហាញ​ឱ្យ​ឃើញ​ពី​​​​ឥរិយាបថ​ ​មួម៉ៅ​ ​ធុញ​ថប់​​ ​​​​សម្ដី​​​ខឹង​ច្រឡោត និង​​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ។ លោក​បញ្ជាក់​ថា បញ្ហា​ផ្លូវ​ចិត្ត​​​​​អាច​បណ្ដាល​​​មក​ពី​កត្តា​ជា​ច្រើន ក្នុង​នោះ​​​​​​​​បញ្ហា​សង្គ្រាម​​​​​វិបត្តិ​សង្គម និង​​កត្តា​ជីវភាព​​​​ខ្វះ​ខាត​​​​​​​ ​​​ជា​ដើម។

លោក ហឿ សេធុល៖«នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​ជីវភាព​ក្រីក្រ​។ ​ភាព​អត់​ឃ្លាន​ ភាព​ខ្វះ​ខាត​ វា​ប៉ះពាល់​ទាំងអស់ ទាំង​សុខុមាលភាព​ផ្នែក​សង្គម ផ្នែក​ផ្លូវ​ចិត្ត​ និង​ផ្នែក​រាង​កាយ​គឺ​វា​ប៉ះពាល់​ទាំងអស់។ អ៊ីចឹង ទាំង​អស់​នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ពី​ផល​ប៉ះពាល់។ អ៊ីចឹង​ចង់ មិន​ចង់​វា​ពាក់ព័ន្ធ​គ្នា​ទាំង​អស់»។

លោក ហឿ សេធុល បន្ត​ថា បញ្ហា​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​សព្វថ្ងៃ មាន​ចាប់​ពី​​​​​​វ័យ​​​​​​​ចន្លោះ ១៩ ទៅ ២០​ឆ្នាំ​ឡើង ព្រោះ​​ ​គឺ​ជា​វ័យ​ដែល​​ត្រូវ​​​ទទួល​បន្ទុក​​​​គ្រួសារ។ ទន្ទឹម​នឹង​នោះ​ ​លោក​សង្កេត​ឃើញ​ថា សេវា​​ព្យាបាល​​ជំងឺ​ផ្លូវ​ចិត្ត​​នៅ​កម្ពុជា នៅ​មាន​តិច​តួច​​​ ហើយ​​ពុំ​ទាន់​​មាន​ប្រសិទ្ធភាព​​​ ​បាន​ទូលំទូលាយ​នោះ​ដែរ។ លោក​បន្ត​ថា ពលរដ្ឋ​​ខ្លះ​​​​​ ដឹង​ថា​ខ្លួន​​​​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​​ ​​​​តែ​​​ពួក​គាត់​ ​ហាក់​ភ័យ​ខ្លាច​ទៅ​ព្យាបាល ព្រោះ​​​​​​​មិន​ដឹង​ថា ត្រូវ​​​​​​​​​ព្យាបាល​នៅ​ទី​ណា​ ​ឬ​របៀប​ណា។ រីឯ​​​​​​​​នៅ​តាម​មន្ទីរពេទ្យ​​ រដ្ឋ​​​​​​ឱ្យ​​​ត្រឹម​តែ​​​ថ្នាំ​​លេប​ដោយ​ពុំ​មាន​សេវា​​​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ ​មិន​ងាយ​ជា​​សះស្បើយ​​​​​​​នោះ​ទេ។

លោក ហឿ សេធុល៖«ហាក់​ដូច​ជា​ការ​យល់ដឹង​ទាក់ទង​ទៅ​នឹង​ការ​ប្រឹក្សាយោបល់​ផ្នែក​ផ្លូវ​ចិត្ត​នឹង​នៅ​មាន​កម្រិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​នៅឡើយ។ ចំណុច​មួយ​ទៀត ខ្ញុំ​នៅ​មិន​ទាន់​ឃើញ​ថា តើ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​បង្កើត​ធនធាន​ផ្នែក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ហ្នឹង​បាន​ក្នុង​កម្រិត​ណា​?​យើង​អត់​ទាន់​ឃើញ​ថវិកា ផែនការ យុទ្ធសាស្ត្រ​ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ប្រឹក្សា​ផ្លូវ​ចិត្ត​នឹង​បាន​ទៅ​ទូលំទូលាយ​ដែរ»។

ក្រសួងបង្ហាញរបាយការណ៍​ពលរដ្ឋ​មាន​ជំងឺផ្លូវចិត្ត

នៅ​ថ្ងៃ​ទី៣ ខែ​មីនា ក្រសួង​សុខាភិបាល​ ​បាន​ចេញ​របាយការណ៍​​​បង្ហាញ​ថា ករណី​​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​​​ មាន​ជិត ៣​សែន (២៨២.៦១៥)នាក់ ក្នុង​ឆ្នាំ​២០២៤ បើ​​ធៀប​នឹង​ឆ្នាំ​២០២៣ អ្នក​ជំងឺ​មាន​ត្រឹម​ជាង​៨​ពាន់ (៨.៧៩២) នាក់​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​បញ្ហា​ផ្លូវ​ចិត្ត​​លើក​ឡើង​ថា ការ​បង្ហាញ​​​​ពី​អត្រា​អ្នក​​មាន​ជំងឺ​​ផ្លូវ​ចិត្ត​​​របស់​ក្រសួង​​ បាន​ត្រឹម​តែ​មួយ​ជ្រុង​នៃ​អ្នក​​ដែល​​​មក​ប្រើ​ប្រាស់​ ​សេវា​ព្យាបាល​​​​ប៉ុណ្ណោះ ប៉ុន្តែ​ ​​​ជាក់ស្ដែង​​ ​មាន​​ពលរដ្ឋ​​​​​​ជា​ច្រើន​កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​​​​​ ប៉ុន្តែ​មិន​ហ៊ាន​មក​ព្យាបាល​​​ រហូត​​​អ្នក​ខ្លះ​ ​​ហ៊ាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ឈាង រ៉ា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណា​ទាក់ទិន​រឿង​នេះ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ថ្លែង​ក្នុង​កម្មវិធី​សន្និបាត​របស់​ក្រសួង​សុខាភិបាល​លើក​ទី​៤៤ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អត្រា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​២០២៤ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ លោក​ថា ករណី​នេះ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​សេវា​ព្យាបាល​នៅ​មន្ទីរ​សុខាភិបាល ដែល​ធ្វើ​ឱ្យ​ពួក​គាត់ មក​ប្រើ​ប្រាស់​សេវា​ព្យាបាល​ច្រើន ទើប​ធ្វើ​ឱ្យ​អត្រា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ហាក់​មាន​ច្រើន​ជាង​មុន។

ទាក់ទិន​រឿង​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​មួយ​នេះ​​ លោក ខឹម មុនីកុសល យល់​ឃើញ​ថា​ បញ្ហា​ដែល​ពលរដ្ឋ​​មាន​វិបត្តិ​ផ្លូវ​​​​ចិត្ត​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​​​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ​​ អសមត្ថភាព​​ក្នុង​ការ​ដឹកនាំ​ ឱ្យ​​ពលរដ្ឋ​ ​អាច​ទទួល​បាន​​ការ​ប្រើ​ប្រាស់​សេវា​​សាធារណៈ​​បាន​ត្រឹមត្រូវ។ ជាពិសេស​​​ ​លោក​ថា​ សេវា​​​​សុខាភិបាល​​ ​គឺ​ពោរពេញ​​​ ​អំពើ​ពុករលួយ ​និង​កង្វះ​​​​គុណភាព​​​ក្នុង​ការ​ព្យាបាល​​​​ឱ្យ​បាន​ត្រឹមត្រូវ។

​កសិករ​​​​ និង​​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាតភាគច្រើន​មានបញ្ហា​ផ្លូវ​ចិត្ត​​

លោក​​បន្ថែម​ថា បច្ចុប្បន្ន​អ្នក​​​​មាន​បញ្ហា​ផ្លូវ​ចិត្ត​​ភាគ​​ច្រើន ​​កើត​​​ឡើង​មក​លើ​​អាជីវករ​​​ប្រជា​កសិករ​​​​ និង​​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ​ដោយ​សារ​តែ​ការ​ជំពាក់​បំណុល​កើន​ឡើង​​ និង​ចំណូល​គ្មាន​ស្ថិរភាព។ ទន្ទឹម​នឹង​នោះ ​​បញ្ហា​ផ្លូវ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ ក៏​​បាន​​កើត​​ឡើង​មក​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី និង​​​ អ្នក​រងគ្រោះ​ ​ពី​បញ្ហា​នយោបាយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ផង​ដែរ។ លោក​អះអាង​ថា បញ្ហា​ដែល​មាន​ពលរដ្ឋ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ច្រើន​ អាច​ជា​ចេតនា​របស់​​មេដឹកនាំ​ត្រកូល​ហ៊ុន ដែល​ចង់​បង្វែរ​ឱ្យ​ប្រជាពលរដ្ឋ​ ​លែង​​​ខ្វល់ខ្វាយ​​រឿង​​​នយោបាយ ​ និង​សង្គម​ជាតិ។

លោក ខឹម មុនីកុសល៖«ពួក​ខ្ញុំ​មិន​មើល​មិន​ឃើញ​ពី​កំណែទម្រង់​ទេ​ ព្រោះ​ពួក​គាត់​កំពុងតែ​ឃ្លាន​អំណាច​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​ពួក​គាត់​បាន​អំណាច​គាត់​ធ្វើ​អី​តាម​តែ​ចិត្ត​គាត់។ អ៊ីចឹង​ វិបត្តិ​នឹង​អត់​មាន​អី​ដោះស្រាយ​ទេ​ វា​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ​មុខ»។

កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​យូនីសេហ្វ (UNICEF)បាន​ចេញ​របាយការណ៍​រក​​ឃើញ​ថា ​​ក្នុង​ឆ្នាំ​២០២២​ ​មនុស្ស​យ៉ាង​​ហោច​ណាស់​ ជិត​៩០០ (៨៧៣) នាក់​​ បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​ដែល​ភាគ​ច្រើន​មាន​អាយុ​ចន្លោះ​ពី ១៥​ទៅ ១៩​ឆ្នាំ ដោយ​សារ​តែ​​ ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត។ ​ជាមួយ​គ្នា​នោះ​​ ​ប្រជាជន​​​​​ប្រមាណ​​កន្លះ​លាន​នាក់ ទទួល​រង​ផល​ប៉ះពាល់​​ ដោយ​វិបត្តិ​បាក់​ទឹក​ចិត្ត​​ ឬ​​​តប់ប្រមល់ ​ភ័យ​ខ្លាច​​ ​ដែល​ជា​កត្តា​ចម្បង​​ជំរុញ​ឱ្យ​ហ៊ាន​​ធ្វើ​អត្តឃាត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​​​​ មាន​​ប្រមាណ ​​៥៨​% ​​នៃ​សិស្ស​នៅ​ត្រឹម​​​ថ្នាក់​មធ្យមសិក្សា​​ឡើង​​​​ទៅ​ ​ទទួល​រង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​ ​អំឡុង​ពេល​មាន​ ​ជំងឺ​កូវីដ-១៩។

អត្ថបទដែលទាក់ទង៖

ស្ត្រី​ចំណាស់​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​ដំណោះស្រាយ​ដីធ្លី​២៥ឆ្នាំ​មក​រហូត​មាន​វិបត្តិ​ផ្លូវ​ចិត្តOpens in new window ]

អង្គការ​យូនីសេហ្វ​បារម្ភ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​យុវជន​កម្ពុជាOpens in new window ]

អ្នក​ជំនាញ​ផ្លូវចិត្ត​ស្នើ​ក្រសួង​សុខាភិបាល​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ពី​ផលវិបាក​នានា​នៅ​កន្លែង​ធ្វើការOpens in new window ]

ជាមួយ​គ្នា​នេះ​​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​លោក ហឿ សេធុល លើក​ឡើង​ថា​បច្ចុប្បន្ន​ ​វិបត្តិ​ផ្លូវ​ចិត្ត​របស់​យុវជន​ទាំង​នោះ​ ​គេ​នៅ​មិន​ទាន់​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​ជំងឺ​នេះ​បាន​រីក​រាល់​ដាល់​កាន់​តែ​ច្រើន។ លោក​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ​ ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ គួរតែ​រៀបចំ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​​​ នៅ​តាម​សាលា​រៀន​​រដ្ឋ​ទូទាំង​ប្រទេស​ក្នុង​​១​សប្ដាហ៍​ឱ្យ​បាន​ម្ដង​ ដើម្បី​ឱ្យ​ពួក​​គាត់​ស្វែង​យល់​ពី​វិបត្តិ​ផ្លូវ​ចិត្ត និង​វិធី​ដោះស្រាយ។

លោក ហឿ សេធុល៖«ក្រសួង​អប់រំ​គួរតែ​ផ្ដោត​យកចិត្តទុកដាក់​ទៅ​លើ​ផ្នែក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​តាម​សាលារៀន។ ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​ផ្លូវ​ចិត្ត​តាម​សាលា​រៀន​ ដែល​ភាសា​អង់គ្លេស​គេ​ហៅថា​guideConsult-lingឬ ​School consult-ling។ អ៊ីចឹង​ការ​ផ្ដល់​ប្រឹក្សា​យោបល់​នៅ​តាម​សាលារៀន​ក៏​មាន​សារសំខាន់​ជួយ​ដល់​យុវជន​របស់​យើង»។

អ្នក​ជំនាញ​ថា មនុស្ស​ដែល​មាន​​​​​វិបត្តិ​ផ្លូវ​ចិត្ត​ ​គឺ​​​​បង្ហាញ​​​អាការៈ​ឆាប់​ខឹង​មួម៉ៅ ឆេវឆាវ ចិត្ត​មិន​ស្ងប់​​ដេក​មិន​លក់​​​តាន​តឹង​ចិត្ត​ ​​​​អារម្មណ៍​ប្រែ​ប្រួល​លឿន​ ​ម្ដង​ត្រជាក់​ម្ដង​ក្ដៅ​​ ហើយ​ករណី​នេះ ​​​​​វា​​នឹង​​វិវត្ត​ទៅ​ជា​​ជំងឺ​​ធ្ងន់ធ្ងរ ​វង្វេងស្មារតី​​​ ប្រសិន​បើ​​មិន​​ព្យាបាល​​បាន​ទាន់​ពេល​​វេលា។ បន្ថែម​ពី​នោះ ​ពួក​គាត់​​​​បារម្ភ​ថា បច្ចុប្បន្ន​​ ​​​បើ​ទោះបីជា អត្រា​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​កើន​ឡើង ប៉ុន្តែ ក្រសួង​សុខាភិបាល ​នៅ មិន​ទាន់​មាន​​សេវា​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត ឬ​សេវា​អប់រំ​ផ្លូវ​ចិត្ត​​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​​​ការ​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​​មាន​ភាព​យឺតយ៉ាវ ​និង​​​មិនទាន់​មាន​ស្តង់ដារ ខណៈ​​​នៅ​តាម​​មន្ទីរ​ពេទ្យ​រដ្ឋ​ ​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត គឺ​​​ផ្ដល់​ជូន​​​ត្រឹម​តែ​ថ្នាំ​លេប​​​ ​ដល់​​អ្នក​មាន​វិបត្តិ​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។