អ្នកប្រកបអាជីពផលិតសម្ភារៈមរតកវប្បធម៌បុរាណ ជំរុញឱ្យរដ្ឋាភិបាល ជួយរកទីផ្សារ ជូនពួកគាត់ឱ្យបានទូលំទូលាយ ខណៈ ដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យពលរដ្ឋទូទាំងប្រទេសប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៧ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ របស់ពលរដ្ឋ និងដើម្បីចូលរួមរក្សាកេរដំណែលវប្បធម៌បុរាណ។ សង្គមស៊ីវិលថា ការអំពាវនាវ របស់រដ្ឋាភិបាលនេះ គឺជារឿងល្អ តែរដ្ឋត្រូវតែជួយឧបត្ថម្ភលើកទឹកចិត្ត និងរកទីផ្សារដល់ពលរដ្ឋដែលកំពុងបន្តអភិរក្សកេរមរតក វប្បធម៌បុរាណ ឱ្យមានជីវភាពសមរម្យ។
នៅមុនថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានចេញសារាចរស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយលើកឡើងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏សំខាន់ ដើម្បីរំលឹក បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃ។
សំណើលើកស្ទួយសាស្ត្រាស្លឹករឹត
ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យអាជ្ញាធរទូទាំងរាជធានី-ខេត្តរៀបចំទិវាវប្បធម៌ជាតិ ឱ្យបានទូលំទូលាយ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»។ លោកបន្តថា ការរៀបចំទិវានេះ ក្នុងគោលបំណង លើកកម្ពស់មនសិការស្នេហាជាតិ រក្សាកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ដ៏ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដើម្បីធានានូវ សុខដុមរមនាសង្គម និងសេចក្ដីថ្លៃថ្នូរជាដើម។
ជុំវិញរឿងនេះ អ្នកបង្រៀនចារសាស្ត្រាស្លឹករឹតរស់នៅខេត្តសៀមរាប លោក ឡោត ឡឹង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកុម្ភៈថា ជារឿងដែលល្អ ដែលរដ្ឋាភិបាលតែងតែរៀបចំឱ្យពលរដ្ឋស្រឡាញ់វប្បធម៌ជាតិ និងអភិរក្សកេរដំណែលដូនតា ដែលបានបន្សល់ទុក។ ប៉ុន្តែ លោកថា ករណីនេះនៅមិនទាន់គ្រប់គ្រាន់ទេ លោកថា រដ្ឋាភិបាលគួរតែយកទិវានេះ ជួយរកទីផ្សារ ដល់អ្នកដែលអភិរក្សវប្បធម៌បុរាណ ដូចជា ជាងគំនូរប្រាសាទអ្នកចម្លាក់ប្រាក់ស្ពាន់ និងអ្នកចារស្លឹករឹត ជាដើម ឱ្យពួកគាត់មានថវិកា សមរម្យ និងជួយរកទីផ្សារលក់សម្ភារៈទាំងនោះ គឺជាការប្រសើរ។

លោក ឡោត ឡឹង៖«ចង់ឱ្យគាត់ជួយ និងលើកកម្ពស់ ជួយគាំទ្ររិះរកវិធីណាដើម្បីជួយរក្សាវប្បធម៌សាស្ត្រាស្លឹករឹតនេះឱ្យបានគង់វង្ស កុំឱ្យចេះតែ អន់ថយទៅក្រោយវិញ។ ចង់ឱ្យស្ថាប័នពាក់ព័ន្ធឱ្យគាត់ជួយធ្វើយ៉ាងណាឱ្យបានដើរទៅមុខ»។
អាជីពមរតកវប្បធម៌បុរាណ ខាងចម្លាក់ស្ពាន់
រីឯព្រឹទ្ធាចារ្យ ជាងចម្លាក់ប្រាក់ស្ពាន់បុរាណ វ័យ៧១ឆ្នាំ នៅខេត្តកណ្ដាល លោក ជា យុទ្ធា បានចាប់អាជីពនេះជាង៥០ឆ្នាំមកហើយ។ លោកឱ្យដឹងថា ការចូលរួមលើកកម្ពស់ជីវភាព និងជួយរកទីផ្សារ ដល់អ្នកដែលប្រកបអាជីពមរតកវប្បធម៌បុរាណនេះ ពិតជាសំខាន់ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែគិតគូរឱ្យបានដិតដល់។ លោករំលឹកថា ស្នាដៃចម្លាក់ប្រាក់ស្ពាន់ របស់ លោកឆ្លាក់ពីប្រាសាទបុរាណខ្មែរ ធ្វើជាផ្ទាំងចម្លាក់តូចធំ គឺសុទ្ធតែជា អត្តសញ្ញាណវប្បធម៌បុរាណខ្មែរ។ លោករំពឹងថា ក្នុងទិវាវប្បធម៌ជាតិ នេះ រដ្ឋាភិបាលនឹងបន្តប្រឹងប្រែងផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកដែល អភិរក្សសម្បត្តិវប្បធម៌បុរាណ ឱ្យមានជីវភាពសមរម្យ។
លោក ជា យុទ្ធា៖ «នេះជាចម្លាក់មរតកខ្មែរ ព្រោះខ្ញុំឆ្លាក់ទៅតាមក្បាច់អង្គរយើង។ វាជាមរតករបស់ខ្មែរយើងពិតប្រាកដ ព្រោះមានឆ្លាក់ក្បាច់អីផ្សេងៗទេ។ ទល់តែគេកុម្ម៉ង់ ដូចជាក្បាច់បរទេសអី បានខ្ញុំឆ្លាក់»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត គឺលោក មាស សោភ័ណ្ឌ និង អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អត្ថបទដែលទាក់ទង៖
ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ និងសៀមរាប លោក អ៊ិន គង់ជិត លើកឡើងថា ជារឿងល្អ ដែលរដ្ឋាភិបាលជំរុញ ឱ្យពលរដ្ឋមានស្មារតីស្នេហាជាតិ និងជំរុញឱ្យចូលរួមថែរក្សាកេរដំណែលដូនតា។ យ៉ាងណា លោកថា ដើម្បីឱ្យសម្បត្តិវប្បធម៌បុរាណនេះ បន្តគង់វង្ស និងរីកចម្រើនអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ត្រូវគិតដល់អ្នកផលិតនិង អ្នកអភិរក្សមរតកបុរាណដោយផ្ទាល់ តាមរយៈជួយរកទីផ្សារ ដែលពួកគាត់អាចរកចំណូលបាន និងមានទឹកចិត្តបន្តទៀត។
លោក អ៊ិន គង់ជិត៖«ស្នើសុំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប និងក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យលោកគិតគូរពិភាក្សាគិតគូរ លើរឿងនឹងជួយរកទីផ្សារដើម្បីលើកតម្លៃផលិតផលផ្នែកវិចិត្រសិល្បៈរបស់ខ្មែរយើង»។
រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកអភិរក្សមរតកបុរាណ អាជីវករ និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា មុខរបរលក់វត្ថុបុរាណដូចជាក្រមា រូបគំនូរប្រាសាទ ក្បាច់រចនា រូបចម្លាក់ស្បែក និងវត្ថុអនុស្សាវរីយ៍ជាច្រើនពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ គឺមិនសូវមានទីផ្សារនោះទេដែលធ្វើឱ្យអាជីវករខ្លះ បង្ខំចិត្ត បិទទ្វារចោល និងខ្លះទៀត បន្តអាជីវកម្ម និងជំនាញកែច្នៃ មរតកបុរាណទាំងនោះទាំងត្រដាបត្រដួស ខណៈដែលអាជ្ញាធរពាក់ព័ន្ធ ហាក់មិនសូវបានអើពើជួយរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។