ប្រជាពលរដ្ឋនៅស្រុកស្អាង ខេត្តកណ្ដាល បានបរិច្ចាគបន្លែខាត់ណាជាង ៥០តោនឱ្យពលរដ្ឋយកទៅបរិភោគ ដោយឥតគិតថ្លៃ។ ពួកគាត់ថា ការបរិច្ចាគនេះ ដោយសារតែគ្មានទីផ្សារលក់ចេញ ដែលធ្វើឱ្យបន្លែជាច្រើន ត្រូវប្រឈមការខូចខាត។ អ្នកជំនាញកសិកម្មលើកឡើងថា បញ្ហាកង្វះទីផ្សារបន្លែរបស់កសិករ គឺបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរ និងរដ្ឋាភិបាល ដែលគ្មានឆន្ទៈដោះស្រាយបញ្ហាកង្វះទីផ្សារជូនប្រជាកសិករឱ្យបានត្រឹមត្រូវ។
បញ្ហាកង្វះទីផ្សារលក់កសិផលរបស់កសិករ ដូចជា ស្ពៃក្ដោប សាឡាត់ និងបន្ថែខាត់ណាជាដើម បានក្លាយជាជំងឺដ៏រ៉ាំរ៉ៃ នៅស្ទើរទូទាំងខេត្តក្រុង ប៉ុន្តែ អាជ្ញាធរ និងរដ្ឋាភិបាល ហាក់មិនបានជួយរកដោះស្រាយ ជូនប្រជាកសិករឱ្យមានប្រសិទ្ធភាពនោះទេ។ ករណីនេះ បានធ្វើឱ្យ កសិករនៅស្រុកស្អាង ខេត្តកណ្ដាលខ្លះ បានដាច់ចិត្តភ្ជួរចោលឱ្យគោក្របីស៊ី និងខ្លះទៀត បរិច្ចាគឱ្យពលរដ្ឋយកទៅបរិភោគដោយឥតគិតថ្លៃ បើទោះជាពួកគាត់ ត្រូវខាតបង់ថវិការាប់ពាន់ដុល្លារក្ដី។
កសិកររស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង លោក តៃ សុង ប្រកបរបរជាអ្នកដាំបន្លែជាច្រើនឆ្នាំមកហើយ ដូចជា ស្ពៃក្ដោប សាឡាត់ និងខាត់ណាជាដើម។ ប៉ុន្តែ នៅរដូវប្រមូលផលឆ្នាំនេះ បន្ថែខាត់ណារបស់លោកជាង ៥០តោន លក់មិនចេញ ដោយសារតែតម្លៃថោកពេក។ បញ្ហានេះធ្វើឱ្យលោកត្រូវខាតបង់ថវិការាប់ពាន់ដុល្លារដុល្លារ ហើយថ្មីៗ នេះ លោកបានបរិច្ចាគបន្លែខាត់ណាទាំងនោះ ឱ្យប្រជាពលរដ្ឋយកទៅបរិភោគដោយឥតគិតថ្លៃ។
លោក តៃ សុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែកុម្ភៈថា លោកខកចិត្តជាខ្លាំង ចំពោះតម្លៃបន្ថែ ខាត់ណាឆ្នាំនេះ បានត្រឹមតែ ២ ទៅ ៣រយរៀលប៉ុណ្ណោះ ១គីឡូក្រាម។ បើធៀបកាលពីឆ្នាំមុនៗ ១គីឡូក្រាមលក់បាន ៦ ទៅ ៧រយរៀល។ លោកថា បញ្ហាចម្បង ដែលបន្លែខាត់ណាគ្មានទីផ្សារលក់នេះ ដោយសារតែការនាំចូលបន្លែពីប្រទេសវៀតណាមបន្តកើនឡើងស្ទើរតែ ៨០ ទៅ ៩០% ស្របពេលដែលក្រុមឈ្មួញភាគច្រើនមិនចង់ទិញកសិផលខ្មែរ ហើយទម្លាក់តម្លៃតាមអំពើចិត្ត។
លោក តៃ សុង៖«ប្រសិនបើមានការនាំចូលបន្លែពីវៀតណាមច្រើនទៀតធ្វើឱ្យបន្លែកសិករយើងធ្លាក់ថ្លៃមែនទែន ធ្វើឱ្យកសិករយើងក្ស័យធនហើយ។ សូមឱ្យជួយទប់ស្កាត់ឱ្យបាន ៥០ភាគរយ ឬក៏ ៦០ភាគរយទៅ ធ្វើឱ្យបន្លែខ្មែរយើងមានតម្លៃ កសិករយើងគាត់សប្បាយចិត្តធ្វើ ហើយមានទឹកចិត្តធ្វើបន្តទៀត»។
បន្ថែមពីលើនោះលោកថា ជារឿងដែលឈឺចាប់ នៅពេលដែលឃើញបន្លែខាត់ណារបស់លោក ជាង ២ហិកតារ ដែលបានចំណាយថវិកាជាងម៉ឺនដុល្លារបែរជាត្រូវខាតបង់ទាំងស្រុង ដោយសារតែគ្មានឈ្មួញទិញក្នុងតម្លៃសមរម្យ។ លោកបន្តថា ឈ្មួញខ្លះបានទិញបន្លែពីកសិករដោយឱ្យតម្លៃ ២ ទៅ ៣រយរៀល ក្នុង ១គីឡូក្រាម ប៉ុន្តែ ពេលលក់បន្តនៅទីផ្សារ បានតម្លៃចាប់ពី ១ពាន់រៀលទៅ ២ពាន់រៀល ក្នុង ១គីឡូក្រាម។ ករណីនេះធ្វើឱ្យកសិករបាក់ទឹកចិត្ត ព្រោះក្រុមឈ្មួញមិនឱ្យតម្លៃកសិករ ដែលដាំផ្ទាល់។ លោកស្នើសុំឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយរកដំណោះស្រាយបញ្ហាកង្វះទីផ្សារ ជូនកសិករឱ្យបានត្រឹមត្រូវ។
លោក តៃ សុង៖«ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធរឿងបន្លែខ្មែរនេះ ចង់ឱ្យបន្លែ ដែលមានច្រើនហើយសូមមេត្តាលើកកម្ពស់។ បន្លែណា ដែលមានស្រាប់ហើយ ដូចជា ខាត់ណា និងស្ពៃក្ដោប អ៊ីចឹងមានច្រើននៅក្នុងស្រុកហើយ កសិករគាត់គ្មានជម្រើសអី ក្រៅពីធ្វើចម្ការហ្នឹងទេ ព្រោះអីគាត់កើតចេញពីពោះម៉ែមកគាត់ចេះតែធ្វើចម្ការ គាត់អត់មានជំនាញអ្វីក្រៅពីស្រែចម្ការទេ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កញ្ញា អឹម រចនា និងប្រធានមន្ទីរកសិកម្ម ខេត្តកណ្ដាល លោក ប៊ុនទួន ស៊ីមូណា ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយសារហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ រីឯអភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានបដិសេធពុំឆ្លើយតបជុំវិញរឿងនេះ ដោយលោកប្រាប់ថា ជាប់រវល់។
បញ្ហាកង្វះទីផ្សារលក់ចេញបន្ថែខាត់ណានេះ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ កុម្ភៈ លោកបានបរិច្ចាគឱ្យទៅពលរដ្ឋនានា ដែលមកពីខេត្តកណ្ដាល កំពង់ស្ពឺ និងភ្នំពេញជាដើម ដោយឥតគិតថ្លៃ។ លោក តៃ សុង បញ្ជាក់ថា បន្លែខាត់ណាជាង ៥០តោននេះ គឺជាប្រភេទបន្លែសុវត្ថិភាព ដែលពុំប្រើថ្នាំ ឬជីគីមី។ លោកបន្តថា ពលរដ្ឋខ្មែរគួរតែនាំគ្នាគាំទ្រកសិផលរបស់ខ្មែរឱ្យបានច្រើន ហើយគួរតែកាត់បន្ថយការទិញកសិផល ដែលនាំចូលពីប្រទេសជាតិខាង។
អត្ថបទដែលទាក់ទង៖
កសិករនៅខេត្តកណ្ដាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយពេលភ្ជួរបន្លែចោល ដោយសារគ្មានទីផ្សារ
កសិករខេត្តកណ្ដាលត្អូញបន្លែធ្លាក់ថ្លៃខ្លាំង ដោយសារបន្លៃនាំចូលពីវៀតណាម
កសិករដាំបន្លែនៅខេត្តកណ្ដាលថា បន្លែធ្លាក់ថ្លៃ នឹងធ្វើឱ្យគាត់ថ្លាក់ក្នុងបំណុល
កសិករនៅស្រុកស្អាងថា នឹងផ្អាកដាំដុះមួយរយៈ ក្រោយឈូលចម្ការសាលាដចោលម្ដងទៀត
ទាក់ទិនរឿងនេះ ក្រុមប្រឹក្សាភិបាលនៃអង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា សង្កេតឃើញថា បញ្ហាកង្វះទីផ្សារលក់កសិផលរបស់កសិករនេះ គ្មានអ្វីពិបាកដោះស្រាយនោះទេ ប្រសិនបើរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធមាន ឆន្ទៈពិតប្រាកដ។ លោកថា អាជ្ញាធរត្រូវកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ចំពោះកសិផលណា ដែលកសិករខ្មែរ អាចផលិតផល ដើម្បីធានានូវទីផ្សារ សមរម្យ ជូនពួកគាត់។ លោកបន្តថា ជាច្រើនឆ្នាំមកហើយ ដែលកសិករត្អូញត្អែរពីបញ្ហាកង្វះទីផ្សារនេះ ដូច្នេះ លោកថា ករណីនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ អសមត្ថភាព និងមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋនោះទេ។
លោក ឌី គន្ធា៖«រដ្ឋាភិបាលមិនបានបង្កើតទីផ្សារបន្លែ របស់កសិករខ្មែរ ទៅតាមទូទាំងឃុំសង្កាត់ គ្រប់ទីតាំងទាំងអស់នោះទេ ដើម្បីកំណត់អត្តសញ្ញាណផលិតផលរបស់ខ្មែរ។ ចំណុចមួយទៀត គឺគាត់ដឹងហើយ ឮហើយថា នៅពេលដែលមានការហូរចូលបន្លែរបស់ប្រទេសជិតខាង វាស្មើនឹងបិទឆ្នាំបាយកសិករ ឬស្មើនឹងបំផ្លាញឆ្នាំងបាយ របស់ប្រជាកសិករ ដែលកំពុងតែប្រកបមុខរបរកសិកម្មបន្លែអ៊ីចឹង»។
កសិករនៅខេត្តកណ្ដាលរំពឹងលើអាជ្ញាធរពាក់ព័ន្ធថា នឹងជួយករទីផ្សារជូនពួកគាត់ឱ្យបានឆាប់ ដើម្បីអាចរកចំណូលផ្គត់ផ្គង់គ្រួសារ។ ចំណែកលោក តៃ សុង លើកឡើងថា ការខាតបង់កសិផលទាំងស្រុង គឺដោយសារតែគ្មានទីផ្សារនេះ មិនមែនទើបតែលើកទី១ ទេ ព្រោះកាលពីឆ្នាំ២០២១ ដំណាំសាឡាត់ជាង ៣០តោន របស់លោក ក៏ធ្លាប់បានភ្ជួរចោលម្ដងរួចមកហើយ ដោយសារតែគ្មានទីផ្សារ។ ភ្លាមៗ នោះ លោកបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយអាជ្ញាធរខេត្តកណ្ដាលបានចុះមកណែនាំ និងគំរាមលោកមិនឱ្យធ្វើបែបនោះទៀត ព្រោះបារម្ភខ្លាចប៉ះពាល់មុខមាត់ រដ្ឋាភិបាល។ ប៉ុន្តែ ទោះយ៉ាងណាក្ដី លោកថា អាជ្ញាធរពុំបានបង្ហាញឆន្ទៈ ដោះស្រាយបញ្ហាកង្វះទីផ្សារកសិផលជូនកសិករនោះទេ រហូតមកទល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។