ធនាគារ​ជាតិ​នៃ​កម្ពុជា​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន «ហួយវ័ន ផេ» របស់​លោក ហ៊ុន តូ

0:00 / 0:00

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ដែល​រង​ការ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា ក្រុមហ៊ុន​នេះ​គឺ​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​ប្រតិបត្តិការ​ទូទាត់​លាង​លុយ​កខ្វក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​សង្គម​ងងឹត ឬ​ក្រុម​ឆបោក​តាម​អនឡាញ (Online)។ ទោះ​មាន​ការ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ក៏​ក្រុម​ភ្នាក់ងារ​របស់​កម្មវិធី «ហួយវ័ន ផេ» នៅ​តែ​បន្ត​ប្រតិបត្តិការ​ទូទាត់​ដូរ​លុយ​តាមរយៈ​កម្មវិធី​នេះ​ដដែល។

អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីមែល (Email) កាល​ពី​សប្ដាហ៍​មុន​ថា អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ ត្រូវ​បាន​ដក​ចេញ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​អនុលោម​តាម​បទប្បញ្ញត្តិ និង​អនុសាសន៍​ដែល​មាន​ស្រាប់​ដែល​ធ្វើ​ឡើង​ដោយ​និយតករ​កម្ពុជា។ ទោះ​ជា​យ៉ាងណា អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​បាន​បញ្ជាក់​ឡើយ​ថា នៅ​ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​អាច​ប្រឈម​មុខ​បែប​ណា​នោះ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្រតិបត្តិការ​ទូទាត់​សាច់​ប្រាក់​តាម​កម្មវិធី ហួយវ័ន ផេ។

ផ្នែក​នៃក្រុមហ៊ុន​ ​ហួយវ័ន គ្រុប

ក្រុមហ៊ុន ហួយវ័ន ផេ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ហើយ​ក្រុមហ៊ុន​ទាំង​នេះ​បាន​បង្កើត​ទីផ្សារ​អនឡាញ​ជាច្រើន​ទៀត​មាន​ឈ្មោះ​ដូចជា ហួយវ័ន ផេ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) ដែល​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ អាច​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាង​លុយ​កខ្វក់​បាន។

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ « អេលីបទីក (Elliptic)» ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) កាល​ពី​ខែកក្កដា ឆ្នាំ២០២៤ បាន​លាតត្រដាង​ថា បង​ជីដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺ​ជា​នាយក​មួយ​រូប​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ។ ប្រភព​ដដែល​បាន​លាតត្រដាង​ទៀត​ថា ក្រុមហ៊ុន ហួយវ័ន របស់​លោក ហ៊ុន តូ ពាក់ព័ន្ធ​យ៉ាង​សកម្ម​នឹង​ប្រាក់​ចំណេញ​បាន​មក​ពី​អំពើ​លាង​លុយ​កខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ​នៅ​ជុំវិញ​ពិភព​លោក ហើយ​យ៉ាង​ហោច​ណាស់​ទឹក​ប្រាក់​ជាង ២៤ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទូទាត់​លាង​លុយ​កខ្វក់​តាមរយៈ​កម្មវិធី​ក្រុមហ៊ុន ហួយវ័ន។

ប្រតិបត្តិការដកលុយ​រាប់​ពាន់​ដុល្លារ

ទោះ​បី​មក​ដល់​ពេល​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ ក៏​ភ្នាក់ងារ​របស់​កម្មវិធី​ទីផ្សារ​ទូទាត់ និង​ដូរលុយ​តាម​អនឡាញ​ឱ្យ​ក្រុមហ៊ុន ហួយវ័ន ផេ នៅតែ​បន្ត​ប្រតិបត្តិការ​ជា​ហូរហែ និង​ជា​ប្រចាំ។ ភ្នាក់ងារ​ដូរ​លុយ​តាម​កម្មវិធី ហួយវ័ន ផេ បាន​បង្ហាញ​ទិន្នន័យ​សាច់​ប្រាក់​នៅ​លើ​បណ្ដាញ​សង្គម​ពួកគេ​ចំពោះ​ប្រតិបត្តិការ​ដូរលុយ​រាប់​ពាន់​ដុល្លារ និង​ការ​ទូទាត់​ដូរ​លុយ​ក្នុង​កម្មវិធី​ហួយវ័ន ផេ ដោយ​ឆ្លង​តាម​ប្រព័ន្ធ​ធនាគារ​ក្នុង​ស្រុក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ព្រមាន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ភ្នាក់ងារ​កម្មវិធី​ទីផ្សារ​ដូរលុយ​តាម​អនឡាញ​ឱ្យ​ប្រុងប្រយ័ត្ន និង​ដក​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស។ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រតិបត្តិករ​ដែល​បន្ត​ដូរលុយ ឬ​ទូទាត់​សាច់​ប្រាក់​តាម​កម្មវិធី​ហួយវ័ន ផេ ក្រោយ​ធនាគារ​ជាតិ​ដក​អាជ្ញាប័ណ្ណ​នេះ​គឺ​ជា​បទល្មើស​ជាក់ស្ដែង។

លោក សេក សុជាតិ៖«កាល​ណា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មួយ​ត្រូវ​បាន​បិទ និង​ត្រូវ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចេញ​ពី​រដ្ឋ​ហើយ តែ​នៅ​តែ​ប្រព្រឹត្ត​ទៀត​មាន​ន័យ​ថា នេះ​គឺ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​គួរ​តែ​ចាត់​វិធានការ​ភ្លាមៗ​ត្រូវ​ធ្វើ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ធ្វើ​ការ​បិទ​បណ្ដាញ​ទូទាំង​ប្រទេស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ពី​គោលការណ៍​របស់​រដ្ឋ។ ប្រសិនជា​ធនាគារ​ជាតិ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម ឬ​ការ​កំណត់​មុខ​សញ្ញា​ណា​មួយ​អ៊ីចឹង​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​តែ​ម្ដង។ វា​គឺ​ជា​គ្រោះ​ធំ មិនមែន​ជា​រឿង​លេង​សើច និង​គួរ​តែ​ដោះស្រាយ​ដោយ​ឈរ​លើ​ភាព​ប្រាកដប្រជា ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់»។

លោក សេក សុជាតិ ក៏​ស្នើ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ចំពោះ​ប្រតិបត្តិការ​ទូទាត់​សាច់​ប្រាក់​របស់​ក្រុមហ៊ុន ហួយវ័ន ផេ នៅ​ក្រោយ​ការ​ដកហូត​អាជ្ញាប័ណ្ណ​នេះ និង​ត្រូវ​ចាត់​វិធានការ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់ និង​យុត្តិធម៌ ប្រសិនបើ​រក​ឃើញ​បណ្ដាញ​ទីផ្សារ​អនឡាញ​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​លាង​លុយ​កខ្វក់​បម្រើ​ដល់​ក្រុម​សង្គម​ងងឹត ឬ​ក្រុម​ឆបោក​តាម​អនឡាញ។

វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែ​មីនា។ ចំណែក បង​ជីដូន​មួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អត្ថបទ​ដែលទាក់ទង៖

ត្រកូល​ «ហ៊ុន» ​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន «ហួយវ័ន គ្រុប» រកស៊ី​ឆបោក​តាម​អនឡាញOpens in new window ]

ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល​ដ៏​ធំ​របស់​ត្រកូល «ហ៊ុន» លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​កូរ៉េ​ខាងជើងOpens in new window ]

កម្មវិធី​ដូរលុយ​តាម​អនឡាញ​នៃ​ក្រុមហ៊ុន​ហួយវ័ន ផេ ក្រៅ​ពី​ស្រូប​ទាញ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ឱ្យ​បម្រើ​ការងារ​ហើយ​នោះ ក្រុមហ៊ុន​នេះ​ក៏​បាន​បង្កើត​ទីផ្សារ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram marketplace) ដែល​ត្រូវ​បាន​គេ​កំណត់​ថា ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​មាន​ចំណង​ទាក់ទង​នឹង​ប្រតិបត្តិការ​សាច់​ប្រាក់​ខុស​ច្បាប់​ក្នុង​ទំហំ​រហូត​ដល់ ២ម៉ឺន៤ពាន់​លាន​ដុល្លារ ។របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ឱ្យ​ដឹង​ថា ទីផ្សារ​នៅ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) របស់​ក្រុមហ៊ុន ហួយវ័ន ផេ បាន​ក្លាយ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ការ​ពាណិជ្ជកម្ម​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​កំពុង​ប្រឈម​ការ​រីក​រាលដាល​នៃ​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​កាន់​តែ​ខ្លាំង។

អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក ចាកុប ស៊ីមស៍ (Jacob Sims) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដក​ហូត​អាជ្ញាប័ណ្ណ​ធនាគារ​ពី​ក្រុមហ៊ុន ហួយវ័ន នេះ មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សញ្ញា​នៃ​ការ​កែទម្រង់​ឡើយ ខណៈ​លោក​ពន្យល់​ថា វា​អាច​គ្រាន់តែ​ជា​ការ​ប្ដូរ​ឈ្មោះ​យីហោ។ សម្រាប់​លោក ចាកុប ស៊ីមស៍ វិធី​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​ដើម្បី​បង្ហាញ​ថា ខ្លួន​ពិត​ជា​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​លើ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន ហួយវ័ន នេះ គឺ​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ចាប់​ខ្លួន​រាល់​មនុស្ស​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។