អ្នកឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ឆបោក​ទើប​ការពារ​កេរ្តិ៍​ឈ្មោះ​កម្ពុជា ទាក់ទាញ​ទេសចរណ៍

0:00 / 0:00

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ឆបោក​ទើប​អាច​ស្ដារ​មុខមាត់​ប្រទេស​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​លើ​ពិភពលោក​បាន។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បដិសេធ​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​អំពី​ការ​រីក​រាលដាល​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ក្រោយពេល​លោក​អំពាវនាវ​ដល់​មន្ត្រី​របស់​លោក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​រូបភាព​វិជ្ជមាន​ពី​កម្ពុជា​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា បើ​សិន​ដ្ឋាភិបាល​មិន​ដោះស្រាយ​រឿង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​អនឡាយ និង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព និង​ជឿ​ទុក​ចិត្ត​បាន​ទេ​នោះ កម្ពុជា​នឹង​នៅតែ​មាន​ឈ្មោះ​អាប់ឱន​លើ​ឆាក​អន្តរជាតិ ហើយ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​នៅតែ​ខ្លាច​រអា​ដដែល ទោះបីជា​លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ភាគី​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​ចំណុច​វិជ្ជមាន​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ យ៉ាង​ណា​ក៏​ដោយ។

ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា បញ្ហា​ចាប់ជំរិត និង​បង្ខាំង​មនុស្ស​ធ្វើទារុណកម្ម​ជា​ដើម​បាន​ធ្វើ​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ខណៈ​រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​ឧក្រិដ្ឋកម្ម​ទាំងនោះ។ លោកយល់​ថា​ស្ថាប័ន​ព័ត៌មាន និង​សហគមន៍​អន្តរជាតិ​ដែល​រាយការណ៍​អំពី​បញ្ហា​ជួញដូរ​មនុស្ស និង​បទឧក្រិដ្ឋ​នៅ​កម្ពុជា​កន្លងមក ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ដោះស្រាយ ដោយ​ពុំ​មាន​ចេតនា​បំផ្លាញ​មុខមាត់​កម្ពុជា​ទេ។ លោក ស៊ឹង សែនករុណា ថា រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត​ចំពោះ​រឿង​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន ហើយ​ដាក់​វិធានការ​ក្នុង​ការ​បង្ក្រាប​ទីតាំង​នៃ​អាជីវកម្ម​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា។

លោក ស៊ឹង សែនករុណា៖«អ្នកទេសចរ​សម័យនេះ​គេ​អាច​រក​ព័ត៌មាន​ពី​កម្ពុជា​បាន ដោយ​មិនបាច់​ទៅ​ផ្សព្វផ្សាយ​អ្វី​ទេ សំខាន់​រដ្ឋាភិបាល​ធ្វើ​តែ​ឱ្យ​ល្អ​ទៅ ចំពោះ​កិច្ច​ការងារ​របស់​ខ្លួន​ដឹកនាំ​ឱ្យ​ត្រឹមត្រូវ ចាត់វិធានការ​ឱ្យ​គេ​មើល​ឃើញ ឱ្យ​គេ​ជឿជាក់​ទៅ អា​ហ្នឹង​ទើប​​ភ្ញៀវ​ទេសចរ​អាច​កើន​ឡើង​បាន»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២៥ របស់​ក្រសួង​ទេសចរណ៍ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែកុម្ភៈ លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​បរទេស​នាំគ្នា​ការពារ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​បាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស។ លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន អស់​រយៈ​ពេល​ជាង ១ឆ្នាំ​មក​នេះ អះអាង​សា​ជា​ថ្មី​ថា កម្ពុជា​មិនមែន​ជា​គោលដៅ​ចាប់ជំរិត ឧក្រិដ្ឋកម្ម​អនឡាញ ជួញដូរ​មនុស្ស ដូច​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ទេ។ លោក​ថា រាជរដ្ឋាភិបាល​របស់​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ ដោយ​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​កន្លែង​សម្រាប់​ជនល្មើស​ធ្វើ​សកម្មភាព​ទាំង​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖«ថា​យើង​អត់​បាន​បញ្ហា តែ​យើង​មាន​បញ្ហា យើង​ចាត់វិធានការ​ជាបន្តបន្ទាប់ ប៉ុន្តែ​បើ​យើង​ផ្ដោត​តែ​រឿង​អវិជ្ជមាន គឺ​វា​ខ្មៅ​ហើយ ចំណុចវិជ្ជមាន​យើង​ច្រើន​ណាស់​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ច្រើន ហើយ​ខ្ញុំ​ជឿ​ថា​ ទោះបី​មាន​ការ​ផ្សព្វផ្សាយ​បង្កើត​ឱ្យ​មាន​ការ​យល់​ច្រឡំ​ក្ដី​មួយ​ចំនួន​ក៏​ដោយ ម៉ោង​នេះ ទេសចរ​របស់​យើង ជាពិសេស ពី​អឺរ៉ុប អូស្ត្រាលី​អី ហើយ​អូស្ត្រាលី​នៅ​ចាត់​ទុក​កម្ពុជា​នៅ​ឆ្នាំ២០២៤ ជា​គោលដៅ​ទេសចរណ៍​ខ្ពស់​ជាង​គេ​លេខ១ ហ្នឹង ខ្ញុំ​គិត​ថា សារ​របស់​យើង ដែល​បង្ហាញ​ពី​សុវត្ថិភាព សុខ​សន្តិភាព ស្ថិរភាព​នៅ​កម្ពុជា​បាន​ទៅ​ដល់​ហើយ ហើយ​យើង​ត្រូវ​បន្ត​ធ្វើ​ទៀត»។

ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត ក៏​អំពាវនាវ​ឱ្យ​អ្នក​ផលិត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម យុវជន អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទូទៅ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ ពី​កម្ពុជា​សម្រាប់​គោលដៅ​ទេសចរ​បរទេស​ដែរ។

ថ្វីបើ​លោក ហ៊ុន ម៉ាណែត លើក​ឡើង​បែប​នេះ​ក្ដី អ្នក​ឃ្លាំមើល​សង្គម​ថា បទល្មើស​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​ឡើង និង​ហាក់​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​ក្រុម​ជនល្មើស​កាន់តែ​ពង្រីក​បណ្ដាញ និង​ប្រើ​មធ្យោបាយ​កាន់តែ​ទំនើប ដើម្បី​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ព្រួយបារម្ភ​ចំពោះ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ ដែល​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ លោក​ថា ការ​ឆ្លើយតប​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស គឺ​ជា​វិធានការ​ខ្វះ​ការ​ទទួល​ខុសត្រូវ កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ពីព្រោះ​សារព័ត៌មាន​អន្តរជាតិ​ដែល​ចុះផ្សាយ​ពី​ការ​ឆបោក​តាម​អនឡាញ និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​រីក​ដូច​ផ្សិត​ជា​រឿង​ពិត ស្រប​ពេល​ឧកញ៉ា និង​គ្រួសារ​អ្នកកាន់អំណាច​មួយ​ចំនួន ដែល​​ជាប់​ពាក់ព័ន្ធ​​ឧក្រិដ្ឋ​ទាំងនោះ​បន្ត​នៅ​ក្រៅ​សំណាញ់​ច្បាប់។

លោក ម៉ែន ណាត៖«អំពើ​ឆបោក​តាម​អនឡាយ ចាប់​ជំរិត គឺ​កម្ពុជា​ល្បីល្បាញ​ខ្លាំង​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ អ្នកទេសចរ​អន្តរជាតិ​គេ​ទៅ​លេង​ស្រុក​ណា ដែល​មាន​សុខ​សុវត្ថិភាព​ដល់​គេ ហើយ​កាលណា​ប្រទេស​អត់​បាន​សុវត្ថិភាព​ម៉េច​គេ​ទៅ​លេង អ៊ីចឹង​​​រដ្ឋាភិបាល​ចង់​ស្ដារ​មុខមាត់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា​នោះ​វា​ពិបាក​ហើយ គឺ​ច្រក​ចង្អៀត​ណាស់​សម្រាប់​អ្នកទេសចរ​ទៅ​លេង​កម្ពុជា»។

ថ្មីៗនេះ ក្រសួង​មហាផ្ទៃ​តៃវ៉ាន់ (Taiwan) បាន​ដាក់​ប្រទេស​ចំនួន៥ នៅ​អាស៊ីអាគ្នេយ៍ ក្នុង​បញ្ជី​ប្រទេស​គោលដៅ ដែល​ងាយ​នឹង​មានគ្រោះថ្នាក់​សម្រាប់​អ្នក​ដំណើរ ក្នុង​នោះ ក៏​មាន​កម្ពុជា​ដែរ។ ក្រសួងមហាផ្ទៃ​តៃវ៉ាន់​ដដែល​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ហេតុការណ៍​អាក្រក់​ពាក់ព័ន្ធ​នឹង​ជនជាតិ​តៃវ៉ាន់​ជាច្រើន ដែល​ត្រូវ​គេ​អូសទាញ​ឱ្យ​ចូល​ទៅ​ក្នុង​ការងារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ឬ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

មិនមែន​មាន​តែ​តៃវ៉ាន់​នោះ​ទេ ដែល​ណែនាំ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​មុន​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​ហ្វីលីពីន (Philippines) ឥណ្ឌា (India) ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) ឥណ្ឌូនេស៊ី​(Indonesia) និង​ប៉ាគីស្ថាន (Pakistan) ជា​ដើម តាម​រយៈ​ស្ថានទូត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​តែងតែ​ប្រកាស​ដោយ​ព្រមាន​ពលរដ្ឋ​ពួកគេ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សិក្សា​ឱ្យ​ច្បាស់លាស់​មុន​ចូល​មក​ទឹកដី​កម្ពុជា​ស្វែងរក​ការងារ​ធ្វើ ព្រោះ​អាច​ក្លាយ​ជា​ជនរងគ្រោះ​បម្រើ​ការងារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា​កម្ពុជា​មាន​ធនធាន​ធម្មជាតិ និង​ប្រាង្គ​ប្រាសាទ​ដ៏​សម្បូរ​បែប ប៉ុន្តែ​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​ទាល់​តែ​រដ្ឋាភិបាល ត្រកូល ហ៊ុន ហ៊ាន​ដាក់​ចេញ​កំណែទម្រង់ ស្ដារ​ប្រជាធិបតេយ្យ និង​រួមគ្នា​កម្ចាត់​ឧក្រិដ្ឋកម្ម​ឱ្យ​ធានា​បាន​សន្តិសុខ និង​យុត្តិធម៌​សង្គម​ក្នុង​គោលដៅ​ស្ដារ​មុខមាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។