ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ចិញ្ចឹម​សត្វ​ប្រចៀវ​យក​លាមក​លក់ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ការ​សិក្សា​របស់​កូន

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ ចាប់​អាជីព​ជា​អ្នក​ចិញ្ចឹម​សត្វ​ប្រចៀវ​យក​លាមក​លក់​អស់​រយៈ​ជិត​បួន​ទសវត្សរ៍​មក​ហើយ ដើម្បី​បាន​ថវិកា​ផ្គត់ផ្គង់​គ្រួសារ និង​ទុក​​​ចំណាយ​លើ​ការ​សិក្សា​របស់​កូន។ អាជីព​នេះ​បាន​ជួយ​ឱ្យ​ពួក​គាត់ មាន​ជីវភាព​ល្អ​ប្រសើរ ព្រោះ​ចំណាយ​ដើម​ទុន​តិច ហើយ​លក់​បាន​ក្នុង​តម្លៃ​សមរម្យ។

ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ភូមិ​អូរតាប៉ោង ឃុំអូរតាប៉ោង ប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ និង​ ដាំ​ដំណាំ​ផ្សេងៗ សម្រាប់​លក់​ដោះស្រាយ​ជីវភាព។ ដោយ​ឡែក ពលរដ្ឋ​ខ្លះ​ទៀត ចាប់​អាជីព​ជា​អ្នក​ចិញ្ចឹម​សត្វ​ប្រចៀវ​យក​លាមក​កែច្នៃ​ធ្វើ​ជា​ជី​ធម្មជាតិ​លក់ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី ១០ទៅ ២០ម៉ឺន​រៀល​ក្នុង ១ថ្ងៃ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ អូរតាប៉ោង លោក កេង គឹមសេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​​​ថា លោក​ចិញ្ចឹម​សត្វ​ប្រចៀវ​នេះ តាំង​ពី​ឆ្នាំ១៩៨២។ ដំបូង​ឡើយ លោក​ចិញ្ចឹម​ដើម្បី​យក​លាមក​ធ្វើ​ជី​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ ក្រោយ​មក​មាន​អ្នក​គាំទ្រ និង​កុម្ម៉ង់​ទិញ​ច្រើន លោក​ក៏​បាន​ពង្រីក​ជម្រក​សត្វ​ប្រចៀវ​បន្ថែម​ ដែល​សព្វ​ថ្ងៃ​លោក​​មាន​សត្វ​ប្រចៀវ​រាប់​ម៉ឺន​ក្បាល នៅ​លើ​ដី​របស់​លោក។ កសិករ​រូប​នេះ​​​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០ ទៅ ២០ម៉ឺន​រៀល​ក្នុង ១ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ចំណាយ​ឱ្យ​កូន​រៀន​សូត្រ រហូត​បាន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤នាក់ ក្នុង​ចំណោម​កូន ៧នាក់។

លោក កេង គឹមសេង៖ « សព្វ​ថ្ងៃ​កូន​ដល់ ៧នាក់​នេះ បាន​រៀន​ចេះ​ដឹង គឺ​ដោយ​សារ​តែ​បាន​លក់​អាចម៍​ប្រចៀវ​ហ្នឹង។ ដំបូង​ខ្ញុំ​ដាំដំណាំ​លក់​ខ្លួន​ឯង ក្រោយ​មក​ខ្ញុំ​ចែក​ចាយ និង​ចិញ្ចឹម​ប្រចៀវ​ចេះតែ​ច្រើន។ អ៊ីចឹង ចិញ្ចឹម​កូន​នេះ ​បាន​គុណ​បុណ្យ​អាចម៍​ប្រចៀវ។ បើ​អត់​អាចម៍​ប្រចៀវ ខ្ញុំ​មិន​អាច​ចិញ្ចឹម​កូន​ខ្ញុំ​បាន​ដល់ ៧នាក់ បាន​ទេ បាន​រៀន​ចេះ​ដឹង បាន​រៀន​បរិញ្ញា ដល់​ទៅ ៤នាក់ »

លោក កេង គឹងសេង ចាត់​ទុក​របរ​ចិញ្ចឹម​ប្រចៀវ​យក​លាមក​លក់​នេះ ជា​អាជីព​ចម្បង​ ព្រោះ​លោក​អាច​រក​ចំណូល​បាន​​សមរម្យ​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ជាង​នេះ​ទៀត លោក​តែងតែ​ចូល​រួម​ជា​​មួយ​អង្គការក្រៅរដ្ឋាភិបាល ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍ អំពី​របៀប​ចិញ្ចឹម​សត្វ​ប្រចៀវ​​ ដល់​ពលរដ្ឋ​ជា​ច្រើន​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​ឧត្តរមានជ័យ ស្ទឹងត្រែង​ កំពង់ធំ និង​ខេត្តបាត់ដំបង​ជា​ដើម។

ការ​ចិញ្ចឹម​ប្រចៀវ ​អ្នក​អូរតាប៉ោង គឺ​មិន​សូវ​ចំណាយ​ទុន​ច្រើន​នោះ​ទេ ព្រោះ​គេ​យក​ដើម​ត្នោត​ជា​សំបុក​សត្វ​ប្រចៀវ។ សព្វថ្ងៃ​លោក កេង គឹមសេង មាន​ដើម​ត្នោត​ជា​ជម្រក​សត្វ​ប្រចៀវ ជិត ១០ដើម។ ជម្រក​សត្វ​ប្រចៀវ គឺ​គេ​យក​ស្លឹក​ត្នោត​ចាស់ៗ យក​មក​ហ៊ុមព័ទ្ធ​ធ្វើ​ជា​ជម្រក ដែល​មាន​រាង​មូល​ដូច​ឆត្រ។ រីឯ​ការ​ប្រមូល​អាចម៍​ប្រចៀវ​ដំបូង​ឡើយ​គេ​ត្រូវ​ជម្រះ​ស្មៅ​ជុំវិញ​គល់​ឈើ​ ឬ​សំបុក​ឱ្យ​បាន​ស្អាត​ជា​មុន។ ក្រោយ​មក​ទៀត គេ​យក​ស្បៃ​ក្រាល​ពី​ក្រោម​សំបុក​ប្រចៀវ​ទុក​ត្រង​អាចម៍ ពេល​វា​ជុះ​ធ្លាក់​មក​ខាង​ក្រោម។ ជា​ញឹកញាប់ គេ​ប្រមូល​លាមក​ប្រចៀវ ចាប់​ពី​ម៉ោង ១-២ថ្ងៃត្រង់ ដើម្បី​ឱ្យ​លាមក ស្ងួត​ល្អ​រួច​ហើយ បាន​គេ​ប្រមូល​យក​មក​ទុក​លក់។

ក្រៅ​ពី​ជម្រក​សត្វ​ប្រចៀវ ដែល​មាន​នៅ​តាម​ដើម​ត្នោត លោក កេង គឹមសេង បាន​កែច្នៃ​ជម្រក​ប្រចៀវ​សិប្បនិមិត្ត​ពី​ស្លឹក​ត្នោត​ផង​ដែរ។ របៀប​ធ្វើ​ជម្រក​សិប្បនិមិត្ត លោក​បាន​កាប់​ដើម​ឈើ​ទំហំ​ប៉ុនៗ ភ្លៅ ដែល​មាន​កម្ពស់​ជិត ៥ម៉ែត្រ​ការ៉េ​មក​ដំឡើង​បញ្ឈរ​ដូច​ជា​សសរ ៤ ទៅ ៥ដើម ដែល​មាន​រាង​ដូច​ឆត្រ​ ប្រក់​​​​ស្លឹក​ត្នោត​ពី​ខាង​លើ តាម​ការ​កែច្នៃ​របស់​អ្នក​ភូមិ​ម្នាក់ៗ។ ជម្រក​សត្វ​ប្រចៀវ​នេះ គេ​យក​ស្លឹក​ត្នោត​ប្រក់​ពី​លើ​គ្នា និង​សំយុង​ចុង​ស្លឹក​ចុះ​ក្រោម ដើម្បី​ងាយ​ស្រួល​ឱ្យ​សត្វ​ប្រចៀវ​វា​តោង។

ទន្ទឹម​នឹង​ការ​រក​ចំណូល​បាន​ច្រើន​ពី​ការ​ចិញ្ចឹម​សត្វ​ប្រចៀវ​នេះ លោក កេង គឹមសេង ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ជា​ពិសេស លោក​ព្រួយបារម្ភ​ថា សត្វ​ប្រចៀវ ចេះតែ​បន្ត​បាត់បង់​ជា​បណ្ដើរៗ ដោយសារ​តែ​មាន​អ្នក​ភូមិ​មួយ​ចំនួន បាន​បរបាញ់​សត្វ​ប្រចៀវ​ធ្វើ​ជា​អាហារ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ហាម​ឃាត់​ការ​បរបាញ់​សត្វ​ប្រចៀវ​ធ្វើ​ជា​អាហារ បើ​ពុំ​ដូច្នោះ​ទេ សត្វ​ប្រចៀវ​នឹង​ហិនហោច។

លោក កេង គឹមសេង៖«ខ្ញុំ​ថែ​សត្វ​ប្រចៀវ​នេះ ដើម្បី​ជា​ផល​ប្រយោជន៍​របស់​ប្រជា​កសិករ ដែល​យើង​កាត់បន្ថយ​ការ​ប្រើប្រាស់ ថ្នាំ​គីមី​ពុល ព្រោះ​វា​ស៊ី​សត្វ​ល្អិត​ជា​អាហារ។ អ៊ីចឹង ដូច​យើង​កាត់​បន្ថយ​ការ​ប្រើប្រាស់ គីមី​ពុល។ សូម​អំពាវនាវ រាជរដ្ឋាភិបាល សូម​ឱ្យ​មាន​ច្បាប់​ ការពារ និង​អភិរក្ស​សត្វ​ព្រៃ ទុក​ជា​ផល​ប្រយោជន៍​នៅ​ក្នុង​ប្រទេស​របស់​យើង»។

ជុំវិញ​រឿង​នេះ អភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែ មករា​ថា បច្ចុប្បន្ន លោក​ពុំ​ដែល​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ពលរដ្ឋ​បរបាញ់​សត្វ​ប្រចៀវ​ធ្វើ​ជា​អាហារ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ ដែល​ចិញ្ចឹម​ប្រចៀវ​យក​លាមក​លក់​នេះ ក៏​មិន​សូវ​មាន​ច្រើន​ដែរ នៅ​ក្នុង​ខេត្តពោធិ៍សាត់។ លោក​បន្ត​ថា ចំពោះ​អាជ្ញាធរ​ខេត្ត ​ពុំ​ទាន់​មាន​ផែនការ ​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ ​ចិញ្ចឹម​ប្រចៀវ​យក​លាម​លក់​ បាន​ច្រើន​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ទីផ្សារ​លក់ ​អាចម៍​ប្រចៀវ​ធ្វើ​ជី ប្រើ​ប្រាស់​លើ​វិស័យ​កសិកម្ម​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ក្ដី។

លោក ខូយ រីដា៖«ជំរុញ​គាត់​ក៏​គាត់[ពលរដ្ឋ]មិន​ចង់​ធ្វើ​ដែរ។ តែ​បើ​គាត់[លោក កេង គឹមសេង]អ៊ីចឹង គាត់​ដឹង​តែ​ចង់​ហើយ។ ចំណែក​អ្នក​ដែល​នៅ​ជិតៗ គាត់ គាត់​ឃើញ​ហើយ ចង់​រៀន​ត​គ្នា។ មាន​កន្លែង​ផ្សេង​ទៀត ក៏​ឃើញ​មាន​ដាក់​ប្រចៀវ​ហ្នឹង ដូច​គ្នា​ហ្នឹង គ្រាន់​ថា មិន​មាន​ច្រើន​ទេ។ សព្វ​ថ្ងៃ និយម​ជាង​គេ គឺ​សត្វ​ត្រចៀកកាំ ទឹក​មាត់​ត្រចៀកកាំ ដែល​គេ​និយម​ជាង​គេ សម្រាប់​ប្រចៀវ វា​មាន​ទ្រង់ទ្រាយ​តូច ដោយ​តំបន់»។

អ្នក​ជំនាញ​កសិកម្ម​លើក​ឡើង​ថា សត្វ​ប្រចៀវ​ មាន​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម និង​សុខភាព​ រស់នៅ​របស់​មនុស្ស ព្រោះ​ថា សត្វ​ប្រចៀវ​ភាគ​ច្រើន ស៊ី​សត្វ​ល្អិត​ចង្រៃ ដែល​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ ដូច​ជា មមាច​ត្នោត ដង្កូវ និង​សត្វ​មូស​ជា​ដើម។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹម​សត្វ លោក ជួប វិបុល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថា ការ​ចិញ្ចឹម​សត្វ​ប្រចៀវ​យក​លាមក​ធ្វើ​ជា​ជី សម្រាប់​ស្រោចស្រព​ដំណាំ​នេះ គឺជា​រឿង​ល្អ ព្រោះ​លោក​ថា ប្រភេទ​ជី​អាចម៍​ប្រចៀវ គឺ​ផ្ដល់​ជីវជាតិ​ដ៏​សំខាន់ ដល់​ការ​លូតលាស់​ដំណាំ​គ្រប់​ប្រភេទ។ ទន្ទឹម​នឹង​នោះ លោក​ថា កម្ពុជា​មាន​តំបន់​ភ្នំ ​និង​ តំបន់​ដែល​សត្វ​ប្រចៀវ រស់​នៅ​ច្រើន ប៉ុន្តែ​កង្វះ​ការ​លើក​ចិត្ត និង​ការ​ជ្រោមជ្រែង​បន្ថែម​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ទើប​ធ្វើ​ឱ្យ​អាជីព​ជា​អ្នក​ចិញ្ចឹម​ប្រចៀវ យក​លាមក​ធ្វើ​ជី​នេះ ពុំ​សូវ​មាន​ពលរដ្ឋ​ចាប់​អារម្មណ៍​ធ្វើ​ច្រើន។

លោក ជួប វិបុល៖«ទី១​ប្រជា​កសិករ​គាត់​អាច​កាត់បន្ថយ​វត្ថុធាតុដើម​ ក្នុង​ការ​ទិញ​ជី។ ទី២ គាត់​កាត់​បន្ថយ​ក្នុង​ការ​ប្រើប្រាស់​សារធាតុគីមី។ នេះ​ជា​ចំណុច ដែល​យើង​ក្នុង​នាម​ជា​អាជ្ញាធរ រដ្ឋាភិបាល​នេះ គួរ​តែ​ជួយ​ជំរុញ ​លើក​ទឹក​ចិត្ត ហើយ​គាំពារ​ផ្នែក​បច្ចេកទេស​បន្ថែម ដើម្បី​ជំរុញ​ឱ្យ​កសិករ មាន​ការ​ចិញ្ចឹម​ ប្រចៀវ​កាន់​តែ​ច្រើន»។

សព្វ​ថ្ងៃ ​កម្ពុជា​​​មាន​ប្រភេទ​សត្វ​ប្រចៀវ​ជាង​៥០​អំបូរ។ អំបូរ​ខ្លះ​រស់នៅ​តាម​រូងភ្នំ​ តាម​ដើម​ឈើ តាម​សំយាប​ផ្ទះ​អ្នក​ភូមិ និង​អំបូរ​ខ្លះ​ទៀត នៅ​តាម​ដើម​ត្នោត​ជា​ដើម។ កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ថា ប្រចៀវ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ​អភិរក្ស និង​ចិញ្ចឹម​យក​លាក​មក ភាគ​ច្រើន ​ជា​ប្រភេទ​ប្រចៀវ ដែល​រស់​នៅ​តាម​រោង​ភ្នំ និង​តាម​ដើម​ត្នោត ​ព្រោះ​វា​រស់​នៅ​ជា​ហ្វូង និង​ជា​ក្រុម ដែល​មាន​រាប់​ម៉ឺន​ក្បាល។ អ្នក​ភូមិ​លើក​ឡើង​ថា ការ​ចិញ្ចឹម និង​អភិរក្ស​សត្វ​ប្រចៀវ​នេះ ជា​ការងារ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ស្រួល ហើយ​មិន​សូវ​រវល់​ច្រើន​នោះ​ទេ ក្រៅ​ពី​ការ​ធ្វើ​សំបុក និង​ប្រមូល​លាមក​ប្រចាំ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។