តាំងពីបុរាណកាលមកពលរដ្ឋខ្មែរតែងតែយកសត្វក្របីជួយការងារក្នុងវិស័យកសិកម្មដូចភ្ជួររាស់ និងដឹកជញ្ជូន ជាដើម ក៏ប៉ុន្តែសព្វថ្ងៃនេះកសិករខ្មែរមិនសូវប្រើក្របីជួយធ្វើកសិកម្មនោះទេ ដោយសារពួកគាត់ប្រើគ្រឿងចក្រជំនួសវិញ។
ចំណែកឯពលរដ្ឋក្នុងតំបន់អង្គរឯណោះវិញ បានប្រើសត្វពាហនៈនេះផ្ទឹមនឹងរទេះ ដើម្បីរក្សាអត្តសញ្ញាណកេរមរតកដូនតា និងបង្ហាញឱ្យភ្ញៀវទេសចរឃើញពីប្រពៃណី របស់អ្នកស្រុកអង្គរបន្សល់ពីបុរាណ ផ្សាភ្ជាប់នឹងប្រាសាទបុរាណ។
អ្នកស្រុកអង្គរមួយចំនួនក្រៅពីប្រកបរបរធ្វើកសិកម្ម លក់ដូរ និងបម្រើសេវាកម្មដឹកភ្ញៀវទេសចរ ពួកគាត់ក៏ប្រើប្រាស់សេវាកម្មរទេះក្របី ដឹកភ្ញៀវទេសចរតាមវាលស្រែ តាមទម្រង់ប្រពៃណីខ្មែរ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពបន្ថែម បន្ទាប់ពីធ្វើស្រែចម្ការ។
ពលរដ្ឋមួយចំនួនចិញ្ចឹមក្របីយ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ទឹមនឹងរទេះដឹកភ្ញៀវទេសចរកម្សាន្តគយគន់ទេសភាពស្រុកស្រែ និងព្រៃព្រឹក្សាក្នុងតំបន់អង្គរ។
អ្នកបររទេះក្របីភាគច្រើនជាបុរសវ័យចំណាស់។ បើទោះបីជាសេវាកម្មរទេះក្របីបច្ចុប្បន្ននេះ មិនសូវមានភ្ញៀវទេសចរច្រើនក្តី ក៏ប៉ុន្តែពួកគាត់នៅតែប្ដេជ្ញា បន្តអភិរក្សប្រពៃណីដល់អ្នកជំនាន់ក្រោយឱ្យស្គាល់ពីគុណតម្លៃសព្វពាហនៈ និងរទេះក្របីជាមធ្យោបាយធ្វើដំណើររបស់ដូនតាខ្មែរសម័យបុរាណ៖
បុរសវ័យចំណាស់ កំពុងដឹករទេះក្របីក្នុងដំណើរយឹតៗរាងមាំ គឺលោក ទិត ធឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ មករាថា សេវាកម្មនេះពុំសូវមានភ្ញៀវក្នុងស្រុកចាប់អារម្មណ៍នោះឡើយ ភាគច្រើនគឺភ្ញៀវបរទេសដូចជា ចិន ថៃ និងកូរ៉េជាដើម។
លោកថា ស្ទើរជារៀងរាល់ថ្ងៃលោកត្រូវងើបពីម៉ោង៥ទៀបភ្លឺ មកថែទាំក្របី និងរៀបចំរទេះ ត្រៀមដឹកភ្ញៀវទេសចរ។
បុរសវ័យ ៦៤ឆ្នាំ រូបនេះ រស់នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក លោកចិញ្ចឹមក្របី ១ក្បាល ទុកប្រើក្នុងវិស័យទេសចរណ៍ជាង ១០ឆ្នាំមកហើយ ដោយទទួលបានចំណូលក្នុងមួយខែ៤០ម៉ឺនរៀល(៤០០.០០០)។ រីឯថវិកា ២០ ម៉ឺនរៀលទៀត (២០០.០០០) សហគមន៍រទេះក្របីផ្តល់ឱ្យសម្រាប់មើលថែក្របី និងទិញចំណីឱ្យវា។
លោក ទិត ធឿន៖«តាំងពីមានគោយន្ត មានត្រាក់ទ័រមក ក្របីបានទំនេរខ្លះដែរ ហើយពួកខ្ញុំគ្រាន់បានយកមកប្រើការដឹកភ្ញៀវទេសចរ បានលុយតិចតួចគ្រាន់ដោះស្រាយជីវភាព»។
លោក ទិត ធឿន បន្ថែមថា បច្ចុប្បន្នពលរដ្ឋខ្មែរភាគច្រើននិយមប្រើប្រាស់ គោយន្ត និងត្រាក់ទ័រ ក្នុងវិស័យកសិកម្ម ដោយកម្រមានអ្នកប្រើប្រាស់ក្របីណាស់ ដែលជាហេតុធ្វើឱ្យសត្វប្រភេទនេះនៅទំនេរ។ ប្រការនេះ លោកបារម្ភថា វិស័យរទេះក្របី ឬរទេះគោនាពេលខាងមុខ នឹងប្រឈមបាត់បង់។
សហគមន៍រទេះក្របីបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយមានប្រជាសហគមន៍ជាង ៤០នាក់ ប៉ុន្តែដោយសារខ្សត់ភ្ញៀវទេសចរ ប្រជាសហគមន៍ខ្លះបានលាឈប់ពីការងារ និងខ្លះទៀតរកការងារផ្សេងជំនួសវិញដូចជា ធ្វើសំណង់ និងកម្មករជាដើម ។ សព្វថ្ងៃប្រជាសហគមន៍នៅសល់តែ ជិត ២០នាក់ប៉ុណ្ណោះ ភាគច្រើនមនុស្សវ័យចំណាស់មានអាយុចន្លោះ ៥០ឆ្នាំ ដល់ជាង ៧០ ឆ្នាំ ដោយប្រើប្រាស់ក្របី ១៧ ក្បាល ដើម្បីដឹកភ្ញៀវទេសចរ។ សហគមន៍នេះ មានទីតាំងក្នុងតំបន់អង្គរ ក្នុងឃុំខ្នាត ស្រុកពួក បង្កើតឡើងដោយជនជាតិកូរ៉េម្នាក់ ជាស្ថាបនិក និងជាអ្នកបើកប្រាក់ខែឱ្យបុគ្គលិក ព្រមទាំងបង់ថ្លៃជួលដី។
ពលរដ្ឋម្នាក់ទៀត រស់នៅតំបន់អង្គរគឺ លោក គង់ សាន លើកឡើងថា ក្របីផ្តល់ប្រយោជន៍ច្រើនជួយកសិករក្នុងវិស័យកសិកម្មរួមមានភ្ជួររាស់ ដឹកស្រូវ ជញ្ជូនឱស ឬឈើធ្ងន់ៗ ជំនួសកម្លាំងមនុស្ស។ លោកថា គ្រួសារលោកចិញ្ចឹមក្របី០២ក្បាល ដែលអាចរកចំណូលបាន៨០ម៉ឺនរៀល(៨០០.០០០) ក្នុងមួយខែ ពីការដឹកអ្នកទេសចរក្នុងសហគមន៍នេះ។
បុរសមានដើមកំណើតជាអ្នកស្រុកអង្គររូបនេះមានវ័យ ៧២ឆ្នាំ កំពុងជាប់បំណុលធនាគារជាង ១ពាន់ដុល្លារ(១.០០០) ហើយប្រាក់ដែលលោកជំពាក់ដោយសារខ្ចីយកទិញក្របីដើម្បីដឹកភ្ញៀវទេសចរ។ លោកបន្ថែមថា លោកពេញចិត្តនឹងមុខរបរនេះ ដើម្បីចូលរួមថែរក្សាប្រពៃណីនេះបន្សល់ពីដូនតាកុំឱ្យបាត់បង់។
លោក គង់ សាន៖«ក្នុងនាមខ្ញុំជាធ្វើការយូរមកហើយខ្ញុំចង់ឱ្យកូនខ្មែរចូលរួមថែរក្សារទេះក្របីឱ្យបានច្រើន ហើយសូមមកលេងសហគមន៍យើងឱ្យបានច្រើនកុះករ និងផ្សព្វផ្សាយដល់ភ្ញៀវបរទេសឱ្យមកជិះរទេះក្របីឱ្យបានច្រើននៅទីនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេ នៅថ្ងៃទី២៨ មករា។ រីឯប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក៏មិនអាចសុំអធិប្បាយបានដែរ នៅថ្ងៃដដែលនេះ។
ប្រជាសហគមន៍រទេះក្របី លោក គង់ សាន បន្ថែមថា សេវាកម្មជិះរទេះក្របីភ្ញៀវទេសចរក្នុងស្រុកត្រូវបង់ប្រាក់៤ដុល្លារ ហើយភ្ញៀវទេសចរបរទេសត្រូវបង់ប្រាក់ ២០ដុល្លារសម្រាប់មនុស្សម្នាក់។ លោកថា ប្រជាសហគមន៍ត្រូវដឹកភ្ញៀវតាមរទេះក្របីទស្សនាកម្សាន្ត តាមទីជនបទ ស្រះទឹក វាលស្រែ និងព្រៃព្រឹក្សា ស្តាប់សំឡេងបក្សាបក្សី ក្នុងតំបន់អង្គរចម្ងាយជាង ១គីឡូម៉ែត្រ។
ជាមួយគ្នានេះលោកថា សេវាកម្មរទេះនេះជាផ្នែកមួយចូលរួមអភិរក្ស និងបង្ហាញឱ្យភ្ញៀវស្វែងយល់ ពីជីវភាពរស់នៅតាមជនបទ ក្នុងតំបន់អង្គរផ្សាភ្ជាប់នឹងប្រាសាទបុរាណខ្មែរ។
លោក គង់ សាន៖ «គេលែងប្រើក្របីហើយ មិនសូវមានរទេះក្របីទេ គេប្រើតែអាត្រាក់សព្វថ្ងៃ។ រាល់ថ្ងៃខ្ញុំចាស់ៗអញ្ចេះបានការងារពីររទេះក្របីនេះឯងហេសៗ គ្រាន់បានប្រាក់ចំណូល»។
ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាបលោក ខៀវ ធី យល់ថា សហគមន៍រទេះក្របីខ្សត់ភ្ញៀវទេសចរ ដោយសារភ្ញៀវទេសចរបរទេសភាគច្រើនពុំសូវមានពេលទៅកម្សាន្តទីនោះទេ ខណៈដែលពួកគេផ្ដោតតែទស្សនាប្រាសាទបុរាណ។
ដើម្បីដោះស្រាយបញ្ហានេះលោកយល់ថា រដ្ឋាភិបាល ក្រុមហ៊ុនទេសចរណ៍ និងសហគមន៍ទេសចរណ៍គួរតែការពិភាក្សាបង្កើតកម្មវិធីបញ្ចូលសហគមន៍រទេះក្របី និងសហគមន៍រទេះគោ ក្នុងកញ្ចប់សេវាកម្មភ្ញៀវទេសចរបរទេស និងក្នុងស្រុក។
លោក ខៀវ ធី៖«ជាពិសេសខ្ញុំចង់ឱ្យសហគមន៍ទេសចរណ៍ទៅជួបជាមួយអេកូទេសចរណ៍បញ្ចូលក្នុងសហគមន៍ផង ក្រៅតែពីប្រាសាទបុរាណ ដើម្បីឱ្យពួកគាត់ឆ្លៀតទៅជិះរទេះក្របីជួយសហគមន៍រកចំណូលបានផង»។
ប្រជាសហគមន៍ចាត់ទុករទេះក្របី ជាសញ្ញារំលឹកស្មារតីឱ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីគុណតម្លៃ និងអត្ថន័យរទេះក្របី ដែលដូនតាខ្មែរប្រើប្រាស់ ជាមធ្យោបាយដឹកជញ្ជូនសម្ភារៈ បម្រើជីវភាពពលរដ្ឋ វិស័យកសិកម្ម និងដឹកជញ្ជូនមនុស្សជាដើម។
ប្រជាសហគមន៍អំពាវនាវឱ្យពលរដ្ឋខ្មែរគាំទ្រសេវាកម្មរទេះក្របី រួមចំណែកជួយសហគមន៍ចាស់ជរា ឱ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
