ប្រជាសហគមន៍ខេត្តកំពង់ស្ពឺព្រួយបារម្ភ ពីអនាគតសត្វព្រៃកម្រជាច្រើនប្រភេទ ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ កំពុងប្រឈមបញ្ហាខ្វះទឹក។ ពួកគាត់ស្នើសុំអាជ្ញាធរឱ្យជីកស្រះទឹក និងអណ្ដូងបន្ថែមទៀត ដើម្បីសង្គ្រោះសត្វព្រៃកម្រទាំងនេះ។
ក្នុងពេលអាកាសធាតុកើនកម្ដៅខ្លាំង ចាប់តាំងពីខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បង្កការគំរាមកំហែងដល់ប្រភពទឹកមួយចំនួន ក្នុងព្រៃសហគមន៍ប្រាំបីមុំ ដោយតំបន់ខ្លះទឹករីងខះ ប៉ះពាល់សត្វព្រៃកម្រជាច្រើនប្រភេទ។ រីឯព្រៃនៅតំបន់មួយចំនួនទៀត ក៏ត្រូវភ្លើងឆេះអស់មួយផ្នែកធំ បណ្ដាលឱ្យស្មៅ និងដើមឈើ ដែលជាចំណីរបស់សត្វព្រៃខ្លោចក្រៀមស្វិតងាប់ជាបន្តបន្ទាប់។
ប្រធានសហគមន៍ប្រាំបីមុំ លោក សឿន ឡាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ កុម្ភៈថា បច្ចុប្បន្នព្រៃសហគមន៍ប្រាំបីមុំមានកូនស្រះទឹកតូចៗ ចំនួន ៣ កន្លែង ដែលបូមទឹកចេញពីអណ្ដូងក្រោមដី ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់សត្វព្រៃ។
លោកថា ប្រភពទឹកទាំងនេះមិនអាចបំពេញតម្រូវការ សត្វព្រៃផឹកគ្រប់គ្រាន់នោះឡើយ ដោយសារអណ្ដូងទឹកមួយចំនួនបានរីងខះ។
លោកយល់ថា ប្រសិនបើព្រៃអភិរក្សនេះមានស្រះទឹកធំៗ នឹងអាចសង្គ្រោះសត្វព្រៃបានច្រើន។
លោក សឿន ឡាយ៖«បើសិនមានស្រះធំស្តុកទឹកច្រើន វាមានសត្វស្លាបច្រើនដែររស់នៅ និយាយរួម សត្វស្លាបតូចៗ ច្រើនរស់ជុំគ្នា។ ពួកយើងចង់បានស្រះទឹកធំៗ ដើម្បីស្តុកទឹកនៅពេលខាងណាដាច់ទឹក យើងនឹងបង្ហូរទៅខាងនោះ»។
ព្រៃសហគមន៍ប្រាំបីមុំមានផ្ទៃដីជាង ១ពាន់ ២រយហិកតារ (១.២៥២) ឋិតក្នុងភូមិចំនួន៣ ក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រៃអភិរក្សនេះ សម្បូរសត្វព្រៃកម្រជាច្រើនប្រភេទកំពុងរស់នៅ រួមមាន សត្វទន្សោង ជ្រូកព្រៃ និងក្ងោក ជាដើម។
អ្នកភូមិថា ដើមឈើធំៗ ក្នុងតំបន់អភិរក្សនេះ ត្រូវបានគេកាប់អស់ស្ទើរតែទាំងស្រុង បច្ចុប្បន្ន នៅសល់តែដើមឈើតូចៗ និងព្រៃរេចរឹល ដែលសហគមន៍ដាំស្ដារឡើងវិញ។
រីឯប្រភពទឹកអូរធម្មជាតិ ដែលជាមេទឹកសំខាន់ៗ សម្រាប់សត្វព្រៃចិញ្ចឹមជីវិត ត្រូវក្រុមហ៊ុនរបស់ឧកញ៉ាលី យ៉ុងផាត់ ហ៊ុមព័ទ្ធយកធ្វើកសិកម្ម។
ប្រធានបណ្ដាញសហគមន៍ការពារព្រៃឈើ ខេត្តកំពង់ស្ពឺ លោក លីវ សារុំ បារម្ភអំពីអាកាសធាតុកើនកម្ដៅ ធ្វើឱ្យសត្វព្រៃពិបាករស់នៅ ហើយពួកវានឹងអាចផ្លាស់ទីទៅតំបន់ផ្សេងៗ ប្រឈមនឹងហានិភ័យ។
លោកបន្ថែមថា កន្លងទៅតំបន់នោះសម្បូរដើមឈើធំៗ និងព្រៃស្រោងមានទឹកគ្រប់គ្រាន់សម្រាប់សត្វព្រៃរស់នៅយ៉ាងសុខសាន្ត ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដើមឈើធំៗ បាត់បង់អស់ ប្រភពទឹកក៏ខ្សត់ដែរ ធ្វើឱ្យសត្វព្រៃងាប់ជាបន្តបន្ទាប់៖
លោក លីវ សារុំ៖«យើងមានការព្រួយបារម្ភមែនទែន ដោយសារសត្វកំពុងរស់នៅក្នុងព្រៃនោះច្រើន ប្រសិនជាយើងខ្វះប្រភពទឹក ហើយក្ដៅ សត្វនឹងអាចរត់ចេញទៅនៅតំបន់ផ្សេង អ៊ីចឹងយើងមានការព្រួយបារម្ភមែនទែន ដោយសារអាកាសធាតុក្ដៅ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាននៅឡើយទេ នៅថ្ងៃទី១៨ កុម្ភៈ។ រីឯអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
អត្ថបទដែលទាក់ទង៖
សត្វព្រៃក្នុងដែនជម្រកសត្វ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ងាប់ជាបន្តបន្ទាប់ ពេលអាកាសធាតុកើនកម្ដៅ
សហគមន៍ខេត្តមណ្ឌលគិរីបារម្ភអំពីសុវត្ថិភាពដំរីជាច្រើនក្បាល ប្រឈមការខ្វះទឹក
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ការប្រែប្រួលអាកាសធាតុឆ្នាំនេះ នឹងបង្កហានិភ័យខ្ពស់សម្រាប់សត្វព្រៃ ហេតុនេះ រដ្ឋាភិបាលគួរតែផ្តល់ដំណោះស្រាយជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតសត្វព្រៃ។
លោកថា អាជ្ញាធរគួរតែជីកស្រះទឹកធំៗ ឱ្យច្រើន ក្នុងព្រៃសហគមន៍ និងស្ដារប្រភពទឹកអូរឱ្យជ្រៅគ្រប់ច្រកល្ហក ដើម្បីរក្សាទឹកចិញ្ចឹមជីវិតគ្រប់រដូវ។
លោក ប៉ែន ប៊ុណ្ណារ៍៖«មែនទែនទៅ ធនធានធម្មជាតិ និងសត្វព្រៃ យើងត្រូវតែគិតគូរឱ្យបានច្រើន ដើម្បីបរិស្ថានទេសភាព ពីព្រោះកាលណាបាត់ព្រៃ សត្វក៏បាត់អស់ដែរ។ អ៊ីចឹង វាក៏គ្មានន័យអ្វីដែរ ដោយសារព្រៃលែងមានគុណភាពឱ្យសត្វរស់នៅ»។
ចំណែកប្រជាសហគមន៍នៅឯខេត្តឧត្តរមានជ័យឱ្យដឹងថា សត្វព្រៃជាច្រើនប្រភេទនៅ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន កំពុងប្រឈមខ្វះទឹក បូកផ្សំនឹងភ្លើងឆេះព្រៃ ធ្វើឱ្យពួកវាបាត់បង់អាហារ និងទីជម្រក។
ពួកគាត់អះអាងថា សត្វព្រៃកំពុងប្រឈមគ្រោះថ្នាក់ខ្លាំង រួមមាន សត្វទន្សោង ប្រើស ខ្ទីង ស្វា និង ជ្រូកព្រៃជាដើម ដែលត្រូវការទឹកផឹក និងចុះត្រាំក្នុងទឹក ក៏ប៉ុន្តែ ប្រសិនបើគ្មានប្រភពទឹកចិញ្ចឹមជីវិតទេ នឹងធ្វើឱ្យសត្វកម្រទាំងនេះងាប់ជាបន្តបន្ទាប់ ហើយអាចនឹងផុតពូជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។