ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឲ្យសហគមន៍មូលដ្ឋានទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ខណៈសហគមន៍មូលដ្ឋានកំពុងប្រឈមនឹងការគំរាមកំហែងស្ទើរគ្រប់រូបភាព ដោយសារការការពារធនធានធម្មជាតិ។ អ្នកឃ្លាំមើល និងសហគមន៍មូលដ្ឋាន ស្នើដល់អាជ្ញាធរ ឲ្យស្ដាប់នូវគោលការណ៍ណែនាំរបស់ក្រសួង និងបើកលម្ហសេរីភាពដល់សហគមន៍ ឲ្យចូលរួមការពារធនធានធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងនៅចំពោះមុខប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា អ្នកស្រី ណេលលី ហ្គូសានី (Nellie GHUSAYNI) កាលពីថ្ងៃទី៣ ខែមីនា នៅទីស្ដីការក្រសួងបរិស្ថានថា ប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលគ្រប់គ្រាន់ប្រចាំថ្ងៃ។ លោកបន្តថា ក្រសួងបរិស្ថាន បានដាក់ចេញនូវការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍រស់នៅសហគមន៍ការពារធម្មជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ។
គោលដៅលើកស្ទួយជីវភាពសហគមន៍ នៅតំបន់ការពារធម្មជាតិ
លោកបញ្ជាក់ថា គោលដៅនៃលំហែបៃតង គឺធ្វើឡើងក្នុងគោលបំណងលើកស្ទួយជីវភាពសហគមន៍ នៅតំបន់ការពារធម្មជាតិ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានផ្សាភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយទៀត និងបង្ហាញអំពីយុទ្ធនាការមួយចំនួនទៀត ដើម្បីបរិស្ថាន។
ទាក់ទងរឿងនេះ សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែលកំពុងរងការចោទប្រកាន់ចំនួន ៩សំណុំរឿងពាក់ព័ន្ធនឹងការចុះល្បាតព្រៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែមីនាថា លោកថ្លែងអំណរគុណចំពោះមន្ត្រីថ្នាក់ជាតិ ដែលបានដាក់ចេញនូវគោលការណ៍ ឲ្យសហគមន៍មូលដ្ឋានចូលរួមការពារធនធានធម្មជាតិ។ ទោះយ៉ាងណា សកម្មជនរូបនេះ ទទូចដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យស្ដាប់នូវគោលការណ៍ណែនាំរបស់អាជ្ញាធរថ្នាក់ជាតិ និងបើកឱកាសដល់ពួកគាត់ បានចូលរួមល្បាតព្រៃដោយគ្មានការគំរាមកំហែង ព្រមទាំងស្នើដល់តុលាការឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់មកលើសកម្មជនការពារបរិស្ថាន។
លោក អ៊ុក ម៉ៅ៖«សូមបញ្ជាក់ទៅវិញថា ថ្នាក់លើដាក់បញ្ជាឲ្យប្រជាពលរដ្ឋចូលរួមការពារធនធានធម្មជាតិ តែមន្ត្រីថ្នាក់ក្រោមគាត់មិនសប្បាយចិត្តទេ ត្រង់ថា ពេលណាពលរដ្ឋយើងចុះទប់ស្កាត់ ល្បាតព្រៃអីចឹងទៅ ពួកគាត់ច្រើនតែរារាំងដោយសារអ្វី ដោយសារតែទង្វើរបស់ពួកគាត់ហ្នឹង វាមិនត្រឹមត្រូវ ដល់ពេលធ្វើមិនត្រឹមត្រូវហើយ គាត់តែងតែរារាំងហើយ ។ បទល្មើស ត្រង់កន្លែងណា ដែលគាត់រារាំងមិនឲ្យប្រជាពលរដ្ឋចូល កន្លែងនោះ គឺព្រៃឈើរេចរឹលច្រើន»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៤ ខែមីនា។
សហគមន៍ស្នើសុំសិទ្ធិពេញចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ
អត្ថបទដែលទាក់ទង៖
ទាក់ទងនឹងរឿងនេះដែរ អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង មានប្រសាសន៍ថា កន្លងទៅក្រសួងបានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិជាច្រើនឆ្នាំមកហើយ ក្នុងគោលដៅឲ្យប្រជាសហគមន៍ចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងការលក់កាបូន។ អ្នកឃ្លាំមើលរូបនេះ ស្នើដល់អ្នកពាក់ព័ន្ធឲ្យផ្ដល់នូវសិទ្ធិសេរីភាពពេញលេញ ដល់យុវជន សកម្មជន និងសហគមន៍មូលដ្ឋាន ចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លោក សេង សុខហេង៖«ដើម្បីធ្វើឲ្យគម្រោងនេះ ជោគជ័យរដ្ឋាភិបាលគួរតែសិទ្ធិឲ្យបានទូលំទូលាយទៅដល់ប្រជាសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល ក្រុមអ្នកធ្វើការលើរឿងព្រៃឈើឲ្យបានចូលរួមពេញលេញ ព្រោះថា បើសិនជាពួកគេបានចូលរួមពេញលេញ កិច្ចការពារព្រៃឈើ ក៏វានឹងទទួលបានភាពជោគជ័យ ហើយព្រៃឈើនៅគង់វង្ស អីចឹងគោលដៅលំហែបៃតង ក៏នឹងជោគជ័យដែរ ។ ក៏ប៉ុន្តែប្រសិនជារដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន នៅតែរឹតត្បិតទៅលើការចូលរួមរបស់សហគមន៍ សាធារណជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងកិច្ចការពារធនធានធម្មជាតិ អាហ្នឹងដូចខ្ញុំនិយាយខាងដើមអីចឹង គឺវានឹងបរាជ័យ»។
សកម្មជន និងអ្នកឃ្លាំមើលធនធានធម្មជាតិ ស្នើដល់រដ្ឋាភិបាលឲ្យបើកលម្ហសេរីភាពដល់សហគមន៍មូលដ្ឋាន យុវជន សកម្មជន និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការចូលរួមការពារធនធានធម្មជាតិ ដែលនៅសេសសល់ និងទម្លាក់ការចោទប្រកាន់ទាំងអស់ លើអ្នកការពារធនធានធម្មជាតិនិងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។