ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គម្រោង​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ភូមិ​អន្ទ្រង​សែនជ័យ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ទាហាន​បើក​បារ៉ាស់​ផ្លូវ និង​ឲ្យ​អាជ្ញាធរ​លុបចោល​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចេញពី​ក្នុងភូមិ​អន្ទ្រង​សែនជ័យ ពីព្រោះ​គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ កំពុង​រស់នៅ​តំបន់​នោះ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិត​អះអាង​ថា អាង​ស្តុក​ទឹក​អាស៊ីដ​របស់​ក្រុមហ៊ុន ដែល​ពលរដ្ឋ​លើកឡើង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ពលរដ្ឋ​នោះ​ឡើយ។

ក្រោយ​ពលរដ្ឋ​ផ្សព្វផ្សាយ​ថា អាង​ស្តុក​ទឹក​អាស៊ីដ​របស់​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន​រួចមក អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចុះទៅ​ត្រួតពិនិត្យ និង​អះអាង​ថា អាង​ស្តុក​ទឹក​អាស៊ីដ​ទាំងនោះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ​ទេ​។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ថា អាជ្ញាធរ​ខេត្ត​មិនបាន​យក​កាកសំណល់​ដែល​មាន​ជាតិ​អាស៊ីដ​ទៅ​ត្រួតពិនិត្យ​នោះ​ទេ ដោយសារតែ​ក្រុមហ៊ុន​បាន​កាយ​ដី​លុប​អាង​ស្តុក​ទឹក​អាស៊ីដ ដើម្បី​បំបាត់​ភស្តុតាង​រួចហើយ មុន​អាជ្ញាធរ​ចុះទៅ​ដល់។

ពលរដ្ឋថា អាជ្ញាធរ​ជួយ​បិទបាំង​នូវ​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន

តំណាង​ប្រជាពលរដ្ឋ លោក ច្រាន សុខឡេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែមីនា​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កំពុងតែ​ជួយ​បិទបាំង​នូវ​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​។ លោក​ថា ពលរដ្ឋ​ជាង​៣០០​គ្រួសារ មិន​ឯកភាព​ចំពោះ​ការ​លើកឡើង​របស់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឡើយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។

លោក ច្រាន សុខឡេង៖«គឺ​សំណូមពរ​ដល់​រដ្ឋាភិបាល​ដល់​សម្ដេច​បវរ​ធិបតី ឱ្យ​ជួយ​រក​ដំណោះស្រាយ ពីព្រោះ​បញ្ហា​នេះ​ថ្នាក់​ខេត្ត​ឬ​នរណា​មួយ​គឺ​ដោះស្រាយ​មិនបាន​ទេ ក្រៅពី​សម្ដេច​ផ្ទាល់​ព្រោះ​សុទ្ធតែ​ខ្នង​ធំៗ​អស់ហើយ​សុទ្ធតែ​ទាហាន​ពី​អគ្គ​តវ៉ា​ដល់​ថ្នាក់​ខេត្ត​មិច​ហ៊ាន​ជាមួយ​អគ្គ»។

ពលរដ្ឋ​ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា នៅ​មុន​ពេល​អាជ្ញាធរ​ចុះ​មក​យក​កាកសំណល់​ទៅ​ត្រួតពិនិត្យ ក្រុម​ទាហាន និង​ក្រុមហ៊ុន បាន​នាំគ្នា​កាយ​ដី​លុប​អាង​ស្តុក​ទឹក​អាស៊ីដ​ទាំងនោះ ដើម្បី​បំបាត់ភស្តុតាង​រួចហើយ​។ លោកស្រី​ចាត់ទុក ការ​បំភ្លឺ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត។

ពលរដ្ឋ​លាក់ឈ្មោះ៖«មិនដឹង​ម៉េច​ដែរ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​ឲ្យ​ច្បាស់​ការណ៍​លាក់​ភស្តុតាង​ថា មិន​ប៉ះពាល់ ហើយ​ប្រជាពលរដ្ឋ​ម៉េច​សុខចិត្ត​គ្រាន់តែ​វា​ហូរ​ជ្រាប​តាម​ដី ទៅលើ​ស្មៅ គោ​ស៊ី​ស្មៅ​ក៏​ងាប់​គោ​ដែរ គីមី​នឹង​គឺ គីមី​ត្រាំ​មាស​ហើយ​ប្រសិនបើ​ទឹកអូរ​ភ្លៀង​ផុល​ដី​ហូរ​ទៅ​ចូល​អូរ​ប្រជាពលរដ្ឋ​ដែរ​ប្រើ​ទឹកអូរ គឺ​ងាប់​ទាំងអស់​ធ្វើ​ឈប់​វាយ​គីមី​ក្រោយ​សាលា​ត្រូវ​រុះ​ក្រុមហ៊ុន​នឹង​ចេញ​អត់​មាន​ឆ្លើយតប​ប្រជាពលរដ្ឋ​ទេ អត់​មាន​ឆ្លើយតប​ទាំងអស់ ហើយ​បី​ទីតាំង បួន​ទីតាំង​ក្រោយ​សាលា​នឹង ក្មេងៗ​សិស្សសាលា​ទៅ​រៀន​គឺ​ឈឺ​រហូត»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក ទី សុផល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃទី​២ ខែមីនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​០១ ខែមីនា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្ដី​បំភ្លឺ​ព័ត៌មាន​មួយ ដោយ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​រណ្ដៅ​ផ្ទុក​ជាតិពុល​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ប្រាកដ​មែន ប៉ុន្តែ​មិនបាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​នោះ​ទេ​។ អាជ្ញាធរ​បញ្ជាក់​ថា ទីតាំង​រណ្ដៅ​ផ្ទុក​ជាតិគីមី​ទាំងនោះ​គឺជា​ទីតាំង​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អន្ទ្រង មេធល រុករក​រ៉ែ​មាស ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បញ្ចប់​សកម្មភាព​ក្នុង​ការ​រុករក​រ៉ែ​មាស​នៅ​តំបន់​នោះ​រួចហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី មិនបាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នេះ​ឡើយ​។ ចំណែក​ផ្លូវ​ដែល​ទាហាន​ដាក់​បារ៉ាស់​បិទ​នោះ គឺជា​ការ​ការពារ​មិន​ឲ្យ​ជន​ឆ្លៀតឱកាស​ចូល​ធ្វើ​អាជីវកម្ម​រ៉ែ​បែប​អនាធិបតេយ្យ​ដោយ​ខុសច្បាប់​នៅ​ទីនោះ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) បានទេ នៅ​ថ្ងៃទី២ ខែមីនា។

មន្ត្រី​សិទ្ធិមនុស្សថា រដ្ឋាភិបាល​ត្រូវតែ​ត្រួតពិនិត្យ​ឡើង​វិញ ចំពោះ​ក្រុមហ៊ុន​រុករក​រ៉ែ​​ខុសច្បាប់

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវតែ​ត្រួតពិនិត្យ​ឡើង​វិញ ចំពោះ​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​តំបន់​នោះ ហើយ​ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​នោះ​ទេ រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​តាមច្បាប់ ហើយ​ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​នេះ​កើតឡើង នឹង​ត្រូវ​ទទួលទោស​តាមច្បាប់។

លោក ប៊ី វ៉ាន់នី៖«ប្រសិន​បានជា​យើង​រក​ឃើញ​ហើយ​យើង​មិន​ឲ្យ​គាត់​ទទួល​ខុសត្រូវ​ចំពោះ​ច្បាប់​ទេ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​រដ្ឋាភិបាល​វា​អត់​មាន​ប្រសិទ្ធភាព​ទេ អ៊ីចឹង​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ក៏ដូចជា​ច្បាប់​របស់​ប្រទេស​ឲ្យ​ក្លាយជា​ប្រទេស​នីតិរដ្ឋ ត្រូវ​ឲ្យ​ច្បាប់​ជាធំ ត្រូវ​យក​គោលនយោបាយ និង​ច្បាប់​រដ្ឋាភិបាល​ដើរ​ជាមួយគ្នា ហើយ​អនុវត្ត​គ្រប់​ជន​ណា​ទាំងអស់ មិន​ថា​មន្ត្រី​មិន​ថា​អ្នកមាន»។

ពលរដ្ឋ​អះអាង​ថា ទាហាន និង​ក្រុមហ៊ុន បាន​គប់គិត​គ្នា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ និង បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ ដោយ​មិនបាន​សិក្សា​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម និង​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។