តំណាងរដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិឆ្លើយតបទៅនឹងកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធបញ្ហាបណ្ដេញពលរដ្ឋនៅតំបន់អង្គរប្រមាណ៤ម៉ឺននាក់ (៤០.០០០) ចេញទាំងបង្ខំ ដោយអះអាងថា ជាការបំភ្លៃព័ត៌មាន និងគ្មានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរឡើយ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរតែទទួលយកចំណុចខ្វះខាត ដើម្បីកែលំអប្រសើរជាងឆ្លើយតបបដិសេធទាំងគ្មានភស្តុតាងច្បាស់លាស់។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (Geneva) ចាត់ទុកសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ដែលជំរុញឱ្យបញ្ឈប់ការបណ្ដេញពលរដ្ឋនៅតំបន់អង្គរតាមអំពើចិត្ត ថាគឺជាការបំភ័ន្ត ប្រាសចាកពីការពិត និងគ្មានការទទួលខុសត្រូវ។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានចេញ សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែធ្នូច្រានចោលទាំងស្រុងជុំវិញការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប កាលពីពេលថ្មីៗ នេះ ដោយការពាររដ្ឋាភិបាលកម្ពុជាថា ការផ្លាស់ប្ដូរទីលំនៅឋានថ្មីរបស់ពលរដ្ឋ នៅតំបន់អង្គរទៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងជាការស្ម័គ្រចិត្តដើម្បីជីវភាពរស់នៅសមរម្យ ពុំមានការបង្ខិតបង្ខំ ការយាយី ឬប្រើអំពើហិង្សាលើពលរដ្ឋឡើយ។ លើសពីនេះ តំណាងកម្ពុជាប្រចាំ អ.ស.ប បានបដិសេធថា នៅតំបន់អង្គរគ្មានជនជាតិដើមភាគតិចនោះទេ ហើយរដ្ឋាភិបាលបានផ្ដល់សំណងសមរម្យ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពលរដ្ឋ ដែលតាំងទីលំនៅឋានថ្មីផងដែរ។
ការឆ្លើយតបរបស់តំណាងកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ៥រូប ក្នុងនោះរួមមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ បានចេញ សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែធ្នូ បារម្ភអំពីការតាំងលំនៅថ្មីរបស់ពលរដ្ឋប្រមាណ ៤ម៉ឺននាក់ (៤០.០០០) រួមទាំងជនជាតិដើមភាគតិច នៅតំបន់អង្គរ ដោយសាររដ្ឋាភិបាលបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែង និងដីធ្លីទាំងបង្ខំឱ្យទៅរស់នៅតំបន់ដាច់ស្រយាល។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ទាំងនោះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការបណ្ដេញពលរដ្ឋចេញពីលំនៅឋានតាមអំពើចិត្ត និងបានជំរុញឱ្យប្រទេសជាសមាជិក ថ្កោលទោសរដ្ឋាភិបាលកម្ពុជា។
ទាក់ទងរឿងនេះ ពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដែលទៅតាំងទីលំនៅថ្មីក្នុងតំបន់រុនតាឯកថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែធ្នូ ថា ការលើកឡើងរបស់តំណាងរដ្ឋាភិបាលដោយអះអាងថា គិតគូរពីជីវភាពរបស់ពលរដ្ឋ គឺជារឿងមិនពិត ពីព្រោះរដ្ឋាភិបាលតែងធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋ និងមិនបានផ្ដល់សំណងសមរម្យជូនពលរដ្ឋឡើយ។ ពលរដ្ឋរូបនេះអះអាងថា ចាប់តាំងពីរដ្ឋាភិបាលបង្ខំឱ្យពលរដ្ឋមករស់នៅទីតាំងថ្មីមក រដ្ឋាភិបាលបានផ្ដល់លុយឱ្យពលរដ្ឋជាង ២លានរៀលតែប៉ុណ្ណោះ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនរស់នៅប្រឈមនឹងជីវភាពខ្វះខាត និងខ្លះទៀតចំណាកស្រុកដើម្បីរកលុយចិញ្ចឹមក្រពះ។
ពលរដ្ឋថ្លែងសុំមិនបញ្ចេញឈ្មោះ៖«អត់មានមួយខ្នងផ្ទះក៏អត់មានអ្វីៗ គឺត្រូវរាប់រងខ្លួនឯងទាំងអស់ថា សប្បុរសជនណាគាត់ចិត្តគាត់ចុះជួយទៅ ក៏បានទៅ។ ប៉ុន្តែ អ្នកខ្លះអត់ ក៏ត្រូវបាំងតង់ ក៏បាំងតង់ទៅអ្នកខ្លះមានផ្ទះចាស់ ដែលអាចយកមកធ្វើបាន ក៏ឈើនៅសេសប៉ុណ្ណឹង ក៏ធ្វើប៉ុណ្ណឹងទៅ»។
កាលពីថ្ងៃទី១៦ ខែធ្នូ អាជ្ញាធរជាតិអប្សរាក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ម្ដងរួចមកហើយដោយអះអាងថា អាជ្ញាធរជាតិអប្សរ តែងបំពេញកិច្ចការងារលើកកម្ពស់ និងគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋចំនួន ១១២ភូមិ ដែលបានមកតាំងលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក យិន ម៉េងលី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណា ចំពោះក្ដីបារម្ភរបស់អង្គការអន្តរជាតិ ពីព្រោះការឆ្លើយតបដោយគ្មានមូលដ្ឋាន គឺមិនបានផ្ដល់ផលចំណេញអ្វីដល់ពលរដ្ឋឡើយ។ លោកបន្តថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតករណីបណ្ដេញពលរដ្ឋចេញទាំងបង្ខំនេះឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានសមរម្យ។
លោក យិន ម៉េងលី៖«ធ្វើការចុះអធិការកិច្ច១ទៅជួបប្រជាពលរដ្ឋតែធ្វើម៉េចឱ្យឯករាជ្យកុំឱ្យប្រជាពលរដ្ឋភ័យខ្លាចរកមើលថា ពិតឬមិនពិត។ ប្រសិនបើបញ្ហាកើតឡើងហើយយើងមិនដោះស្រាយបញ្ហានេះពីមួយឆ្នាំទៅមួយឆ្នាំ ឆ្នាំ២០២៥ ឆ្នាំ២០២៦ វានៅតែជាបញ្ហាដដែល។ អ៊ីចឹង ស្នើសុំឱ្យរដ្ឋាភិបាលចុះធ្វើអធិការកិច្ចគាត់ចុះធ្វើការស្ទាបស្ទង់ពលរដ្ឋឱ្យបានត្រឹមត្រូវ»។
ការឆ្លើយតបរុញដាក់គ្នា និងដោះសាយករួចខ្លួនរបស់រដ្ឋាភិបាលកម្ពុជានេះ មិនមែនជារឿងចម្លែកនោះទេ ពីព្រោះកាលពីឆ្នាំ២០២២ កន្លងទៅរដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបណ្ដេញប្រជាពលរដ្ឋរស់នៅតំបន់អប្សរាប្រមាណ ៦ពាន់គ្រួសារ ដោយបង្ខំឱ្យទៅរស់នៅតំបន់រុនតាឯក ក្រោមលេសថា ដើម្បីបញ្ចៀសកុំឱ្យអង្គការយូណេស្កូ (UNESCO) ដកតំបន់អង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ផ្ទុយពីការអះអាងនេះ អង្គការយូណេស្កូ ធ្លាប់បានពន្យល់យ៉ាងច្បាស់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា តំបន់អង្គរមិនមែនគ្រាន់តែជាតំបន់បេតិកភណ្ឌប៉ុណ្ណោះទេ តែជាតំបន់ដែលមានជីវិតរស់រវើក។ អង្គការនេះ គូសបញ្ជាក់ថា វត្តមានរបស់ម្ចាស់អង្គរនៅទីនោះស្រាប់ គឺជាហេតុផលដ៏ចម្បងមួយ ដែលនាំឱ្យខ្លួនសម្រេចចិត្តដាក់បញ្ចូលតំបន់អង្គរទាំងមូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ កាលពីឆ្នាំ១៩៩២។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពរបស់ពលរដ្ឋរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដោយសារតែការដោះដូរឱ្យពួកគាត់ទៅរស់នៅទីតាំងថ្មី គឺមិនបានធ្វើឱ្យពួកគាត់រស់នៅស្ថានភាពល្អប្រសើរឡើយ ពោលគឺនៅតំបន់រុនតាឯក គឺជាដាច់ស្រយាល ហើយប្រព័ន្ធរំដោះទឹក អគ្គិសនី ផ្លូវថ្នល់ ក៏មិនទាន់មានគ្រប់គ្រាន់សម្រាប់ពលរដ្ឋដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
