ចម្រៀង"ខ្ញុំ​មិន​សុខ​ចិត្ត​ទេ"​ត្រូវ​បាន​អ្នក​ប្រឆាំង​ច្បាប់​អង្គការ​យក​មក​កែ​ទំនុក​ច្រៀង​ពេល​តវ៉ា

0:00 / 0:00

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ ដែល​មាន​បញ្ហា​ដីធ្លី បាន​ចេញ​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ជំទាស់​នឹង​គម្រោង​បង្កើត​អោយ​មាន​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ក្រៅ​ពី​ស្រែក​ទាមទារ និង​ការ​លើក​បដា​ផ្សេងៗ ពួកគេ​ក៏​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​តែង​ចាក់​អោយ​លាន់​ឮ​រំពង​ក្នុង​ពេល​តវ៉ា​នោះ​ផង។

ចម្រៀង៖ «យើង​មិន​សុខ​ចិត្ត​ទេ! យើង​មិន​ពេញ​ចិត្ត​ទេ! យើង​មិន​ត្រូវ​ការ​ទេ...!»

អ្នក​សហគមន៍ និង​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​នាំ​គ្នា​រាំ​ជា​ក្រុម​នៅ​លើ​ផ្លូច​ខាង​មុខ​រដ្ឋសភា​ទៅ​តាម​ចង្វាក់​ភ្លេង​នៃ​បទ "ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" នេះ។

ស្ដាប់​មួយ​ភ្លែត​បទ​នេះ​ធ្វើ​អោយ​អ្នក​ស្ដាប់​នឹង​ដល់​បទ​ចម្រៀង​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​របស់​អ្នកស្រី ប៉ែន រ៉ន អ្នក​ចម្រៀង​ខ្មែរ​កាល​ពី​អតីតកាល។ ប៉ុន្តែ​ខុស​ស្រឡះ បទ​នេះ​ត្រូវ​គេ​និពន្ធ​ទំនុក​ថ្មី ដែល​មាន​ន័យ​ប្រឆាំង​នឹង​ការ​បង្កើត​អោយ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម​ទៅ​វិញ​ទេ។

ពួក​គេ​បញ្ជាក់​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស៖ «យើង​មិន​សុខ​ចិត្ត​ទេ! យើង​មិន​ពេញ​ចិត្ត​ទេ យើង​មិន​ត្រូវ​ការ​ទេ ច្បាប់​អ្វី​ខុស​គេ​បំបិទ​សេរី។ ប្រទេស​ដែល​មាន​ច្បាប់​លទ្ធិប្រជាធិបតេយ្យ ប្រជា​ប្រុស​ស្រី ត្រូវ​មាន​សិទ្ធិ​សេរី​មិន​អាច​បំពាន...»

ស្រប​គ្នា​នឹង​ការ​ធានា​សិទ្ធិ​ពលរដ្ឋ បទ​ចម្រៀង​នេះ​ក៏​បាន​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នេះ​ពុំ​មាន​ប្រយោជន៍​ឡើយ នៅ​ពេល​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ជួបជុំ និង​បង្កើត​អង្គការ​វិជ្ជាជីវៈ​ដើម្បី​បំពេញ​ការងារ​សង្គម៖ «យើង​មាន​សិទ្ធិ​ចូល​រួម យើង​មាន​សិទ្ធិ​ជួបជុំ មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​បង្កើត​សមាគម​ សហជីព អង្គការ។ ច្បាប់​នេះ​រឹតត្បិត​ខ្លាំង​ខុស​ពី​ធម្មតា គ្មាន​ប្រយោជន៍​សោះ​ណា ច្បាប់​គ្រប់គ្រង​អង្គការ សង្គម​ស៊ីវិល...»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​ចូលរួម​ការ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ដែល​កំពុង​ឋិត​ក្នុង​ដៃ​រដ្ឋសភា​នេះ មាន​ចរិត​នយោបាយ​បម្រើ​ប្រយោជន៍​របស់​គណបក្ស​កាន់អំណាច។

លោក អំ សំអាត៖ «មិន​បាន​បម្រើផល​ប្រយោជន៍​សង្គម​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ឬ​ក៏​មិន​បាន​លើក​ស្ទួយ ឬ​​ការពារ​ទៅ​ដល់​ការ​បង្កើត​អង្គការ សមាគម និង​សិទ្ធិ​ក្នុង​ការ​​​ធ្វើ​សកម្មភាព​របស់​អង្គការ​សមាគម​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​បំបិទ​សំឡេង​របស់​អង្គការ សហគមន៍​មូលដ្ឋាន​​ដែល​កំពុង​មាន​ជាង ២៥.០០០​ហ្នឹង​ ហើយ​ក៏​បំបិទ​សំឡេង​រិះគន់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ»

បទចម្រៀង​ដដែល​នេះ​បាន​នាំ​អ្នក​បន្ទរ​អោយ​ស្រែក​ថា "ទេ" ដែល​សំដៅ​ថា និយាយ​ថា​ទេ​​ចំពោះ​ការ​បង្កើត​អោយ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល៖ «សូម​ថា​តាម​ខ្ញុំ យើង​មិន​ត្រូវការ​ទេ..ទេៗៗៗៗ»

សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដែល​ស្រែក​ទេៗ​តាម​បទ​ចម្រៀង​នេះ បាន​នាំ​គ្នា​ចង​អូស​បដា ដែល​សរសេរ​ថា "ច្បាប់​ស្ដីពី​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល" ដើរ​ដង្ហែ​លើ​ផ្លូវ​ខាង​មុខ​រដ្ឋសភា បន្ទាប់​មក​បាន​ដុត​បដា​នោះ​ចោល​ខាង​មុខ​រដ្ឋសភា៖ «បដិសេធ​ទាំង​អស់​គ្នា! ដុត​វា​ចោល​ទៅ...!»

យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Uon Chhin)

តំណាង​សហគមន៍​មួយ​រូប អ្នកស្រី ទេព វន្នី ដើរ​បណ្ដើរ​ស្រែក​បណ្ដើរ​ថា ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង​ជា​អ្នក​ការពារ​សិទ្ធិ​ដីធ្លី អ្នកស្រី​មិន​ចង់​អោយ​មាន​ច្បាប់​នេះ​ឡើយ៖ «ថា​ពលរដ្ឋ​ខ្មែរ​មិន​ចង់​បាន​ច្បាប់​នេះ​ទេ មែន​ទេ? ព្រោះ​ច្បាប់​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​មែន​អត់?...»

ចំពោះ​នាយក​លេខាធិការដ្ឋាន​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភិរម្យ មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សមាគម​ដែល​បំពេញ​ការងារ​តាម​មូលដ្ឋាន គឺ​ជា​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ។ លោក​សំណូម​ពរ​អោយ​មាន​ការ​ពិគ្រោះ​យោបល់​ច្បាប់​នេះ​អោយ​បាន​ទូលំទូលាយ​ជា​មុន​សិន ប្រសិន​បើ​រដ្ឋាភិបាល និង​រដ្ឋសភា​ពិត​ជា​ត្រូវ​ការ​ច្បាប់​នេះ​ដោយ​ខាន​មិន​បាន៖ «ត្រូវ​ពិគ្រោះ​យោបល់​អោយ​បាន​ទូលំទូលាយ ហើយ​អោយ​បាន​​​យូរ ហើយ​ទទួល​យក​នូវ​អ្វី​ដែល​ក្ដី​បារម្ភ​របស់​សង្គម​ស៊ីវិល ពលរដ្ឋ សហជីព សមាគម​ផ្សេងៗ​ហ្នឹង ធ្វើ​ម៉េច​អោយ​ពួកគាត់​អាច​ទទួល​យក​បាន។ បើ​យើង​ចេញ​ច្បាប់​មួយ​មាន​ន័យ​ថា ជញ្ជីង​សម្រាប់​ថ្លឹង​អោយ​មាន​ភាព​ស្មើ​គ្នា មាន​ន័យ​ថា ប្រជាពលរដ្ឋ​ទទួល​ផល​ប្រយោជន៍​ពី​ច្បាប់​ហ្នឹង​ទាំង​អស់​គ្នា អ៊ីចឹង​បើសិនជា​ច្បាប់​ហ្នឹង​ចេញ​មក ​បាន​ផល​ប្រយោជន៍​តែ​មួយ​ក្រុម​ណា​នោះ ហើយ​មួយ​ក្រុម​ទៀត​ត្រូវ​បាត់បង់​ប្រយោជន៍ អ៊ីចឹង​តើ​យើង​ខំ​ចេញ​ច្បាប់​ហ្នឹង​មាន​ន័យ​អី?»

យ៉ាង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ញឹកញយ​ហើយ​ថា កម្ពុជា​ជា​ឋានសួគ៌​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​ក៏​ដល់​ពេល​ដែរ ដែល​ត្រូវ​បង្កើត​ច្បាប់​នេះ។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា រដ្ឋាភិបាល​ធ្លាប់​បើក​អោយ​មាន​ការ​ពិភាក្សា​ច្រើន​លើក​ច្រើន​គ្រា​ហើយ ទើប​មាន​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៖ «សេចក្ដី​ព្រាង​ច្បាប់​នោះ បច្ចុប្បន្ន​បាន​ទៅ​ដល់​រដ្ឋសភា ជា​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​ច្រើន​លើក​ច្រើន​សា ហើយ​ជា​ស្មារតី​ដើម្បី​លើក​កម្ពស់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​​ និង​សិទ្ធិ​សេរីភាព​នោះ យើង​បាន​កាត់​បន្ថយ ឬ​​ដក​ចេញ​នូវ​ចំណុច​ដែល​ជា​ការ​លំបាក​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ បញ្ហា​ដែល​អាច​ថា នៅ​សេសសល់ យើង​ខ្ញុំ​នឹង​ខិតខំ​ទទួល​យក​នូវ​​មតិ​ទាំង​ឡាយ​បន្ត​ទៀត​​​​ ដើម្បី​កែលំអ​អោយ​កាន់​តែ​ប្រសើរ​ថែម​ទៀត»

យ៉ាង​ណា​រដ្ឋសភា​បាន​កំណត់​រួច​ហើយ​ថា នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​នេះ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ ហើយ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា រដ្ឋ​សភា បើក​អោយ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ច្បាប់​នេះ​ដែរ៕

យុទ្ធនាការប្រឆាំងច្បាប់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានរារាំង ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។