តុលាការ​កំពូល​សម្រេច​ឱ្យ​លោក កង សារ៉ន បន្ត​ជាប់​ពន្ធនាគារ​​​​៣​ឆ្នាំ​ដូច​តុលាការ​ថ្នាក់​ក្រោម

តុលាការ​កំពូល​​​​សម្រេច​ក្ដី​ឱ្យ​​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​​ លោក កង សារ៉ន ដែល​ហ៊ាន​រិះគន់​​​​លំហូរ​ជន​អន្តោប្រវេសន៍​វៀតណាម​ ឱ្យ​​បន្ត​ជាប់​ពន្ធនាគារ ៣​ឆ្នាំ​តាម​​សេចក្ដី​សម្រេច​របស់​សាលាដំបូង​​ខេត្ត​បន្ទាយមានជ័យ និង​​សាលាឧទ្ធរណ៍​​បាត់ដំបង។ គ្រួសារ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​​​​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​​ព្រោះ​ថា​​​ ការ​លើក​ឡើង​របស់​លោក កង សារ៉ន គឺ​ជា​សេរីភាព​បញ្ចេញមតិ។

តុលាការ​កំពូល​​នៅ​ព្រឹក​ថ្ងៃ​ទី​​១៤​ ខែ​​​​​​​​មករា បាន​ប្រកាស​សាលដីកា​​​​តម្កល់​សាលដីកា​​​​សាលា​ឧទ្ធរណ៍​បាត់ដំបង​ទុក​ជា​បាន​ការ​​ដោយ​​​​​​ផ្ដន្ទាទោស លោក កន សារ៉ន ជាប់​ពន្ធនាគារ​ចំនួន​បី​ឆ្នាំ​​ ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ​ជា​​អាទិ៍​» «ជេរ​ប្រមាថ​ជា​សាធារណៈ» និង​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។

ក្រោយ​ចេញ​ពី​សវនាការ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​កាត់​​ទោស​​ លោក កន សារ៉ន ហាក់​បង្ហាញ​ថា ជា​ករណី​បែប​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​​ដោយ​សារ​ដំបូង​ឡើយ​​អាជ្ញាធរ​បាន​​ចាប់​ខ្លួន​ និង​ដោះ​លែង លោក កន សារ៉ន មួយ​រយៈ​មុន​ពេល​ដែល​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​​កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ​។ លោក​ថា ការ​លើក​ឡើង​របស់​លោក​ កន សារ៉ន ជា​សិទ្ធិ​​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​​ដែល​ចង់​ឃើញ​​សង្គម​មាន​ការ​អភិវឌ្ឍ។

លោក អំ សំអាត៖«បញ្ហា​​នេះ​យើង​ឃើញ​ថា​វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​របស់​គាត់​មួយ​ដែរ​ ហើយ​ត្រូវ​បាន​​ចោទ​ប្រកាន់​គាត់​ ហើយ​ធ្វើ​ការ​ផ្ដន្ទាទោស​ទៅ​លើ​រូប​​គាត់​ ហើយ​​ក៏​ឃើញ​ករណី​លោក​ កង សារ៉ន​ នេះ​កាល​ពី​ឆ្នាំ​២០២៤​ ហ្នឹង​ក៏​មាន​កងកម្លាំង​ចូល​​ទៅ​នាំ​ខ្លួន​​គ្រួសារ​ លោក​ កង​ សារ៉ន​ ដល់​ស្នាក់​ការ​​អង្គការ​លីកាដូ​ខេត្ត​បន្ទាយ​មាន​ជ័យ​យក​ទៅ​ធ្វើ​ការ​សួរនាំ​ ហើយ​មាន​ការ​ដោះ​លែង​វិញ​ទៀត​ផង»។

លោក កង សារ៉ន បាន​ផ្សាយ​ផ្ទាល់​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ២០២៣។ ក្នុង​វីដេអូ​នោះ លោក កង សារ៉ន បាន​ចោទ​សួរ​ថា តើ​ក្រោយ​ពី​បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ប្រជាជន​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុស​ច្បាប់​ទៀត?

ក្រៅ​ពី​បញ្ចេញមតិ​រឿង​លំហូរ​ជន​បរទេស​នោះ លោក កង សារ៉ន ក៏​ធ្លាប់​រិះគន់​ ​​បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

លោក កន សារ៉ន ត្រូវ​បាន​ចាប់ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​ក្រោយពេល​ដែល​លោក​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​​សង្គម​របស់​លោក ហើយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់ ១០​ថ្ងៃ មុន​ពេល​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ​កាលពី​ថ្ងៃ​ទី​១​១ ខែ​កក្កដា​ ឆ្នាំ​២០២៣។ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ២០២៣ បាន​សម្រេច​ផ្ដន្ទាទោស​លោក កង សារ៉ន ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ ​តាម​មាត្រា​ ៤៩៥ ៣០៧ ​និង​ ៤៣៧ ​ស្ទួន​ ​នៃ​ក្រមព្រហ្មទណ្ឌ។ ​លោក សារ៉ន ត្រូវ​បាន​ចាប់ខ្លួន​​ជា​ថ្មី​ម្ដង​ទៀត​ ក្រោយ​ពី​ការ​ប្រកាស​សាលក្រម និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប លើក​ឡើង​ថា លោក​ស្រី​មិន​បាន​ទៅ​ចូល​ រួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​នោះ​ទេ​ ដោយ​សារ​តែ​​លោកស្រី​មិន​មាន​ថវិកា និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ។ លោកស្រី​យល់​ថា ការ​រក្សា​​បទ​ចោទ​ទៅ​លើ​​​ប្ដី​របស់​លោក​ស្រី​ដែល​មិន​​​បាន​ប្រព្រឹត្ត​កំហុស​នោះ​គឺ​ជា​រឿង​អយុត្តិធម៌​បំផុត។

លោកស្រី ហង្ស ត្រឹប​ ថា តុលាការ​មិន​ព្រម​ពិចារណា​លើ​ការពិត​នោះ​ទេ​ ហើយ​បន្ត​ឃុំ​ឃាំង​ប្ដី​លោក​ស្រី​ឱ្យ​បែក​ពី​គ្រួសារ​ ខណៈ​ដែល​ជីវភាព​របស់​គ្រួសារ​​កាន់​តែ​​លំបាក​ខ្លាំង។ លោកស្រី​ថា​​​ប្ដី​លោក​ស្រី​ក៏​កំពុង​មាន​ជំងឺ​លើសឈាម​ និង​ធ្លាក់​ខ្លួន​ឈើ​កាន់​តែ​ធ្ងន់​ដោយ​សារ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​មាន​ភាព​ពិបាក។

លោកស្រី ហង្ស ត្រឹប៖«ទៅ​កាន់​ក្ដី​ប្ដី​ខ្ញុំ​បន្ថែម​ អត់មាន​បន្ធូរបន្ថយ​​ឱ្យ​គ្នា​ ជាប់​៣​​ឆ្នាំ​នៅ​តែ​៣​ឆ្នាំ​ ខ្ញុំ​ពិបាក​និយាយ​ណាស់​អ៊ីចឹង នៅ​តែ​ខ្ញុំ​វេទនា​ណាស់​ណា​មួយ​គិត​ដល់​ប្ដី​សព្វគ្រប់​ ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ណា​ដែរ​ មិន​ដឹង​យល់​យ៉ាង​ណា​ កាល​មុន​ខ្ញុំ​ល្អែង​មាន​ថវិកា​តិច​តួច​​ទៅ​អើត​​ប្ដី​ខ្ញុំ​​​​ ដល់​ខ្ញុំ​អត់​ដែរ​ ដល់​ខ្ញុំ​អត់​ដែរ​ ខ្ញុំ​ក៏​ឈឺ​កូន​ក៏​ឈឺ​ខ្លាំង​ ខ្ញុំ​ក៏​ដើរ​មិន​រួច​ ខ្ញុំ​អត់​មាន​ប្រាក់កាស​ ខ្ញុំ​ក៏​អត់​បាន​ទៅ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា បាន​ទេ នៅថ្ងៃ​ទី១៤ ខែ​មករា​ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ តុលាការ​កំពូល​​​នៅ​ព្រឹក​ថ្ងៃ​ទី​​១៤​ ខែ​​​​​​​​មករា​ ដដែល​នេះ​​ ក៏​​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន​របស់​ ​កញ្ញា រៀម ស្រីពេជ្ររតនា និង​ ​លោក​ ​ធី​ ​ថន ដែល​អ្នក​ទាំងពីរ​ជា​អនុប្រធាន​នៃ​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​) ​ដោយ​សម្រេច​តម្កល់​សេចក្ដី​​សម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ ​​ឆ្នាំ​មុន​​ ​ទុកជា​បានការ។សកម្មជន​យុវជន​ទាំងពីរ​រូប​ ​ដែល​មាន​អាយុ​ ​២​៣​ឆ្នាំ​ ​និង​អាយុ​ ​២​៤​ឆ្នាំ​ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់ និង​អាច​ប្រឈម​​ជាប់​​ពន្ធនាគារ​រហូតដល់​ ​១​០​ ​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស។ នេះ​បើ​តាម​អត្ថបទ​ចេញ​ផ្សាយ​​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ថ្ងៃ​ដដែល។

កញ្ញា រៀមស្រីពេជ្ររតនា និង​ ​លោក ធី ថន ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​សីហា​ ​ឆ្នាំ​២០២៤ អំឡុង​ពេល​នៃ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​មនុស្សជាង ១០០​នាក់​ ​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បញ្ចេញមតិ​ ​ឬ​​នឹង​ប្រមូល​ផ្តុំ​គ្នា​​គ្រោង​តវ៉ា​ប្រឆាំង​​​នឹង​​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា ​ឡាវ​ និង​​ ​វៀតណាម (CLV-DTA) ដែល​ជា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​ហើយ​ដែល​កម្ពុជា​ទើប​តែ​សម្រេច​ដក​ខ្លួន​ចេញ​កាលពី​ពេលថ្មីៗនេះ។ ជា​សរុប​ ​មនុស្សជា​ង ៦០​នាក់​ ​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​នេះ។

ការ​ចាប់​ឃុំខ្លួន​លោក កង សារ៉ន និង​អ្នក​ហ៊ាន​បញ្ចេញមតិ​ដទៃ​ទៀត ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​ រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា រំលោភ​លើ​សេរីភាព​បញ្ចេញ​​មតិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​ឧបករណ៍​គំរាមកំហែង បំភិត​បំភ័យ​លើ​ប្រជាពលរដ្ឋ និង​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សម្ដែង​មតិ ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។