របាយការណ៍​​របស់មន្ត្រី​សិទ្ធិមនុស្ស​អ.ស.ប​ស្ដីពីការបណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ​នៅ​តំបន់​អង្គរ​ «គឺ​ជា​រឿង​ពិត»

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អង្គរ​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ព្រួយ​បារម្ភ​ចំពោះ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅ​តាំង​ទី​លំនៅ​ថ្មី​ដោយ​បង្ខំ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ និង​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​ករណី​បង្ខំ​ឱ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​តំបន់​អង្គរ​បន្ថែម​ទៀត។ ការ​លើក​ឡើង​នេះ ស្របពេល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​បដិសេធ​ចំពោះ​របាយការណ៍​នេះ​ ដោយ​ចាត់​ទុក​ថា ផ្ទុយ​ពី​ការ​ពិត និង​មិន​បាន​ស្វែង​យល់​ព័ត៌មាន​ពិត​ក្នុង​តំបន់​នោះ។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​យក​​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ទៅដោះស្រាយ ដើម្បី​កែ​លម្អ​ចំណុច​ខ្វះ​ចន្លោះ​បញ្ចប់​​ជម្លោះ​រ៉ាំរ៉ៃ ជាមួយ​​នឹង​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។

ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អង្គរ ដែល​ទៅ​តាំង​ទី​លំនៅ​ថ្មី ក្នុង​តំបន់​រុនតាឯក ថ្លែង​សុំ​លាក់​ឈ្មោះ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ១៧ ធ្នូ​ថា​ ចាប់​តាំង​ពី​គ្រួសារ​លោកស្រី​ រុះរើ​ផ្ទះ​សម្បែង​ក្នុង​តំបន់​អង្គរ​កាល​ពី​ឆ្នាំ ២០២២ រហូត​មក អាជ្ញាធរ​បាន​ផ្តល់​ថវិកា​សរុប​ចំនួន ២លាន ៥ សែន​រៀល(២៥០០.០០០) ឬស្មើជាង ៦រយដុល្លារ ប៉ុណ្ណោះ។

លោក​ស្រី​ថា ថវិកា​ទាំង​នេះ​មិន​អាច​សាងសង់​ជម្រក​ថ្មី​រស់​នៅ​បាន​ឡើយ ហើយ​បច្ចុប្បន្ន​លោកស្រី​ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​លំបាក​លំបិន។ លោកស្រី​យល់​ថា របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​គឺ​ជា​រឿង​ពិត។

ពលរដ្ឋ​ថ្លែង​សុំ​លាក់​ឈ្មោះ៖«ខ្ញុំ​រស់​នៅ​ក្នុង​ហ្នឹង​វា​ពិបាក​ វា​ប្រឈម​នឹង​ការ​ខ្វះខាត​ខ្លាំង ព្រោះ​យើង​រស់​នៅ​ទីនោះ​រាល់​ថ្ងៃ​ជា​តំបន់​រក​អ្វី​មិន​បាន​ទាល់​តែ​ហ្មង​!យើង​មិន​អាច​មាន​ចំណូល​ចេញ​ចូល​បាន​ទេ បើ​ចង់​រក​ទាល់​តែ​មក​ចម្ងាយ​ដី៣០-៤០គីឡូ លុះ​យើង​ទូទាត់​ទៅ​ត្រឡប់​ទៅ​វិញ​ គឺ​អត់​គ្រប់»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ធ្វើ​ឡើង ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តែ​មិន​ទទួល​ស្គាល់​ការពិត​ ពី​ស្ថានភាព​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​អាជ្ញាធរ​បង្ខំ​ឱ្យ​រុះរើ​ចេញ​ពី​តំបន់​នោះ ចាប់​តាំង​ពី​ឆ្នាំ ២០២២ រហូត​មក​ទល់​ពេល​នេះ។

ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ឆ្លើយតប​​ទៅ​នឹង ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​ថ្លែង​ការពារ​ថា អាជ្ញាធរ​ជាតិ​អប្សរា តែង​បំពេញ​កិច្ច​ការងារ​គោរព​សិទ្ធិ​មនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ច្បាប់​នានា​ ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ បេតិកភណ្ឌ​វប្បធម៌ ព្រម​ទាំង​គោលការណ៍​អនុសញ្ញា​ស្ដីពី​បេតិកភណ្ឌ​ពិភពលោក ។

អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ទៀត​ថា ក្នុង​រយៈ​កាល​៣០ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរជាតិអប្សរា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​កិច្ច​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​សហគមន៍ និងការ​រស់​នៅ​របស់​ពលរដ្ឋ ចំនួន១១២ភូមិ ជា​​យូរលង់​ណាស់មក​ហើយ​ ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ ហើយ​បច្ចុប្បន្ន​បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា​ចំនួន ៧៤ភាគរយ ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បន្ថែម​ជុំ​វិញ​រឿង​នេះ​ពី​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ​អ្នក​ គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ិន គង់ជិត គាំទ្រ​​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​យក​របាយការណ៍​នេះ ដោះស្រាយ​ ដោយ​ត្រូវ​ធានា​គោរព​សិទ្ធិ​លំនៅឋាន និង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ។

លោក អ៊ិន គង់ជិត៖«សេចក្តី​ប្រកាស​ព័ត៌មាន​គ្រាន់តែ​ជា​លេស​ដោះសា​ឆ្លើយតប​មួយ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​យើង​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ។ ហើយ​របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ គឺ​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ ព្រោះ​អី​គាត់​បាន​ចុះ​ទៅ​ទីតាំង​ជាក់ស្ដែង​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ ទាំង​អ្នក​រស់​នៅ​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ក្តី​ និង​អ្នក​ជម្លៀស​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ក្តី»។

អាជ្ញាធរ​ជាតិ​អប្សរា​បន្ថែម​ថា មន្ត្រី​ជំនាញ​បាន​អនុវត្ត​ស្រប​តាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជាដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ប្រជាជនដែល​បាន​តាំង​ទីលំនៅ​មិន​សមស្រប​មួយ​ចំនួនក្នុង​តំបន់​ការពារ​បេតិកភណ្ឌហើយ​ពួកគេ​បាន​ស្ម័គ្រចិត្ត ទៅ​តាំង​ទីលំនៅថ្មី តាមរយៈ​ការ​ផ្ដល់​កម្ម​​សិទ្ធិ​ដីធ្លី​ស្រប​ច្បាប់និង​គោលនយោបាយ​គាំពារ​សង្គម​រយៈពេល ១០ឆ្នាំ​ជាដើម។

ទោះ​ជា​យ៉ាង​ណា ក្នុង​​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៣ ធ្នូ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តាំង​ទីលំនៅ​ថ្មី​ដោយ​បង្ខំ​របស់​ប្រជាជន ប្រហែល​៤ពាន់​នាក់ (៤០.០០០) រួម​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង និង​ដី​របស់​ពួកគេ​ក្នុង​តំបន់​អង្គរ។

របាយការណ៍​បន្ត​ថា “កម្ពុជា​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​ការ​ផ្លាស់​ទីលំនៅ​តាម​អំពើ​ចិត្ត និង​ត្រូវ​ធានា​ថា ត្រូវតែ​អនុវត្ត​ស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ”​ ហើយ​អ្នក​ដែល​បាន​ផ្លាស់​ទីលំនៅ​ខុស​គួរ​តែ​មាន​សិទ្ធិ​វិល​ត្រឡប់​មក​វិញ។ លើស​ពី​នេះ​ទៀត​ ជន​ជាតិ​ដើម​ភាគ​តិច ឬ​ពលរដ្ឋ​មាន​ដើម​កំណើត​ក្នុង​តំបន់​អង្គរ​ មិន​គួរ​ត្រូវ​បាន​តាំង​ទី​លំ​នៅ​ថ្មី​ដោយ​គ្មាន​ការ​យល់​ព្រម​ជា​មុន និង​គ្មាន​ការ​ជូន​ដំណឹង​នោះ​ឡើយ។

រីឯ​នៅ​តំបន់​រុនតាឯក​ដែល​ជា​កន្លែង​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅ​តាំង​លំ​នៅ​ថ្មី​វិញស្ថានភាព​រស់​នៅ​ទី​នោះកំពុង​មាន​សភាព​ធ្ងន់ធ្ងរដោយ​ពលរដ្ឋ​ខ្វះខាត​ហេដ្ឋារចនាសម្ពន្ធ អគ្គិសនី ទឹកស្អាត និង​បង្គន់​អនាម័យ​ជាដើម។

របាយការណ៍​សង្កត់​ធ្ងន់​ថា "សហគមន៍​ក្នុង​តំបន់​អង្គរ និង​ជន​ជាតិ​ដើម​ភាគ​តិច​ មិន​គួរ​ក្លាយ​ជា​ជន​រងគ្រោះ​ផ្សេង​ទៀត​នៃ​ការ​តាំង​ទីលំនៅ​ថ្មី ដោយសារ​ការ​អភិរក្ស​ ក្នុង​តំបន់​ការពារ​ដោយ​អង្គការ​យូណេស្កូ (UNESCO) នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។