លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជាបានប្រឹងប្រែងលើកកម្ពស់សេរីភាពសារព័ត៌មាន និងជំរុញឱ្យអ្នកសារព័ត៌មានហ៊ាននិយាយការពិត រិះគន់ ដើម្បីស្ថាបនាពីបញ្ហាអយុត្តិធម៌ និងអំពើពុករលួយក្នុងសង្គម។ អ្នកឃ្លាំមើលថាការលើកឡើងនេះ ហាក់ពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈដែលរដ្ឋាភិបាល ដឹកនាំដោយត្រកូល «ហ៊ុន» នៅតែបន្តបិទខ្ទប់ស្ថាប័នសារព័ត៌មានឯករាជ្យ និងរឹតត្បិតសិទ្ធិសេរីបញ្ចេញមតិរបស់ពលរដ្ឋកាន់តែខ្លាំង នាពេលបច្ចុប្បន្ន។
អ្នកឃ្លាំមើលថា បច្ចុប្បន្ន សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះខ្លាំង ហើយស្ថាប័នព័ត៌មានឯករាជ្យ ត្រូវបានបិទខ្ទប់ ចំណែកអាជ្ញាធររដ្ឋ បន្តធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពាក់ព័ន្ធបញ្ហារសើបនៅក្នុងសង្គម។
ការកត់សម្គាល់របស់អ្នកឃ្លាំមើលនេះ គឺជាការឆ្លើយតបទៅនឹងលោក ហ៊ុន ម៉ាណែត ដែលបានថ្លែងកោតសរសើរ និងលើកឡើងថា សមិទ្ធផលដ៏ធំធេង និងភាពជោគជ័យយ៉ាងត្រចះត្រចង់ដែលរាជរដ្ឋាភិបាលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្ដាច់បានពីស្ថាប័នសារព័ត៌មាន។ ទន្ទឹមនឹងនោះ លោកថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើង សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មាន។
ជាងនេះទៅទៀត លោកហ៊ុន ម៉ាណែត ថា រាជរដ្ឋាភិបាលត្រូវការសារព័ត៌មាន ដែលមានការទទួលខុសត្រូវ មានភាពស្មោះត្រង់ ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីប្រឆាំងអំពើពុករលួយ និងការជួយកែទម្រង់ប្រព័ន្ធយុត្តិធម៌សង្គម ប្រព័ន្ធរដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះធ្វើឡើងតាមរយៈសារលិខិតផ្ញើទៅកាន់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលនឹងរៀបចំដោយក្លឹបអ្នកការសែតកម្ពុជា នៅថ្ងៃទី២១ ខែធ្នូខាងមុននេះ។
ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែធ្នូ ថា ការលើកឡើងរបស់រដ្ឋាភិបាលបែបនេះ គឺជារឿងល្អ ប៉ុន្តែ រដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញ ពាក់ព័ន្ធការបើកលំហសេរីភាពសារព័ត៌មានឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ លោកសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់សព្វថ្ងៃនេះ ស្ថាប័នឯករាជ្យ និងអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍រឿងរសើបពីបញ្ហាសង្គមមិនមានការកើនឡើងនោះទេ គឺមានតែថយចុះ ដោយសារតែលំហសេរីភាពនិងការរឹតត្បិតសិទ្ធិសេរីភាព នៅតែបន្តកើតមាន។
បន្ថែមពីនោះ លោកថា ដើម្បីបញ្ជាក់ថារដ្ឋាភិបាលយកចិត្តទុកដាក់លើសេរីភាពសារព័ត៌មានមែននោះរដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយការពារអ្នកសារព័ត៌មាន និងបើកលំហដល់ស្ថាប័នព័ត៌មានឯករាជ្យមួយជាក់លាក់ ក្នុងនោះរដ្ឋាភិបាលត្រូវពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន និងពន្លឿនការអនុម័តច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីការពារសុវត្ថិភាពអ្នកសារព័ត៌មាន។ឋលោកអះអាងថា ការធ្វើបែបនេះ ដើម្បីបញ្ឈប់បញ្ហានិទ្ទណ្ឌភាពមកលើអ្នកសារព័ត៌មានតទៅទៀត។
លោក ណុប វី៖«ការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានហ្នឹងគួរតែពន្លឿន និងអនុម័តឱ្យបានឆាប់រហ័សដើម្បីជួយជំរុញក្នុងការអនុវត្តសេរីភាពនិងសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មាន និងការការពារសន្តិសុខ សុវត្ថិភាពទៅដល់អ្នកសារព័ត៌មានគឺជារឿងដែលកាន់តែសំខាន់ទៅទៀត។ យើងឃើញថ្មីៗនេះ អ្នកសារព័ត៌មានម្នាក់នៅក្នុងខេត្តសៀមរាប គាត់ត្រូវបានគេបាញ់សម្លាប់ដោយសារតែគាត់ ដោយសារតែគាត់បានចុះយកព័ត៌មាន ហើយធ្វើការរាយការណ៍ព័ត៌មានច្រើនទាក់ទងបទល្មើសព្រៃឈើក្នុងសហគមន៍ជនជាតិដើម»។
គិតត្រឹមឆ្នាំ២០២៤ នេះ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានដាក់កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោម ១៨០ប្រទេស ដែលជាចំណាត់ថ្នាក់អន់បំផុតផ្នែក សេរីភាពសារព័ត៌មានរបស់ពិភពលោក។ ករណីនេះ ដោយសារតែរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បន្តបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់។
ទាក់ទិនរឿងនេះ អ្នកធ្វើអធិប្បាយពីបញ្ហានយោបាយ និងសង្គម លោក គឹម សុខ លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដែលថា រដ្ឋាភិបាលរបស់លោក ប្រឹងប្រែងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងបើកលំហសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនោះ គឺគ្រាន់តែជានយោបាយប្រជាភិថុតិ និយាយដើម្បីបិទបាំង ពីការដឹកនាំផ្ដាច់ការរបស់ត្រកូល «ហ៊ុន» ប៉ុណ្ណោះ ព្រោះលោកថា សព្វថ្ងៃនេះ អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានឯករាជ្យជាច្រើន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញវាយកម្ទេច និងបិទខ្ទប់មិនឱ្យមានតទៅទៀតនោះឡើយ។
លោក គឹម សុខ៖«ខ្ញុំមិនដឹងថាលោក ហ៊ុន ម៉ាណែត យកអ្វីទៅអួតពីការលើកកម្ពស់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា នៅពេលដែលប្រព័ន្ធព័ត៌មានសេរីដែលផ្សាយអំពីការពិត បញ្ហាអយុត្តិធម៌សង្គម និងអំពើពុករលួយ និងការកាប់ព្រៃឈើជាដើមនោះ ប្រព័ន្ធព័ត៌មានសេរីទាំងនោះមិនអាចផ្សាយនៅក្នុងស្រុកបានផងហ្នឹង។ សេចក្ដីថ្លែងរបស់លោក ហ៊ុន ម៉ាណែត ជាសារនយោបាយប្រជាភិថុតិសុទ្ធសាធ លោកហ៊ុន ម៉ាណែត អត់មានការខ្វះអៀនសូម្បីតែបន្តិច នៅពេលដែលនិយាយអំពីការលើកកម្ពស់សេរីភាពសារព័ត៌មាន»។
កាលពីដើមឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងបិទខ្ទប់គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់មិនឱ្យពលរដ្ឋចូលទៅអានព័ត៌មាន ដូចជា វិទ្យុអាស៊ីសេរី មូលដ្ឋានទិន្នន័យសាធារណៈកំណត់ត្រា (Kamnotra) និងកាសែតខេមបូឌា ដេលី (Cambodia Daily) ជាដើម។ ករណីនេះត្រូវបានអង្គការជាតិ និងអន្តរជាតិរិះគន់ថា ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុក និងរំលោភសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
