បក្ស​កម្លាំង​ជាតិ​នឹង​ជួប​មន្ត្រី​ទូត​អាមេរិក​និង​អឺរ៉ុប​នៅ​ដើម​សប្ដាហ៍​ក្រោយ ទាក់ទង​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ នឹង​ជួប​មន្ត្រី​ទូត​អាមេរិក​ និង​សហភាព​អឺរ៉ុប​នៅ​ភ្នំពេញ ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ជម្រាប​ជូន​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្នើ​ឱ្យ​មាន​ការ​ជំរុញ​ដំណោះស្រាយ។ ជំនួប​នេះ ធ្វើ​ឡើង​ស្រប​ពេល​តុលាការ​បញ្ជូន​សំណុំ​រឿង​លោក រ៉ុង ឈុន ទៅ​ជំនុំជម្រះ និង​ការ​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី ព្រម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​មនុស្ស និង​នយោបាយ។

គណបក្ស​កម្លាំង​ជាតិ លើក​ឡើង​ក្នុង​សំណើ​ដាក់​ទៅ​ស្ថាន​ទូត​អាមេរិក​ថា ការ​ស្នើ​សុំ​ជួប​ភារៈ​ធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​អ្នកស្រី ប្រ៊ីដចិត អិល វិកឃីរ (Bridgette L. Walker) នៅថ្ងៃទី១០ ខែ​មករា ឬ​ក្នុង​ពេល​វេលា​សមស្រប​ណា​មួយ ដោយសារ​តែ​សិទ្ធិ​សេរីភាព​នៅ​ប្រទេស​កម្ពុជា កាន់​តែ​រួម​តូច​ទៅៗ។ គណបក្ស​កម្លាំង​ជាតិ​ថា ចាប់​តាំង​ពី​មាន​រដ្ឋាភិបាល​ថ្មី​ជាង​មួយ​ឆ្នាំ ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ នឹង​ជួប​មន្ត្រី​ស្ថានទូត​នៅ​ថ្ងៃទី១៣ ខែ​មករា ហើយ​បន្ទាប់​មក ​នឹង​ជួប​មន្ត្រី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី១៤ ខែ​មករា។ ក្រៅ​ពី​នេះ លោក​ថា គណបក្ស​កម្លាំង​ជាតិ ក៏​គ្រោង​ស្នើ​ជួប​អ្នក​ការ​ទូត និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​ដែរ។

លោក រ៉ុង ឈុន ថា កម្មវត្ថុ​នៃ​ជំនួប​ទាំង​នេះ គឺ​ការ​ស្នើ​ឱ្យ​មាន​ការ​អន្តរាគមន៍​កែ​សម្រួល​លំហ​សេរីភាព និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ លោក​ថា គណបក្ស​កម្លាំង​ជាតិ គ្រោង​លើក​យក​ករណី លោក កឹម សុខា លោក ថាច់ សេដ្ឋា លោកស៊ុន ចន្ធី រួម​ទាំង​អ្នក​ទោស​មនសិការ ក្នុង​វិស័យ​នយោបាយ សង្គម បរិស្ថាន និង​សហជីពជា​ដើម ឱ្យ​បណ្ដា​មិត្ត​ប្រជាធិបតេយ្យ​ជួយ​ជំរុញ​ដំណោះស្រាយ។

លោក រ៉ុង ឈុន៖ «ដាក់​ទៅ​ស្ថានទូត​គឺ​លើក​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លើស​ពី​ហ្នឹង ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ដែល​កំពុង​តែ​ជាប់​ឃុំ​មនសិការ ហើយ​ជា​ពិសេស​សវនាការ​របស់​ខ្ញុំ​នៅ​ថ្ងៃទី១៧ ហ្នឹង»។

លោក រ៉ុង ឈុន ថា គោល​បំណង​របស់​គណបក្ស​កម្លាំង​ជាតិ ចង់​ឃើញ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ប្រសើរ​ឡើង ដើម្បី​បាន​ជំនួយ​អនុគ្រោះ​ពាណិជ្ជកម្ម​ ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប និង​ជៀស​ពី​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃទី១១ ខែ​មករា។ យ៉ាងណាក្ដី​ លោក ប៉ែន បូណា ធ្លាប់​លើក​ឡើង​ថា របាយការណ៍​នានា​ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ទេ ដោយ​អះអាង​ថា ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។

លោក ប៉ែន បូណា៖ «នៅ​កម្ពុជា​ការ​អនុវត្ត​ច្បាប់ គឺ​ត្រូវ​ប្រព្រឹត្ត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហើយ​អត់​មាន​រើស​អើង​ទេ អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​អនុវត្ត​ល្មើស​ច្បាប់ គឺ​​ត្រូវ​រង​ចំណាត់​ការ​ផ្លូវ​ច្បាប់។ បើ​មិន​ជឿ​បង​ប្អូន​ទៅ​មើល​ចុះ​នៅ​តុលាការ សំណុំ​រឿង​គរ​ដូច​ភ្នំ​អ៊ីចឹង ដោយសារ​អី? ដោយសារ​តែ​អ្នក​ដែល​គេ​ទទួល​រង​ផល​ប៉ះពាល់​គេ​ប្ដឹង​ផ្ដល់​រួច​ហើយ តុលាការ​ត្រូវ​ចាត់​ការ»។

យ៉ាងណា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា កត់​សម្គាល់​ ថា ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់​រឹង​មាំ ដូច​ជា សកម្មជន​នយោបាយ សង្គម និង​បរិស្ថាន នៅ​ក្នុង​ឆ្នាំ២០២៤ មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ ២០២៣ ទៅ​ទៀត។

លោក នី សុខា ថា សំណើ​សុំ​ជួប​មន្ត្រី​ទូត​អាមេរិក​របស់​គណបក្ស​កម្លាំង​ជាតិ អាច​​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​គណបក្ស​នេះ ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ចាប់​ខ្លួន និង​ការ​កាត់​ទោស​លើ​សកម្មជន និង​អ្នក​នយោបាយ ដែល​គណបក្ស​កម្លាំង​ជាតិ បាន​រក​ឃើញ​កន្លងមក។ លោក​ថា គណបក្ស​កម្លាំង​ជាតិ អាច​មាន​​គោល​ដៅ​ស្នើ​ឱ្យ​ភាគី​អាមេរិក ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​ភ្នំពេញ ឱ្យ​ពង្រីក​លំហ​​សេរីភាព និង​សិទ្ធិ​នយោបាយ ពីព្រោះ​សហរដ្ឋ​អាមេរិក តែងតែ​យក​ចិត្ត​ទុក​ដាក់​​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

លោក នី សុខា៖ «កិច្ច​ព្រមព្រៀង​របស់​អ្នក​នយោបាយ​ខ្មែរ នៅ​ក្នុង​ស្មារតី​នៃ​កិច្ច​ព្រម ព្រៀង​ទី​ក្រុង​ប៉ារីស​ថា ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ត្រូវ​តែ​ដើរ​លើ​គន្លង​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។ ដូច្នេះ ប្រសិន​បើ​យើង​មិន​ដើរ​លើ​គន្លង​ហ្នឹង​ទេ នោះ​ប្រទេស​កម្ពុជា នឹង​មាន​ផល​វិបាក​សម្រាប់​ការ​ធានា​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​មួយ​ប្រកប​ដោយ​និរន្តរភាព ការ​អភិវឌ្ឍ​មួយ ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​សេចក្ដី​សុខ​សាន្ត​ទាំងអស់​គ្នា។ អា​ហ្នឹង​ជា​រឿង​មួយ​ចាំ​បាច់ ដែល​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​តែ​ធ្វើ​ការ​ពិចារណា គិត​គួរ​និង​ធ្វើ​ការ​ដោះស្រាយ បើ​មិន​ពុំ​ដូច្នេះ​ទេ ខ្ញុំ​គិត​ថា កម្ពុជា​នឹង​ទទួល​រង​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ជា​ពិសេស​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ប្រទេស​ជា​ដៃ​គូរ​បន្ត​ទៀត»។

អ្នក​ឃ្លាំមើល លើក​ឡើង​ថា កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​គ្រប់​វិស័យ ប្រសិន​បើ​រដ្ឋាភិបាល​ភ្នំពេញ មិន​ព្រម​ភ្ញាក់​រលឹក​ស្ដារ​ប្រជាធិបតេយ្យ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​ឱ្យ​ទាន់​ពេល​វេលា​ទេ ពីព្រោះ​សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​អឺរ៉ុប រួម​ទាំង​សម្ព័ន្ធ​មិត្ត​ប្រទេស​ប្រជាធិបតេយ្យ នឹង​មិន​បន្ធូរ​ដៃ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ត្រកូល​ឡើយ។

សភា​សហភាព​អឺរ៉ុប កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ បាន​ចេញ​សេចក្ដី​សម្រេច​ ដោយ​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ ដាក់​ទណ្ឌកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ក្រុម​មនុស្ស ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ រឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា រហូត​ទាល់​តែ​អ្នក​ ទោស​នយោបាយ​ទាំងអស់​ត្រូវ​បាន​ដោះលែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។