រដ្ឋាភិបាល​ហ្វីលីពីន​រក​គ្រប់​មធ្យោបាយ នាំ​យក​ស្ត្រី​ហ្វីលីពីន​ពពោះ​ជំនួស​ចំនួន ១៣​នាក់​ចេញ​ពី​កម្ពុជា

0:00 / 0:00

រដ្ឋាភិបាល​ហ្វីលីពីន​អះអាង​ថា កំពុង​ប្រើ​គ្រប់​ មធ្យោបាយ ដើម្បី​នាំ​យក​ស្ត្រី​ហ្វីលីពីន ចំនួន ១៣នាក់ ដែល​បម្រើ​សេវា​ពពោះ​ ជំនួស នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ហ្វីលីពីន​វិញ។ មន្រ្តី​សង្គមស៊ីវិល ថា ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល ហ្វីលីពីន​នេះ​ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពលរដ្ឋ​ខ្លួន​ នៅ​កម្ពុជា។

ក្រសួង​បរទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ហ្វីលីពីន​ កំពុង​ប្រឹង​ប្រែង​រក​គ្រប់​មធ្យោបាយ ដើម្បី​អាច​យក​ស្ត្រី​ហ្វីលីពីន​ចំនួន ១៣នាក់ ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ហ្វីលីពីន​វិញ ហើយ​ស្ថាន​ទូត​ហ្វីលីពីន​នៅ​ភ្នំពេញ បន្ត​ សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា​លើ​បញ្ហា​នេះ។
ក្រសួង​ការបរទេស​ហ្វីលីពីន​បញ្ជាក់​ថា «រដ្ឋាភិបាល​ហ្វីលីពីន ធ្វើ​គ្រប់​យ៉ាង​ឱ្យ​អស់​ពី​លទ្ធភាព ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍ អំពី​ការ​វិល​ត្រឡប់​របស់​ស្ត្រី​ពពោះ​ជំនួស​ទាំង ១៣នាក់ ពី​កម្ពុជា​ទៅ​កាន់​ហ្វីលីពីន»។ ក្រសួង​ការ​បរទេស​ហ្វីលីពីន​កត់​សម្គាល់​ថា រដ្ឋាភិបាល​ហ្វីលីពីន កំពុង​អនុវត្ត​គ្រប់​វិធីសាស្ត្រ ហើយ​ភ្នាក់​ងារ​ផ្សេងៗ​ ក៏​ចូលរួម​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ដែរ។
កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នេះ កើត​ឡើង​ក្រោយ​ពី​ស្ត្រី​ហ្វីលីពីន ទាំង ១៣​នាក់ កាល​ពី​ថ្ងៃទី០២ ខែធ្នូ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល កាត់​ទោស​ឱ្យ​ ជាប់​ពន្ធនាគារ​រយៈពេល ៤ឆ្នាំ ពីបទ «ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្ស​សម្រាប់​ នាំ​ឆ្លង​ដែន» តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ២ ឆ្នាំ​ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ សំណុំ​រឿង​ស្ត្រី​ហ្វីលីពីន​ទាំង​នេះ គឺ​ជា​ករណី​ទី១ ដែល​តុលាការ​នៅ​កម្ពុជា​បាន​កាត់​ទោស​ស្ត្រី​បរទេស ដោយសារ ពួកគេ​បម្រើ​សេវាកម្ម​ពពោះ​ជំនួស​ នៅ​ប្រទេស​កម្ពុជា។

ជុំវិញ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នេះវិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ អ្នកស្រី ជូ ប៊ុនអេង បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃទី២៨ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃទី១៥ ខែ​ធ្នូ ថា ទោះបី​សាលាដំបូង​ខេត្ត​កណ្ដាល​កាត់​ទោស​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង ១៣​នាក់​ហើយ​ក្ដី ប៉ុន្តែ​លោក​ថា សាលក្រមកាត់ទោសពួកគាត់ មិនទាន់ចូលជាស្ថាពរ ហើយ​ក៏​មិន​ទាន់​មាន​ដីកា បង្គាប់​ឱ្យ​ខាង​ពន្ធនាគារ ទទួល​យក​ស្ត្រី​ទាំង​នោះ មក​ឃុំ​និង​គ្រប់គ្រង​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ ១៦ ឧសភា ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​មន្ទីរ​ពេទ្យ​របស់​នគរបាល។

ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី ហ្លែរីដា អ៊ែន កាមីល ម៉ាយ៉ូ (Flerida Ann Camille Mayo) មាន​ប្រសាសន៍​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​ជ្រើស​រើស​តាម​អ៊ីនធឺណិត ដោយ​ទី​ភ្នាក់ងារ​ផ្ដល់​សេវា​ពពោះ​ជំនួស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន។ អ្នកស្រី​ឯកអគ្គរដ្ឋទូត​ថា តាម​របាយការណ៍​ភ្នាក់ងារ​ជ្រើសរើស បាន​​សន្យា​ផ្ដល់​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ សម្រាប់​សេវាកម្ម​ពពោះ​របស់​ពួកគេ។
ក្រសួង​យុត្តិធម៌​ហ្វីលីពីន ក៏​ធ្លាប់​បាន​កំណត់​អត្តសញ្ញាណ​ទី​ភ្នាក់​ងារ​មួយ នៅ​ក្នុង​ ប្រទេស​ហ្វីលីពីន ដែល​បាន​ជ្រើស​រើស​ស្ត្រី​ឱ្យ​ធ្វើការ​ជា​អ្នក​ពពោះ​ជំនួស។ យ៉ាង​ណា ក្រុម​មន្ត្រី​ហ្វីលីពីន មិន​បាន​បញ្ចេញ​ឈ្មោះ​ទី​ភ្នាក់ងារ​នេះ​នោះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៨ ខែ​ធ្នូ​ថា ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ហ្វីលីពីន បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពលរដ្ឋ​របស់​ខ្លួន។ លោក​ថា ការ​ប្ដេជ្ញា​ចិត្ត របស់​ហ្វីលីពីន ជា​រឿង​មួយ ប៉ុន្តែ​កត្តា​សំខាន់​ត្រូវ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ

លោក អំ សំអាត៖ «ជា​ធម្មតា​ប្រទេស​នីមួយៗ ទី១ គឺ​កិច្ច​សហប្រតិបត្តិការ ទី២ គឺ​អនុស្សរណៈ​រួម​ដូច​ជា កម្ពុជា-ថៃ កម្ពុជា​-វៀតណាម​អី​កន្លងមក ហើយ​កម្ពុជា​និង​ប្រទេស​ផ្សេងៗ ក៏​ធ្លាប់​មាន​កិច្ច​សហប្រតិបត្តិការ​ផ្ទេរ ជន​ជាប់​ឃុំ​អី​មក​ជាប់​ឃុំ​នៅ​ប្រទេស​កម្ពុជា​វិញ ឬ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​គេ​វិញ​អ៊ីចឹង​ដែរ។ វា​អាស្រ័យ​អនុស្សរណៈ​រួម និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ហ្វីលីពីន​ជាមួយ​នឹង​ប្រទេស​កម្ពុជា»។

ស្ត្រី​ហ្វីលីពីន​ទាំង ១៣​នាក់ ត្រូវ​បាន​នគរបាល​កម្ពុជា​ជួយ​សង្គ្រោះ​ពី​ក្នុង​ផ្ទះ វីឡា​មួយ​កន្លែង នៃ​បុរី​វិមាន​ភ្នំពេញ នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃទី២៣ ខែកញ្ញា។ រដ្ឋាភិបាល​ហ្វីលីពីន​ចាត់​ទុក​ពួកគេ គឺ​ជា​ជន​រងគ្រោះ​ ហើយ​តែងតែ​ស្នើ​ឱ្យ​ភាគី​កម្ពុជា ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព។ ភាគី​ហ្វីលីពីន​ ក៏​ចាត់​ទុក​ទារក​ដែល​កើត​ពី​ស្ត្រី​ពពោះ​ជំនួស​ទាំង​នោះ ជា​ពលរដ្ឋ​ហ្វីលីពីន​ដែរ។

កម្ពុជា គឺ​ជា​មជ្ឈមណ្ឌល​សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​ពពោះ​ជំនួស​រយៈពេល​ខ្លី បន្ទាប់​ ពី​ប្រទេស​ថៃ ហាម​ឃាត់​អាជីវកម្ម​បែប​នេះ កាល​ពី​ឆ្នាំ២០១៥។ មួយ​ឆ្នាំ​បន្ទាប់​មក រដ្ឋាភិបាល​កម្ពុជា ក៏​ហាម​ឃាត់​ជំនួញ​របៀប​នេះ​ដែរ ហើយ​មាន​វិធានការ​ចាប់​ខ្លួន​ ស្ត្រី​ពពោះ​ជំនួស​និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង។
ក្នុង​ខែ​កក្កដា ឆ្នាំ២០១៨ ស្ត្រីខ្មែរ​ចំនួន ៣៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពពោះ ជំនួស​ម្ដាយ​ជន​ជាតិ​ចិន ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង បន្ទាប់​ពី​ពួកគេ​យល់​ព្រម​ ចិញ្ចឹម​កូន។ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១៨​ដដែល ស្ត្រី​ខ្មែរ​ពពោះ​ជំនួសចំនួន ១១នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ ដោយ​ហេតុ​ផល​យល់​ព្រម​ចិញ្ចឹម​កូន​ដូច​គ្នា។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង ១៣នាក់ គួរ​តែ​ត្រូវ​ដោះលែង​ ឱ្យ​មាន​សេរីភាព ដូច​ករណី​មុនៗ​ដែរ ដោយ​លើក​ហេតុផល​ថា ពួកគាត់​សុទ្ធ​តែ​ជា​ជន​រងគ្រោះ​ពី​អំពើ​បោកប្រាស់​ស្រដៀងៗគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។