ស្ត្រី​ហ្វីលីពីន​១៣​នាក់​ដែល​តុលាការ​កម្ពុជា​កាត់​ទោស​ករណី​ពពោះ​ជំនួស​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន ១៣​នាក់ ដែល​តុលាការ​កម្ពុជា​កាត់​ឱ្យ​មាន​ទោស​ក្នុង​សំណុំ​រឿង​ផ្ដល់​សេវា​ពពោះ​ជំនួស​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ ក្រោយ​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ហ្វីលីពីន​បញ្ជាក់​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ថា ស្ត្រី​ទាំង ១៣​នាក់​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ និង​មកដល់​ទីក្រុង​ម៉ានីល​ដោយ​សុវត្ថិភាព​ហើយ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកគេ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ។ កាលពី​ថ្ងៃទី២ ខែធ្នូ តុលាការ​ខេត្ត​កណ្ដាល​បាន​កាត់ទោស​ស្ត្រី​ហ្វីលីពីន​មាន​ផ្ទៃពោះ​ចំនួន ១៣​នាក់​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ពី​បទ «​ប៉ុនប៉ង​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​» តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ២​ឆ្នាំ ហើយ​ទោស ដែល​នៅសល់​ត្រូវ​ព្យួរ។

បើទោះជា​យ៉ាងណា​ពួកគេ​មិន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទេ គឺ​ពួកគេ​សម្រាក​នៅ​មន្ទីរពេទ្យ ១៦ ឧសភា ចាប់តាំងពី​ពេល​ឃាត់ខ្លួន កាលពី​ខែ​កញ្ញា រហូត​ដល់​ពេល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​នេះ។

សំណុំរឿង​ស្ត្រី​ហ្វីលីពីន​ទាំងនេះ គឺជា​ករណី​ទី​១ ដែល​តុលាការ​នៅ​កម្ពុជា​បាន​កាត់ទោស​ស្ត្រី​បរទេស​ដោយសារ​ពួកគេ​បម្រើ​សេវាកម្ម​ពពោះ​ជំនួស ដែល​ខុសច្បាប់​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។