ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​មួយ​ឈូស​ឆាយ​ភ្នំ​និង​ស្រែ​ចម្ការ​ពលរដ្ឋ

ប្រជាពលរដ្ឋ​រស់​នៅ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​ថា មាន​ក្រុមហ៊ុន​មួយ​ដែល​ពលរដ្ឋ​មិន​ទាន់​ស្គាល់​ឈ្មោះ​មួយ​ធ្វើ​អាជីវកម្ម​រ៉ែ កំពុង​ឈូស​ឆាយ​ភ្នំ​តូច​ធំ និង​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជា​ច្រើន​ហិកតារ ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​សមរម្យ​ថែម​ទៀត។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជំរុញ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ទាំង​នោះ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ចុះ​ពិនិត្យ​ជាក់​ស្ដែង និង​រក​ដំណោះស្រាយ។

ពលរដ្ឋ​រស់នៅ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​ថា មាន​ក្រុមហ៊ុន​មួយ​ដែល​ពលរដ្ឋ​មិន​ទាន់​ស្គាល់​ឈ្មោះ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ភ្នំ​តូច​ធំ និង​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជា​ច្រើន​ហិកតារ ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ ដោយ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមហ៊ុន មិន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​អាជីវកម្ម​នេះ​ឡើយ។ លើស​ពី​នោះ អាជ្ញាធរ​មូលដ្ឋាន បាន​ដើរ​ហាម​ឃាត់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មិន​ឲ្យ​ចេញ​តវ៉ា និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​ដែល​ពួកគេ​បាន​កំណត់​ថែម​ទៀត។

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៥ ខែ​មករា​ថា មាន​ក្រុមហ៊ុន​មួយ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ដាក់​គ្រឿងចក្រ​ជា​ច្រើន​ឈូស​ឆាយ​ភ្នំ​តូច​ធំ នៅ​ត្រង់​ចំណុច​អូររំពេ និង​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​ថែម​ទៀត។ លោក​ថា ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ ដោយ​មិន​បាន​វាយ​តម្លៃ​ផល​ប៉ះពាល់ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​នោះ​ទេ ចំណែក​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ឡើយ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ដើរ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដី​ស្រែ​ចម្ការ​និង​ទទួល​យក​សំណង​ដែល​ក្រុម​ហ៊ុន​កំណត់។

លោក អ៊ុក ម៉ៅ៖ «គាត់​ធ្វើ​នេះ​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ សុំ​ឲ្យ​កែ​តម្រូវ​ដល់​អាជ្ញាធរ​ផង ពីព្រោះ​ទង្វើ​គាត់​ធ្វើ​នេះ​ដូច​ធ្វើ​បាប​ប្រជាពលរដ្ឋ​ពេក​ហើយ អាង​តែ​គាត់​មាន​អំណាច​ជា​មេ​ឃុំ»។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ម្នាក់ គឺ​លោក វន ហូយ ឲ្យ​ដឹង​ថា ដី​ស្រែ​ចម្ការ​ចំនួន​២ហិកតារ​របស់​លោក មាន​ដំណាំ​ស្វាយ​ចន្ទី និង​ដំឡូង ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ ដោយ​បង្ខំ​លោក​ឲ្យ​ទទួល​សំណង​ចំនួន​៦​ពាន់​ដុល្លារ ហើយ​ប្រសិនបើ​លោក​មិន​ទទួល​យក​សំណង​នេះ​នោះ​ទេ នៅ​ពេល​ក្រុមហ៊ុន​ឈូស​ឆាយ​យក​រ៉ែ​ហើយ ក្រុមហ៊ុន​នឹង​មិន​ផ្ដល់​សំណង​ឲ្យ​ឡើយ។ លោក​បន្ថែម​ថា ជា​រៀងរាល់​ឆ្នាំ​លោក​អាច​រក​ប្រាក់​បាន ពី​ការ​លក់​ដំឡូង និង​ស្វាយចន្ទី ចាប់​ពី​៤​ពាន់​ដុល្លារ​ទៅ​៦​ពាន់​ដុល្លារ​ក្នុង​មួយ​រដូវ។

លោក វន ហូយ៖ «មេ​ឃុំ​ទេ​ដែល​មក​បង្ខំ​ខ្ញុំ ខ្ញុំ​មិន​ទាន់​ថា​លក់​១ហិកតារ​២​ទៅ​៣​ពាន់​ដុល្លារ​នោះ​ទេ មក​ប្រាប់​ខ្ញុំ​ពីរ​ទៅ​បី​ដង ប្រសិនបើ​ខ្ញុំ​មិន​លក់​ដី​នេះ​ក៏​គេ​នៅ​តែ​យក​ដដែល ហើយ​គ្មាន​បាន​លុយ​១​រៀល​ទេ វា​មិន​សម​ទេ​មិន​ស្មើ​ខ្ញុំ​ធ្វើ​ដំណាំ​ក្នុង​មួយ​ឆ្នាំ​ទេ តម្លៃ​នោះ​ឲ្យ​បាន​១​ម៉ឺន​ដុល្លារ​ជាង​បាន​សម អាច​ទៅ​រក​ទិញ​ដី​ធ្វើ​ចម្ការ​បាន​ទៀត»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា​ថា លោក​មិន​ទាន់​ដឹង​អំពី​ការ​ឈូស​ឆាយ​ភ្នំ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​តំបន់​នេះ​នោះ​ទេ ប្រសិនបើ​មាន​ករណី​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង ដែល​ពលរដ្ឋ​មិន​ពេញ​ចិត្ត ពលរដ្ឋ​មាន​សិទ្ធិ​មិន​ទទួល​យក ហើយ​ពលរដ្ឋ​ត្រូវ​រាយការណ៍ ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​នេះ។

mining.jpg
រូបភាព​ក្រុមហ៊ុន​ឈូសឆាយ​ភ្នំ​អូររំពេ និង​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ពោធិ៍វាល ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ថត​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

លោក ម៉ែន គង់៖ «ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​មិន​ទទួល​យក​សំណង​ប្រសិនបើ​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​គាត់​ពិត​ប្រាកដ ហើយ​ដោះស្រាយ​ទៅ​តាម​គោលការណ៍​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ស្រុះស្រួល​គ្នា​ជា​មុន មុន​អនុវត្ត​សកម្មភាព​នៅ​ក្នុង​តំបន់​ទាំង​អស់​នោះ នេះ​គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ផែន​ការ​សកម្មភាព និង​គោលការណ៍​ក្នុង​ករណី​មាន​ការ​វិនិយោគ​ណា​មួយ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ»។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ នឹង​មាន​ដំណោះស្រាយ​ជា​មុន​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ដំណើរ​ការ​អាជីវកម្ម។

លោក ហេង គឹមហុង៖ «អ៊ីចឹង​អ្វី​ដែល​គួរ​តែ​ធ្វើ​បន្ថែម​ទៀត​នោះ គឺ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ ហើយ​មិន​អាច​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ចាកចេញ​ពី​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​បាន​ទេ នេះ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មិន​អាច​ទៅ​បង្ខំ​ទេ បើ​បង្ខំ​វា​ខុស​ពី​ច្បាប់​ហើយ ហើយ​ត្រូវ​ជជែក​ពិភាក្សា ហើយ​សង្ឃឹម​ថា​ការ​ធ្វើ​អាជីវកម្ម​នេះ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ហើយ​មាន​បច្ចេកទេស​ត្រឹមត្រូវ​មិន​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន»។

នេះ​មិន​មែន​ជា​ករណី​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន ហើយ​ក្រុមហ៊ុន​ទាំង​នោះ មិន​បាន​សិក្សា​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​អស់​នេះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​ដើរ​បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន និង​គំរាមកំហែង​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា​ថែម​ទៀត។

ជាក់​ស្ដែង ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD)​របស់​ឧកញ៉ា ទ្រី ដាលុច ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ជិត​១០​កន្លែង នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។