ពលរដ្ឋរងគ្រោះដីធ្លីនៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា អាជ្ញាធរថ្នាក់ជាតិបានចុះទៅជួបប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ប៉ុន្តែអាជ្ញាធរថ្នាក់ជាតិមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះទេ ក្រៅពីលួងលោម និងបង្ខំឲ្យពលរដ្ឋចាកចេញពីផ្ទះសម្បែង ហើយប្រគល់ដីធ្លីទាំងនោះឲ្យទៅក្រុមហ៊ុន។ ប៉ុន្តែពលរដ្ឋទាមទារឲ្យអាជ្ញាធរកាត់ឆ្វៀលដីស្រែចម្ការទាំងនោះឲ្យប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផល។
អាជ្ញាធរថ្នាក់ជាតិខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែមីនា បានចុះទៅជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម។ ប៉ុន្តែពលរដ្ឋថា អាជ្ញាធរថ្នាក់ជាតិមិនបានរកដំណោះស្រាយតាមការចង់បានរបស់ប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះទេ ផ្ទុយទៅវិញ អាជ្ញាធរបានប្រាប់ពលរដ្ឋថា ដីធ្លីទាំងនោះនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យទៅក្រុមហ៊ុនឯកជនដើម្បីធ្វើការវិនិយោគដាំដំណាំអំពៅ។
ពលរដ្ឋថា នឹងមិនចាកចេញតាមការបង្ខំរបស់អាជ្ញាធរឡើយ
តំណាងប្រជាពលរដ្ឋនៅឃុំកោះខ្ញែរ លោកស្រី អែល រ៉ូស្សា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែមីនាថា ប្រជាពលរដ្ឋនឹងមិនចាកចេញតាមការបង្ខំរបស់អាជ្ញាធរឡើយ ពីព្រោះពួកគាត់មិនមានដីធ្លីកន្លែងផ្សេងសម្រាប់រស់នៅ និងអាស្រ័យផលនោះទេ។ មួយវិញទៀតដីធ្លីផ្ទះសម្បែង និងដីស្រែចម្ការកំពុងមានវិវាទជាមួយក្រុមហ៊ុន គឺជាទីកន្លែងកំណើតរបស់ពួកគាត់ ហើយពលរដ្ឋរស់នៅតំបន់នោះមុនក្រុមហ៊ុនវៀតណាមចូលទៅវិនិយោគ។ លោកស្រីបន្ថែមថា អាជ្ញាធរហាក់មានភាពលំអៀងទៅខាងក្រុមហ៊ុន និងអ្នកអំណាច ដោយមេការក្រុមហ៊ុនដែលជាជនជាតិវៀតណាម មានសិទ្ធិគ្រប់គ្រងដីរាប់រយហិកតារ ចំណែកពលរដ្ឋខ្មែរឯងវិញ ត្រូវបានអាជ្ញាធរបណ្ដេញចេញដូចសត្វធាតុ។
លោកស្រី អែល រ៉ូស្សា៖«មេការក្រុមហ៊ុនមានដីរាប់រយហិកតារហេតុអ្វីមិនខុសច្បាប់ ហើយពលរដ្ឋមានដីបន្តិចបន្តួចហេតុអ្វីខុសច្បាប់ ហើយក្រុមហ៊ុនជនជាតិយួនមានដីរាប់រយហិកតារ បែរជាខ្ញុំនៅមុនក្រុមហ៊ុនខុសច្បាប់ មើលរដ្ឋាភិបាលជួយមើលរដ្ឋាភិបាល កុំអាងអ្វីគំរាមកំហែង កុំអាងអ្វីរុះរើផ្ទះសម្បែង ពលរដ្ឋរស់នៅយូរហើយឲ្យការរស់នៅសមស្របមក ហើយភូមិស្រុកគាត់នៅនឹងឲ្យគាត់ទៅណា»។
ពលរដ្ឋនៅឃុំកោះខ្ញែរ ទាមទារឲ្យរដ្ឋាភិបាលរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីធ្លីកំពុងមានវិវាទឲ្យទៅពលរដ្ឋបានអាស្រ័យផលវិញ ពីព្រោះពលរដ្ឋមិនមានដីស្រែចម្ការសម្រាប់អាស្រ័យផលទៀតនោះទេ។
អត្ថបទដែលទាក់ទង៖
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១១ ខែមីនា។
សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធររកដំណោះស្រាយឲ្យបានសមរម្យ
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី នៅតែជំរុញឲ្យអាជ្ញាធររកដំណោះស្រាយឲ្យបានសមរម្យ ដោយកាត់ឆ្វៀលដីធ្លី ដែលពលរដ្ឋអាស្រ័យផលជាក់ស្ដែងប្រគល់ឲ្យទៅពលរដ្ឋ ដើម្បីបញ្ចប់បញ្ហាដីធ្លីរ៉ាំរ៉ៃមួយនេះ។ លោកថា អាជ្ញាធរគួរតែស្ដាប់ការចង់បានរបស់ប្រជាពលរដ្ឋ និងរកដំណោះស្រាយឲ្យពួកគាត់ ប្រសើរជាងប្រើប្រាស់រូបភាពគំរាមកំហែងនាំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងខូចមុខមាត់របស់រដ្ឋាភិបាល។
លោក យិន ម៉េងលី៖«ខ្ញុំនៅតែទទូចថាឲ្យកាត់ឆ្វៀលដីឲ្យទៅប្រជាពលរដ្ឋទៅ កុំឲ្យនៅយកឈ្នះចាញ់ជាមួយប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋអត់មានដី មានការប៉ះពាល់ មានការអះអាងរបស់អាជ្ញាធរអ៊ីចឹង យើងមិនចង់ឲ្យមានការគំរាមកំហែងណាមួយទៅលើប្រជាពលរដ្ឋទេ យើងកាត់ឆ្វៀលដើម្បីប្រជាពលរដ្ឋហើយបញ្ចប់បញ្ហានេះទៅ»។
ក្រោយក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) ក្ស័យធនកាលពីឆ្នាំ២០១៧ នៅឆ្នាំ២០២១ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានសហការគ្នាដំណើរការ ដាំដំណាំអំពៅឡើងវិញ សម្រាប់ផលិតជាស្ករស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងវៀតណាម។ ប៉ុន្តែការវិនិយោគនេះបានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការពលរដ្ឋជាង៣០០គ្រួសារ ហើយក្រុមហ៊ុនបានឈូសឆាយបំផ្លាញផលដំណាំកសិកម្ម និងដុតផ្ទះសម្បែងរបស់ពលរដ្ឋចោលថែមទៀត។
ក្រោយមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម និងមិនមានដំណោះស្រាយអស់រយៈពេលជិត ១ឆ្នាំមកនេះ ពលរដ្ឋរងគ្រោះដីធ្លីជិត១០០គ្រួសារ បាននាំគ្នាចំណាកស្រុកស្វែងរកការងារធ្វើ ដោយបង្ខំឲ្យកូនចៅរបស់ពួកគាត់បោះបង់ការសិក្សាទៅតាមឪពុកម្ដាយ ដើម្បីរកប្រាក់សងបំណុលធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។