ប្រជាពលរដ្ឋរស់នៅរាជធានីត្អូញត្អែរពីបញ្ហាទឹកលិចរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ។ បញ្ហានេះ បានបង្កផលប៉ះពាល់ដល់ការរស់នៅប្រកបរបរផ្សេងៗ ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់ជាច្រើន។
សកម្មជន និងអង្គការដែលធ្វើការទៅបរិស្ថានមើលឃើញថា បញ្ហាទឹកលិចនៅទីក្រុងភ្នំពេញក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាលមកពីការលុបបឹងដែលនៅក្បែរក្រុង និងការទុកដាក់សំរាមមិនបានត្រឹមត្រូវ។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចង់ឃើញរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ប្រញាប់ដោះស្រាយបញ្ហាទឹកជន់លិចទីក្រុង ដោយទឹកភ្លៀងដោយយកចិត្តទុកដាក់ និងឲ្យមានប្រសិទ្ធភាព។
ការអំពាវនាវនេះ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកគឺលោកស្រី ផល សឿត រៀបរាប់ថានៅក្នុងសង្កាត់ដែលលោកស្រីរស់នៅមានការជន់លិចធ្ងន់ធ្ងររាល់ពេលមានភ្លៀងធ្លាក់ម្ដងៗ។ លោកស្រីបន្តថា ការជន់លិចនេះបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរលក់ដូររបស់លោកស្រី។ ជាងនេះទៅទៀត ទឹកជន់បានធ្វើឱ្យសម្ភារៈនៅក្នុងផ្ទះលោកស្រីមានដូចជាគ្រឿងសង្ហារឹម យានជំនិះរងការខូចខាត និងត្រូវចំណាយប្រាក់កាសច្រើនសម្រាប់ការជួសជុល។ លោកស្រីបារម្ភថា ជំនន់ទឹកភ្លៀងនៅតាមដងផ្លូវអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកធ្វើដំណើរ ព្រមទាំងបង្កផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋផងដែរ។ លោកស្រីស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនានិងរៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានទាន់ពេលវេលា ជៀសវាងការលិចក្នុងរយៈពេលយូរ៖ «ពិបាកខ្លាំងណាស់ពិបាកគ្រប់សព្វបែបយ៉ាង។ យើងពិបាកនៅក្នុងការធ្វើដំណើរគឺមួយរយភាគរយទៅហើយ ប៉ុន្តែពិបាកពេលទឹកលិចយើងមើលអត់ឃើញជង្ហុកវាអាចគ្រោះថ្នាក់ជាយថាហេតុ។ វាប៉ះពាល់ដល់ការធ្វើដំណើរដល់ការលក់ដូរ គឺសិស្សនិស្សិត កម្មករអីហ្នឹងប៉ហពាល់ទាំងអស់។ មួយរយភាគរយគឺបណ្ដាលមកពីការលុបបឹងនឹងតែម្ដង ព្រោះអីទឹកអត់មានកន្លែងត្រូវហូរទៅទេ បឹងទំពុន បឹងតាមោក អីហ្នឹង និយាយទៅបើយើងលុបអស់ទឹកវាអត់មានកន្លែងហូរទៅ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតដែលកំពុងសិក្សានៅក្នុងរាជធានីភ្នំពេញគឺកញ្ញា វ៉ិត ណាវី លើកឡើងថា បញ្ហាទឹកលិចនៅក្នុងទីក្រុងបានប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ពលរដ្ឋត្រូវចំណាយថវិកាសម្រាប់ជួសជុលសម្ភារៈ និងមធ្យោបាយធ្វើដំណើរដែលខូចបណ្ដាលមកពីទឹកស្អុយជន់លិចទាំងនោះ។ កញ្ញាបន្តថា ការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កញ្ញា ក៏ដូចជានិស្សិតដែលកំពុងសិក្សាមកពីតាមបណ្ដាខេត្តនានា៖ «យើងមើលឃើញថា សម្រាប់និស្សិតគាត់មកពីជនបទ គាត់មិនសូវជាមានធនធានសម្បូរសប្បាយដូចគេ ពេលដែលមានទឹកជន់បែបហ្នឹងវាធ្វើឱ្យម៉ូតូគាត់ខូច គាត់អត់មានមធ្យោបាយធ្វើដំណើរ ហើយវាប៉ះពាល់ទាំងការសិក្សារបស់គាត់។ ទន្ទឹមនឹងហ្នឹង បើសិនជាយើងមានបឹងយើងមានទន្លេធំ យើងមិនមានការលុបអីផ្សេងៗទេ វាជួយកាត់បន្ថយការលិចលង់បានច្រើន ដោយសារតែវាមានប្រព័ន្ធហូរទៅ»។
ចំណែកសកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី មើលឃើញថា បញ្ហាទឹកជំនន់រាល់ពេលមានភ្លៀងធ្លាប់ម្ដងៗបណ្ដាលមកពីបញ្ហាចម្បងគឺការលុបបឹងតូចធំនៅក្នុង និងក្បែររាជធានីភ្នំពេញ ដែលធ្វើឱ្យទឹកគ្មានកន្លែងហូរទៅ។ ក្រៅពីនេះ កញ្ញាមើលឃើញថា ប្រព័ន្ធលូ ហាក់បីដូចជាមិនមានរៀបចំឱ្យមានស្តង់ដារដើម្បីពន្លឿនការហូររំដោះទឹកឱ្យបានទាន់ពេលវេលានោះទេ ទន្ទឹមនឹងការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ កញ្ញាបន្ថែមថា បញ្ហាទឹកជន់លិចនៅក្នុងរដូវវស្សា កំពុងធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិតដែលមានជីវភាពខ្សត់ខ្សោយ ដែលត្រូវចំណាយប្រាក់លើការជួសជុលម៉ូតូខូចដោយសារទឹកលិច៖ «យើងមើលឃើញការលុបបឹងជាចំណែកធំមួយដែរដែលរួមចំណែកឱ្យមានការលិចទឹកនៅក្នុងទីក្រុងភ្នំពេញ។ ខ្ញុំគិតថារដ្ឋាភិបាលគួរបញ្ឈប់ការលុបបឹង។ ជាក់ស្ដែងមានការលុបបឹងទំពុន បឹងកក់ ហើយតំបន់ទួលគោកដែលយើងមើលឃើញវីដេអូដែលប្រជាពលរដ្ឋគាត់ធ្លាប់លើកឡើងថា គាត់រស់នៅជាង២០ឆ្នាំហើយមិនដែលលិចទេ ប៉ុន្តែឆ្នាំនេះគឺលិចចូលដល់ផ្ទះគាត់ហើយ»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង យល់ឃើញថា ការលុបបឹងធំៗមួយចំនួនកន្លងមកដូចជាបឹងកក់ បឹងតាមោក កំពុងបង្ហាញសញ្ញាគំរាមកំហែងដល់ការជន់លិចនៅក្នុងរាជធានីភ្នំពេញ។ លោកបន្តថា ការជន់លិចទីក្រុង មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានបង្កជាប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដូចជាការហូរនាំសំរាមទៅផ្ទះរបស់ប្រជាពលរដ្ឋជាដើម។ លោកស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការស្ថាបនាលូរំដោះទឹកឱ្យមានប្រសិទ្ធភាព និងធានាបានថាការទុកដាក់សំរាមបានត្រឹមត្រូវមិនបង្កឱ្យមានការកកស្ទះនៅតាមមាត់លូ៖ «យើងពិតជាមានការព្រួយបារម្ភមែនទែននៅពេលដែលការលុបបឹងនៅតែបន្តកើតមានឡើង ពិសេសបឹងតាមោក និងបឹងជើងឯងឬបឹងមួយចំនួនទៀតនៅក្នុងទីក្រុងភ្នំពេញ បានបន្តលុបជាបន្តបន្ទាប់ ខណៈការរៀបចំប្រព័ន្ធលូហ្នឹងមិនទាន់រួចរាល់ ដែលជាសញ្ញាណបង្ហាញការគំរាមកំហែងដល់ការជន់លិចនៅក្នុងទីក្រុងដូចករណីកន្លងមក»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីសុំការពន្យល់អំពីបញ្ហានេះបានទេ នៅថ្ងៃទី២៤ មិថុនា ប៉ុន្តែកន្លងមក មន្ត្រីរដ្ឋាភិបាល តែងតែអះអាងថា ករណីទឹកលិចរាជធានីភ្នំពេញពេលមានភ្លៀងធ្លាក់ម្តងៗនោះ គឺដោយសារគ្រោះធម្មជាតិ។
ទោះយ៉ាងណាសមាគមធាងត្នោតបានរកឃើញថា ករណីទឹកលិច នៅរាជធានីភ្នំពេញពេលមានភ្លៀងធ្លាក់ម្តងៗនោះ គឺអាចបណ្តាលមកពីខ្វះអាងរំដោះ ដែលកន្លងមកពឹងលើបឹងធម្មជាតិធំៗ ប៉ុន្តែបច្ចុប្បន្នបឹងទាំងនោះ ត្រូវគេចាក់ដីលុបអស់ជាច្រើន។
សមាគមធាងត្នោតបានចេញរបាយការណ៍លំអិតអំពីបញ្ហានេះថា បឹងធម្មជាតិចំនួន១៦ ត្រូវបានគេលុបទាំងស្រុង ហើយបឹងចំនួន ១០ទៀត កំពុងត្រូវបានគេចាក់លុបផ្នែកខ្លះ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩០ មក។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា បឹងធម្មជាតិ និងតំបន់ដីសើម នៅរាជធានីភ្នំពេញ អាចប្រឈមនឹងការបាត់ទាំងស្រុង ហើយប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត រាជធានីភ្នំពេញនិងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រី និងបាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ ហើយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាដើម។ បើទោះបីជាបឹងមួយចំនួន ត្រូវបានការពារដោយអនុក្រឹត្យក្ដី ក៏ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។