ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច

0:00 / 0:00

សហគមន៍​មាន​វិវាទ​ដីធ្លី​ចំនួន៤ នៅ​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមករា ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់។

តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៦០នាក់ មក​ពី​សហគមន៍​ចំនួន៤ គឺ​សហគមន៍៩៥៥ សហគមន៍១៩៧ សហគមន៍១៧៥ និង​សហគមន៍​រង​គ្រោះ​នៅ​តំបន់​វាល​យន្តហោះ បាន​ប្រមូល​ផ្ដុំ​គ្នា​កាន់​បដា​ទាមទារ ដោយ​សន្តិវិធី​នៅ​ខាង​មុខ​សាលាខេត្ត​កោះកុង និង​ដាក់​ញាតិ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តកោះកុង ពន្លឿន​ការ​ដោះ​ស្រាយ​ដីសម្បទាន​សង្គមកិច្ច​ជា​កញ្ចប់​ដល់​ពួក​គាត់។

នៅ​ក្នុង​ញត្តិ​នោះ សហគមន៍​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​ដី​ចំនួន៣ ហិកតារ និង​សំណង​ជា​ប្រាក់ ៧ពាន់​ដុល្លារ​ដល់​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង និង​សមាជិក​សហគមន៍ និង​ពលរដ្ឋ​មាន​សិទ្ធិ​រស់នៅ​លើ​ទីតាំង​ចាស់ ដែល​ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក។

បន្ទាប់​ពី​សហគមន៍​ប្រមូល​ផ្ដុំ​គ្នា មន្ត្រី​ផ្នែក​រដ្ឋបាល​សាលាខេត្ត បាន​ឲ្យ​តំណាង​សហគមន៍​មួយ​ចំនួន យក​ញត្តិ​ចូល​ទៅ​ក្នុង​សាលាខេត្ត ហើយ​សហគមន៍​ឲ្យដឹង​ថា មន្ត្រី​រូប​នោះ​អះអាង​ថា រដ្ឋបាល​ខេត្ត នឹង​ចេញ​លិខិត​ឆ្លើយតប​ទៅ​កាន់​សហគមន៍​វិញ​នៅ​ពេល​ឆាប់ៗ នេះ។

តំណាង​សហគមន៍ លោកស្រី ដេត ហួរ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពេល​ចេញ​ពី​សាលាខេត្ត​កោះកុង​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​នេះ គឺ​ដោយសារ​ពលរដ្ឋ​ក្នុង​សហគមន៍​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព ដោយសារ​ពុំ​មាន​ដីធ្លី​បង្ក​បង្កើន​ផល។

លោកស្រី ដេត ហួរ៖«សូម​ឲ្យ​លោក​ជំទាវ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​នាយក​រដ្ឋមន្ត្រី ដោះស្រាយ​ជូន​ពួក​យើង​ក្នុង​ពេល​ឆាប់ៗ នេះ សូម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ពួក​គាត់​រង​គ្រោះ ហើយ​រងគ្រោះ​ទៀត ដោយ​រង​គ្រោះ​ទាំង​ការ​បាត់បង់​សិទ្ធិ រងគ្រោះ​ទាំង​បាត់បង់​ប្រាក់​ចំណូល និង​បាត់បង់​ដី ហើយ​នៅ​តែ​បន្ត​ការ​អូស​បន្លាយ​ពេល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជីវភាព ប្រាក់​ចំណូល និង​ធ្លាក់​ខ្លួន​ក្រ​កាន់​តែ​ខ្លាំង ហើយ​កូនៗ គាត់​បោះបង់​ការសិក្សា​ដែរ គាត់​មិន​មាន​លទ្ធភាព​ឲ្យ​កូន​រៀន»។

តំណាង​សហគមន៍ ១៧៥គ្រួសារ លោកស្រី ផាវ ញ៉ើង ថ្លែង​ថា សហគមន៍​ក៏​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខេត្ត​សាងសង់​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ចំនួន ១៣ គីឡូ​ម៉ែត្រ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

លោកស្រី ផាវ ញ៉ើង៖«យើង​បាន​ស្នើសុំ​ផ្លូវ​អ៊ីចឹង ទៅ​គេ​សួរ​មូលហេតុ​អ្វី បាន​ជា​គេ​ធ្វើ​ផ្លូវ​ហើយ បែរ​ជា​ថា អត់​ទៅ​វិញ?យើង​ក៏​និយាយ​ថា មូលហេតុ​មក​ពី​ធ្វើ​ឲ្យ​ហ្នឹង​នៅ​ក្រុម​ផ្សេង​ទេ គឺ​ក្រុម៣១៧ ហើយ​យើង​គូស​ឲ្យ​គាត់​មើល​ឲ្យ​ឃើញ​ថា ផ្លូវ​នេះ គឺ​វាង​កន្លែង ដែល​ពួក​យើង​រស់នៅ អីចឹង​យើង​អត់​អាច​ទទួលយក​បាន​ទេ កាល​ណា​យើង​វាង​អីចឹង​យើង​ពិបាក​ធ្វើដំណើរ​ចម្ងាយ​ឆ្ងាយ ហើយ​យើង​ស្នើសុំ​តែ ១៣គីឡូ​ទេ និង​លូ​ប្រអប់​ចំនួន៣»។

ការ​ប្រមូលផ្ដុំ​គ្នា​របស់​សហគមន៍​នៅ​មុខ​សាលាខេត្ត​កោះកុង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៤ ហើយ​ក្រសួង​បាន​បង្វែរ​ការ​ដាក់​ញត្តិ​ស្នើសុំ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ទៅ​កាន់​សាលាខេត្ត​កោះកុង​វិញ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ មករា។

អនុប្រធាន​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច គឺ​មាន​ដំណាក់​កាល​ច្រើន សម្រាប់​ការ​ផ្ដល់​ដី​ក្នុង​ទំហំ​ធំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​កោះកុង ឲ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​តាម​សំណើ​របស់​សហគមន៍ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​សហគមន៍។

លោក យិន ម៉េងលី៖«បញ្ហា​ដីធ្លី​ជា​បញ្ហា​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង អ៊ីចឹង​ប្រជាពលរដ្ឋ​ពួកគាត់​ត្រូវការ​ដី​ស្រែ​ចម្ការ​ដើម្បី​បង្កបង្កើនផល ដើម្បី​ចិញ្ចឹម​ជីវិត​រស់នៅ​របស់​ពួកគាត់ ដើម្បី​ជីវភាព​របស់​ពួក​គាត់។ ប្រសិន​បើ​អូស​បន្លាយ​ពេល​វេលា​យូរ ពួក​គាត់​កាន់តែ​ប្រឈម​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ថែមទៀត។ រដ្ឋាភិបាល អាច​ធ្វើការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន អ៊ីចឹង រដ្ឋាភិបាល​គួរតែ​ផ្អាក​បញ្ហា​នេះ ហើយ​បង្វិល​បញ្ហា​សម្បទាន​នេះ ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែរ អ៊ីចឹង​គាប់​បី​គួរតែ​ពិចារណា គប្បី​ត្រូវ​តែ​ពន្លឿន»។

វិវាទ​ដី​ធ្លី​របស់​សហគមន៍​នៅ​ក្នុង​ខេត្ត​កោះកុង បាន​អូស​បន្លាយ​​អស់​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ ដោយសារ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​របស់​សហគមន៍​ឱ្យ​ទៅ​ឧកញ៉ា និង​អ្នក​មាន​អំណាច​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​នោះ មាន លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា និង​លោក ហេង ហ៊ុយ ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ជាដើម។

ដោយ​សារ​ជម្លោះ​ដីធ្លី​ទាំង​នេះ អាជ្ញាធរ​ខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១២នាក់ មក​ពី​សហគមន៍​ចំនួន៣ ក្នុង​ពេល​ពួកគាត់​ព្យាយាម​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​តំណាង​សហគមន៍​របស់​ពួក​គាត់​ចំនួន ៣០នាក់ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គាត់។

ក្រោយ​មក​តុលាការ បាន​ដោះ​លែង​សកម្មជន​ដីធ្លី​ទាំង​នោះ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្រៅ​ពី​ជាប់​ពន្ធនាគារ ពលរដ្ឋ​ខ្លះ​បាន​បាត់បង់​ជីវិត​ក្នុង​អំឡុង​ពេល​ចេញ​តវ៉ា ខ្លះ​ទៀត​ធ្លាក់​ខ្លួន​ក្រីក្រ បែក​បាក់​គ្រួសារ និង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។