ពលរដ្ឋអះអាងថា ក្រសួងរ៉ែសន្យាថា នឹងចុះទៅពិនិត្យ និងដោះស្រាយបញ្ហាតវ៉ារបស់ប្រជាសហគមន៍ជាង ២០០ នាក់ ដែលទាមទារឱ្យក្រុមហ៊ុន ឌែលខមកម្ពុជា (Delcom Cambodia) បញ្ឈប់ការរារាំង និងគំរាមកំហែងពួកគាត់មិនឱ្យប្រកបរបរ រុករករ៉ែមាសលក្ខណៈគ្រួសារបែបប្រពៃណីជនជាតិដើមភាគតិចកួយ។
ពលរដ្ឋទាំងនោះភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងឃុំរមណីយ និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រៀមតស៊ូមតិជាថ្មីទៀត ដើម្បីទាមទារឱ្យអាជ្ញាធរ និងក្រសួងរ៉ែ ផ្តល់សិទ្ធិឱ្យពលរដ្ឋ រស់នៅតំបន់នោះ អាចប្រកបរបររុករក រ៉ែមាសជាលក្ខណៈគ្រួសារបែបប្រពៃណីឡើងវិញ។
ការទាមទារនេះធ្វើឡើង ក្រោយពីអាជ្ញាធរ និងក្រសួងរ៉ែថ្មីៗនេះ បានចុះបិទអាជីវកម្មរ៉ែមាស បែបប្រពៃណីរបស់សហគមន៍រាប់សិបកន្លែងក្នុងតំបន់នោះ បង្កឱ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរស់នៅរបស់ពលរដ្ឋ។
តំណាងសហគមន៍រស់នៅតំបន់រំដេង នៃឃុំរមទម្យ ស្រុករវៀង លោក ទុយ ឆេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ធ្នូ ថា អ្នកភូមិជាង ២០០នាក់ ដែលលើកគ្នាតវ៉ានេះ ដើម្បីទាមទារទីកន្លែងអាស្រ័យផលចិញ្ចឹមជីវិតលក្ខណៈគ្រួសារ ព្រោះដីព្រៃរាប់ពាន់ហិកតារមានសក្ដានុពលរ៉ែមាស នៅតំបន់ភ្នំលុង ត្រូវក្រុមហ៊ុន ឌែលខម កម្ពុជា ហ៊ុមព័ទ្ធយកទាំងមូល ធ្វើឱ្យអ្នកភូមិគ្មានកន្លែងរករ៉ែមាស។
លោកថា បច្ចុប្បន្នអ្នកភូមិមានទម្លាប់ធ្វើអាជីវកម្មរ៉ែមាសដោយខ្លួនឯងនៅតាមផ្ទះ ទ្រង់ទ្រាយតូចៗ រែងដោយដៃ គ្មានការប្រើប្រាស់ម៉ាស៊ីន និងសារធាតុគីមីនោះឡើយ ក៏ប៉ុន្តែបែរជាអាជ្ញាធរចុះហាមឃាត់ ដោយចោទថា ជាអាជីវកម្មខុសច្បាប់៖
លោក ទុយ ឆេង៖«ពួកគាត់យកដីប្រជាជនគ្រប់គ្រងថាជាដីក្រុមហ៊ុន ទាមទារមិនឱ្យប្រជាជនបានរស់ស្រួលទេ។ ពួកខ្ញុំមិនបានចង់ទាមទារអ្វីសុំត្រឹមកុំធ្វើទុក្ខបុកម្នេញមិនទាមទារអ្វីច្រើនទេ។ ប៉ុន្តែក្រុមសន្តិសុខនិងទាហានទាំងនោះ ដើររាតត្បាតគំរាមវ៉ៃប្រជាជន ធ្វើខ្លាំងមិនមែនលេងទេ»។
កាលពីថ្ងៃទី១៥ ធ្នូ ពលរដ្ឋជាង ២០០នាក់ បានលើកបដាតវ៉ាទាមទារសិទ្ធិធ្វើអាជីវកម្មរ៉ែមាសបែបប្រពៃណី ដែលសហគមន៍មានទម្លាប់រែងរ៉ែមាស លក្ខណៈគ្រួសារជាច្រើនជំនាន់មកហើយ។ ក្នុងពេលតវ៉ា ពួកគាត់បានស្រែកតាមឧបករណ៍បំពងសំឡេង ដោយអំពាវនាវឱ្យ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ស្របពេលដែលក្រុមហ៊ុន ឌែលខមកម្ពុជា បានប្រើប្រាស់ទាហានប្រដាប់អាវុធ គំរាមកំហែងអ្នកភូមិ មិនឱ្យចូលទៅរែងរ៉ែមាស តាមតំបន់ព្រៃ និងតំបន់អូរជើងភ្នំលុង ៖
សំឡេងពលរដ្ឋតវ៉ា៖ «សូមសម្តេចមេត្តាដល់ប្រជាពលរដ្ឋដែលរងគ្រោះពីការគំរាមកំហែងដល់ពួកខ្ញុំពីអ្នកមានអំណាច»។
ពលរដ្ឋដែលចូលរួមតវ៉ា រស់នៅភូមិត្រពាំងទន្ទឹម លោក ម៉ៅ សាគុណ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីអាជ្ញាធរប្រកាសចុះបិទអាជីវកម្មរែងរ៉ែមាសលក្ខណៈគ្រួសារនៅរយៈពេលជាង ១សប្តាហ៍កន្លងទៅនេះ គឺគ្មានពលរដ្ឋណាហ៊ានប្រកបរបរនេះទៀតទេ ព្រោះខ្លាចអាជ្ញាធរអនុវត្តច្បាប់ឬចាប់ដាក់គុក។
លោកថា ប្រសិនបើអាជ្ញាធរបិទមិនឱ្យពលរដ្ឋធ្វើអាជីវកម្មរ៉ែលក្ខណៈគ្រួសារ ហើយអនុញ្ញាតឱ្យក្រុមហ៊ុន និងអ្នកមានអំណាចអាចធ្វើអាជីវកម្មនេះបាន ពលរដ្ឋនឹងលំបាកវេទនា ធ្វើចំណាកស្រុកកាន់តែច្រើន។
លោក ម៉ៅ សាគុណ៖«សូមឱ្យប្រកបមុខរបរបានផង។ ហើយសុំចែងឱ្យច្បាស់ថាគាត់ទិញត្រឹមណា?កុំឱ្យយកទាហានមុខការពារដូចជាខ្មាំងមិនត្រូវទេ ព្រោះគាត់មកច្រងេងច្រងាងគំរាមប្រជាជន គ្រាន់តែឃើញកងប្រដាប់អាវុធស្អប់មែនទែនបណ្ដោយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបកស្រាយ ជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាននៅឡើយទេនៅថ្ងៃទី ១៦ ធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ ចំណែកមេការក្រុមហ៊ុនឌែលខម កម្ពុជាលោក សរ សិរីវិចិត្រ ក៏មិនទាន់អាចទាក់ទងសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែមេភូមិត្រពាំងទន្ទឹម ឃុំរមទម្យ លោក អ៊ុក ង៉ា មានប្រសាសន៍ថា ក្នុងភូមិរបស់លោកគ្រប់គ្រង មានពលរដ្ឋជិត ៣រយគ្រួសារ ប្រកបរបររែងរ៉ែមាសលក្ខណៈគ្រួសារ។ លោកថា ក្រុមហ៊ុនឌែលខម បានហាមពលរដ្ឋមិនឱ្យជីករណ្តៅជ្រៅៗ បំផ្ទុះគ្រាប់បែក និងប្រើគ្រឿងចក្រជាដើម ដើម្បីទាញយកមាសក្នុងតំបន់ភ្នំលុង ក៏ប៉ុន្តែលោកសង្កេតឃើញថា ពលរដ្ឋភាគច្រើនប្រកបរបរនេះជាលក្ខណៈសហគមន៍បែបប្រពៃណីទ្រង់ទ្រាយតូចៗ។
លោក អ៊ុក ង៉ា៖«បងប្អូនគាត់មិនមែនប្រតិកម្មអ្វីមួយទេ គ្រាន់តែនាំគ្នាសំណូមពរ ជួយសម្រួលដល់ពួកគាត់ឱ្យមានតែបន្តិចបន្តួចប៉ុណ្ណោះទេ តែបើបិទទៀតដាច់បាយមែនទែនហើយ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មើលឃើញថា បញ្ហានេះកើតមានច្រើនឆ្នាំមកហើយ ពលរដ្ឋនៅតែលំបាកវេទនា និងរងផលប៉ះពាល់ដោយសារបាត់បង់ធនធានធម្មជាតិដដែលៗ ពីអាជីវកម្មរ៉ែមាសក្នុងតំបន់នោះ។ លោកស្នើឱ្យអាជ្ញាធរគួរតែចុះពិនិត្យ និងដោះស្រាយការតវ៉ារបស់ពលរដ្ឋឱ្យជ្រះស្រឡះ។
លោក ប៉ឹក សោភ័ណ៖«តាមពិតរឿងហ្នឹងនៅតែបន្តវេទនាដដែលកាលណាបើអាជ្ញាធរ រដ្ឋាភិបាលគាត់ដឹងឮព័ត៌មាននឹងដែរ ប៉ុន្តែមិនបានដោះស្រាយ។ អ៊ីចឹងបញ្ហានោះចេះតែបន្តមានរហូត មិនអាចអ្នកណាចូលតំបន់នោះបានទៅទៀតទេ»។
ព្រះវិហារ គឺជាខេត្តសំបូរទៅដោយ រ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាតនិងរ៉ែលោហៈជាដើម។អភិបាលខេត្តព្រះវិហារលោកគីម រិទ្ធីធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថាបច្ចុប្បន្នខេត្តព្រះវិហារមានក្រុមហ៊ុនចំនួន២២កំពុងធ្វើអាជីវកម្មនិងសិក្សាស្រាវជ្រាវរ៉ែ ។
អ្នកភូមិថា បច្ចុប្បន្នមានមន្ត្រីយោធាជាច្រើននាក់ បានឈរជើងដើម្បីកាងការពារអាជីវកម្មឱ្យក្រុមហ៊ុនឌែលខមកម្ពុជា ហើយមន្ត្រីយោធាទាំងនោះ ជាកូនចៅរបស់ មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង។
ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានអ្នកវិនិយោគជនជាតិចិន និងវៀតណាម ធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំជាច្រើនឆ្នាំមកហើយ ដោយពង្រីកផ្ទៃដីអាជីវកម្មរ៉ែមាសជិត ២ពាន់ហិកតារបន្ថែមទៀត ចាប់តាំងពី២០២២ ក្នុងនោះមានផ្នែកខ្លះ ក្រុមហ៊ុនបានឱ្យមន្ត្រីយោធា បណ្តេញពលរដ្ឋជាច្រើនគ្រួសារចេញ បង្កើតឱ្យមានជម្លោះដីធ្លីរ៉ាំរ៉ៃ។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយតម្លាភាព និងផ្តល់សិទ្ធិឱ្យសហគមន៍អាចរែងរ៉ែមាសលក្ខណៈគ្រួសារ បែបប្រពៃណីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
