មន្ត្រីសង្គមស៊ីវិលចង់ឃើញតុលាការផ្ដន្ទាទោសមេធាវីសញ្ជាតិអាមេរិកម្នាក់ ដែលរំលោភផ្លូវភេទកុមារនៅកម្ពុជា កាលពីឆ្នាំ២០១៩ ឲ្យបានធ្ងន់ធ្ងរ សមនឹងការបំពានលើសិទ្ធិ និងកិត្តិយសកុមារកម្ពុជា ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតុលាការអាមេរិក បានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពាក់ព័ន្ធនឹងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនាថា ការរំលោភបំពានផ្លូវភេទជាពិសេសលើអនីតិជន គឺបទល្មើសឧក្រិដ្ឋ ដែលតុលាការ គួរតែផ្ដន្ទាទោសជនបង្កឲ្យបានធ្ងន់ធ្ងរ។
លោក អ៊ិន គង់ជិត៖«បើសិនជាការផ្ដន្ទាទោសកម្រិតស្រាលបែបនេះ គឺហាក់ដូចជាបើកដៃ ហាក់ដូចជា ផ្ដល់ឱកាសឲ្យជនបរទេសទាំងឡាយផ្សេងទៀត ដែលគាត់ចូលចិត្តខាងផ្លូវភេទហ្នឹង គាត់នឹងស្វះស្វែងដើម្បីរកកុមារ ហើយប្រើវិធីជះទឹកលុយ ឬក៏ប្រាក់កាក់ទៅលើកុមារក្រីក្រកម្ពុជា នៅជនបទដាច់ស្រយាល ដែលខ្វះការយល់ដឹង ដែលគាត់មានជីវភាពខ្វះខាត ដែលគាត់អាចនឹងប្រព្រឹត្តការទិញដូរផ្លូវភេទលើកុមារហ្នឹងតទៅទៀត»។
តុលាការអាមេរិកផ្ដន្ទាទោសជនរំលោភកុមារីខ្មែរ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី តុលាការអាមេរិក បានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់ នៅរដ្ឋហ្លរីដា (Florida)ឈ្មោះ រូសហ៍ យេមស៍ខ្លាញ(Rugh James Cline)ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពាក់ព័ន្ធនឹងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី៦ ខែមីនា។
ប្រភពដដែលឲ្យដឹងថា ទណ្ឌិតខាងលើ បានធ្វើដំណើរមកកម្ពុជា កាលពីកុម្ភៈ និងខែឧសភា ឆ្នាំ២០១៩ និងបានផ្ដល់លុយជាង១រយដុល្លារដល់កុមារអាយុក្រោម១៥ឆ្នាំ ចំនួន៤នាក់ នៅខេត្តសៀមរាប ដើម្បីរួមភេទជាមួយគាត់ជាច្រើនដង ។ ក្នុងពេលចាប់ខ្លួន លោក រូសហ៍ យេមស៍ខ្លាញ(Rugh James Cline)កាលពីឆ្នាំ២០១៩ អាជ្ញាធរបានរកឃើញកុំព្យូទ័រយួរដៃ (Laptop) របស់លោក មានផ្ទុករូបភាពអាសអាភាសរបស់កុមាររាប់រយរូប។
យោងតាមការចុះផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ការចាប់ខ្លួនលោក រូសហ៍ យេមស៍ខ្លាញ ធ្វើឡើងបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះចំនួន២នាក់ ដែលបានប្ដឹងថា លោក រូសហ៍ យេមស៍ខ្លាញ បានឲ្យពួកគេប្រើដៃសម្រេចកាមចំនួន៣ដង។
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់លើ លោក រូសហ៍ យេមស៍ខ្លាញ ពីបទប្រព្រឹត្តអំពើអាស ប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ។
មេធាវីអាមេរិកាំងត្រូវបានផ្ដន្ទាទោសនៅខ្មែរ២ឆ្នាំកន្លះ
បន្ទាប់មក នៅខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការខេត្តសៀមរាប បានផ្ដន្ទាទោសលើលោក Rugh James Cline ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំកន្លះ ពីបទរំលោភបំពានផ្លូវភេទលើអនីតិជន និងត្រូវឲ្យទណ្ឌិតរូបនេះ ផ្ដល់សំណងជំងឺចិត្តដល់កុមារីរងគ្រោះម្នាក់ចំនួន ១៥លានរៀល ឬជិត៤ពាន់ដុល្លារអាមេរិក។ លុះដល់ខែមិថុនា ឆ្នាំ២០២៣ លោក រូសហ៍ យេមស៍ខ្លាញ ត្រូវបាន និរទេសទៅកាន់សហរដ្ឋអាមេរិក។
អត្ថបទដែលទាក់ទង៖
[ ជនជាតិអាមេរិកាំងកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២ឆ្នាំពីបទរំលោភផ្លូវភេទOpens in new window ]
[ សង្គមស៊ីវិលថា ការរំលោភសេពសន្ថវៈលើកុមារបន្តកើតឡើងគួរឱ្យព្រួយបារម្ភOpens in new window ]
[ ជនបរទេស៣នាក់ត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើអនាចារនៅព្រះសីហនុOpens in new window ]
លោក សឺន ជុំជួន មានប្រសាសន៍ថា តុលាការគួរតែផ្ដន្ទាទោសលើជនប្រព្រឹត្តិឲ្យសមទៅនឹងទង្វើដែលបានប្រព្រឹត្តិ។
មេធាវី សឺន ជុំជួន៖«កាលណា យើងដាក់ទោសទណ្ឌហើយកំណត់ទៅតាមទង្វើនៃការប្រព្រឹត្តរបស់គាត់ ហើយផ្ដន្ទាទោសទៅតាមច្បាប់ដែលបានកំណត់ត្រឹមត្រូវ គឺជាការចូលរួមចំណែកនៅក្នុងការធ្វើឲ្យបុគ្គលដទៃទៀតមានភាពរាងចាល និងមានខ្លាចរអាមិនហ៊ានធ្វើមកលើកុមារទៀតទេ»។
មាត្រា ៤៣ នៃ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា អំពើអាសនៅក្នុងច្បាប់នេះ មានន័យថា ជាអំពើនៃការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកផ្សេងទៀតរបស់ជនដទៃ ឬការឲ្យជនដទៃប៉ះកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជនក្នុងចេតនាធ្វើឲ្យរំជួយ ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។ ជនណា ដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ដល់ប្រាំមួយលានរៀល។
ចំណែកឯ មាត្រា ៤១ នៃច្បាប់ដដែលនេះ ចែងថា ជនណាដែលកាន់កាប់ ចែកចាយ ឬបង្ហាញនៅទីសាធារណនូវរូបភាព និងសម្ភារៈអាសអាភាស នៃកុមារត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីពីរឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពីបួលលានរៀល ដល់ដប់លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។