អ្នក​សិក្សា​ផ្នែក​ច្បាប់​បារម្ភ​ថា ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ពលរដ្ឋ

0:00 / 0:00

អ្នកច្បាប់ និង​អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទោស​ទៅ​លើ​បុគ្គល​ណា​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​គំរាមកំហែង​ដល់​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជាពិសេស​ពាក់ព័ន្ធ​ទិវា​ជ័យជម្នះ៧ មករា របស់​គណបក្ស​កាន់​អំណាច។ ពួកគាត់​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​បម្រើ​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»ជា​ជាង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។

អ្នកច្បាប់ និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រិះគន់ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា មិន​ដោះស្រាយ​វិបត្តិ​សង្គម​ដែល​កំពុង​កើត​មាន​នោះ​ទេ ប៉ុន្តែ​បែរជា​បង្កើត​ច្បាប់​ដើម្បី​គាបសង្កត់​ពលរដ្ឋ និង​ក្រុម​អ្នក​រិះគន់​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ទៅ​វិញ។

លោកមេធាវី សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ ខែ​មករា ថា ប្រសិនបើ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ចូល​ជា​ធរមាន ច្បាប់​នេះ​មិន​ត្រឹមតែ​មាន​វិសាលភាព​ដាក់​ទោស​លើ​អ្នក​ដែល​និយាយ​ថា របប​ខ្មែរ​ក្រហម​មិន​មែន​ជា​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុណ្ណោះ​ទេ តែ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​អ្នក​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល។ មេធាវី​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់​គាំង​ប្រសើរ​ជាង​សើរើ​ច្បាប់​ដែល​តាក់​តែង​រួច​ម្ដង​មក​ហើយ។

លោកមេធាវី សឺន ជុំជួន៖ «ជាពិសេស​គឺ​យើង​មើល​ឃើញ ទីផ្សារ​កសិផល ផលិតផល​របស់​ខ្មែរ​មិន​ទាន់​ត្រូវ​បាន​ជា​ការ​លើក​កម្ពស់​នៅ​ឡើយ​ទេ គឺ​នៅ​មាន​កម្រិត​ទាប​ក្នុង​ការ​ដំឡើង​ទីផ្សារ​ជាដើម ។ អ៊ីចឹង​ចំណុច​នេះ​ហើយ​ដែល​គួរតែ​ងាក​ទៅ​រក​លើក​ស្ទួយ​វិស័យ​ទាំង​នេះ​វា​ប្រសើរ​ ជាជាង​ផ្ដោត​ទៅ​លើ​តែ​ជ្រុង​ម្ខាង​នៃ​ការ​បញ្ចេញ​មិត​ហ្នឹង​មិន​ទាន់​ដល់​ការ​ពិចារណា​ការ​សើរើ ឬ​ការ​ព្រាងច្បាប់»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​រៀបចំ​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នេះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺជា​កេង​ចំណេញ​នយោបាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ដឹង​គុណ​វៀតណាម និង​ទិវា​ជ័យជម្នះ​ថ្ងៃ៧មករា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោកស៊ឹង សែនករុណា ៖«យើង​គួរតែ​ធ្វើ​ច្បាប់​កែទម្រង់​ការ​លក់​កសិផល ឬ​ក៏​ការ​ផលិត​កសិផល ឬក៏​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ផ្សេងៗ​ទៀត​អា​ហ្នឹង​ជា​រឿង​ដែល​គួរ​គិតគូរ​មិនមែន​ជា​រឿង​ហ្នឹង​ទេ។ បច្ចុប្បន្ន​រឿង​បញ្ហា​ពលរដ្ឋ​កំពុង​តែ​មាន​ភាព​ក្រីក្រ​ហ្នឹង​គួរតែ​រក​មធ្យោបាយ​យ៉ាង​ម៉េច​ដើម្បី​ដោះស្រាយ ដើម្បី​គិត​គូរ​អ្វី​ខ្លះ។ តើ​ការ​ស្ដារ​សិទ្ធិ​មនុស្ស​គួរតែ​ធ្វើ​ម៉េច?តើ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​គួរតែ​ធ្វើ​ម៉េច​អា​ហ្នឹង​គឺជា​រឿង​ដែល​ត្រូវ​គិតគូរ»។

ការ​លើក​ឡើង​របស់​អ្នក​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​នេះ គឺ​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ដោយ​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ឡើង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ចំនួន​៧មាត្រា រៀបចំ​ឡើង​ដើម្បី​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយ​ណា ដែល​មិន​ទទួល​ស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ទាំង​នោះ​វិលត្រឡប់​មក​វិញ។

កាល​ពី​ឆ្នាំ២០១៣ សេចក្ដី​ព្រាង​ច្បាប់​នេះ​ធ្លាប់​ត្រូវ​បាន​អនុម័ត​ច្បាប់​ម្ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឪពុក​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត កាល​ពី​កក្កដា ឆ្នាំ២០២៤ ក៏​បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ម្ដង​ទៀត​ដោយ​ជំនួស​ច្បាប់​ចាស់​កាល​ពី​ឆ្នាំ២០១៣នោះ។

ការ​រៀបចំ​ច្បាប់​ថ្មី នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ដំឡើង​កម្រិត​ទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពិត​ក្នុង​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ឱ្យ​ជាប់​ពន្ធនាគារ​ពី​១ឆ្នាំ ដល់​៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១០លានរៀល ទៅ​៥០លាន​រៀល ដែល​ដើម​ឡើយ​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​នេះ គឺ​ចន្លោះ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី១​លាន​រៀល ទៅ ៤​លាន​រៀល​ប៉ុណ្ណោះ។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ និង​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នេះ​មិនមែន​ជា​លើកទី១​ទេ​ដែល​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ចង់​បង្កើត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ឡើង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ទោស​លើ​អ្នក​រិះគន់ ក្រោយ​ពី​មាន​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រឿង​ថ្ងៃ៧ ឆ្នាំ១៩៧៩ កាល​ពី​ឆ្នាំ២០១៣លោក ហ៊ុន សែន ក៏​ជា​អ្នក​ស្នើ​ច្បាប់​នេះ​ឡើង​ដែរ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​រិះគន់​ថា គុក​ទួល​ស្លែង គឺជា​ឆាកល្ខោន​ដែល​វៀតណាម​ជា​អ្នក​បង្កើត។

ជុំវិញ​រឿង​នេះ អ្នក​អធិប្បាយ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​របស់​លោក ហ៊ុន សែន នេះ​គឺ​លោក ហ៊ុន សែន ចង់​រក្សា​អំណាច និង​បំបិទមាត់​អ្នក​ដែល​ហ៊ាន​រិះគន់​រឿង​ប្រវត្តិថ្ងៃ៧​មករា។ លោក​បន្ត​ថា ច្បាប់​នេះ​គួរតែ​បង្កើត​ឡើង​ដើម្បី​ដាក់​ទោស​លោក ហ៊ុន សែន ទើប​សក្ដិសម ពីព្រោះ​លោក​ចោទ​ថា លោក ហ៊ុន សែន គឺជា​អ្នក​បង្កើត​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​តាមរយៈ​ផែនការ​ក-៥ ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​រាប់​ម៉ឺន​នាក់។

លោក គឹម សុខ៖«មែនទែន​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មិន​យល់​ស្រប​នឹង​គោលការណ៍ ៧មករា​របស់​គេ​សុទ្ធ​តែ​មាន​ទោ។ ហើយទី២ គេ​ក៏​ទាញ​ភ្ជាប់​ថា អ្នក​ដែល​ប្រឆាំង​នឹង​៧មករា គឺជា​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​ពី​អ្នក​ទាំង​នោះ​មិន​ទទួល​ស្គាល់​ការ​កាប់​សម្លាប់​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម​អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ដែល​ហ៊ាន​បញ្ចេញមតិ​រឿង​ហ្នឹង​ក៏​ត្រូវ​គេ​កាត់​ទោស»។

កន្លង​ទៅ​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម យុវជន មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម រួម​ទាំង​កំណត់ត្រា​ឯកសារ​របស់​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​លើកឡើង​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា មិនមែន​មក​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​ដូច​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»នោះ​ឡើយ។

ជាក់ស្ដែង​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​ខ្មែរ​ក្រហម និង​ជា​អតីត​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​គឺ លោក បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​លោក​ពុំ​ដែល​ឃើញ​មាន​ឯកសារ​ណា​មួយ​បង្ហាញ​ថា កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​កម្ពុជា ឬ​ក៏​ពលរដ្ឋ​វៀតណាម ដែល​ខ្មែរ​ក្រហម​កំពុង​កាប់​សម្លាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។