បញ្ជា​ការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី​បដិសេធថា​​ឌីជេ​ខ្លា​មិន​មែន​​ជា​អតីត​ទាហាន​ក្នុង​ស្ថាប័ន​ខ្លួន

ស្នងការដ្ឋាន​បុគ្គលិក-បណ្ដុះបណ្ដាល នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ព័ត៌មាន​ដែល​ថា លោក ញ៉ែម ផល្លា ហៅ ឌីជេ (DJ) ខ្លា ជា​អតីត​អង្គរក្ស​ក្នុង​ស្ថាប័ន​របស់​ខ្លួន និង​ហៅ​ព័ត៌មាន​នេះ​ថា ជា​ការ​កុហក​បោកប្រាស់។

ការ​ចេញ​សេចក្ដី​ប្រកាសនៅថ្ងៃទី២ កញ្ញា ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី ឌីជេខ្លា ​ផ្តល់សម្ភាសន៍​ដល់​​លោក ជុន ច័ន្ទបុត្រ នៃ​​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី​១ កញ្ញា។

សេចក្ដី​ប្រកាស​ដដែល​បាន​​បញ្ជាក់​ថា ការ​ប្រកាស​របស់​ឌីជេ​ខ្លា ខ្លួន​ឯង ដែល​ថា ​ជា​អតីត​ទាហាន​មាន​ឋានន្តរសក្ដិ​អនុសេនីយ៍ឯក បម្រើ​ការ​ក្នុង​ស្នងការ​ឃោសនា-ព័ត៌មាន បញ្ជាការដ្ឋាន​អង្គរក្ស​នោះ ជា​ការ​បោកប្រាស់​បំភ័ន្ត​មតិ​មិត្ត​អ្នក​ស្ដាប់ និង​ប្រជាពលរដ្ឋ​ទាំង​ស្រុង។

កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឌីជេ​ខ្លា បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក​គឺ​ជា​អតីត​ទាហាន​ក្នុង​អង្គភាព​អង្គរក្ស​លោក ហ៊ុន សែន និង​ជា​អ្នក​ចម្រៀង​រ៉េប​ក៏​ល្បីល្បាញ​ម្នាក់ ដែល​ធ្លាប់​ច្រៀង​លើក​សរសើរ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពី​ឆ្នាំ​២០១៣ ឌីជេ​ខ្លា បាន​ងាក​មក​គាំទ្រ ​និង​លើក​សរសើរ​គណបក្ស​សង្គ្រោះជាតិ​វិញ ក្រោយ​​ពី​លោក​បម្រើ​ការងារ​នៅ​កង​អង្គរក្ស​បាន​​ចំនួន ៣​ឆ្នាំ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ស្នើ​ឌីជេខ្លា បង្ហាញ​អត្តលេខ​សំគាល់​ខ្លួន និង​ភស្តុតាង ដើម្បី​បញ្ជាក់ការពិត។ ​ស្ថាប័ន​នេះក៏​លើក​ឡើង​ដែរ​ថា គេ​ស្គាល់​ឌីជេ​ខ្លា យ៉ាង​ច្បាស់ តាមរយៈ​ចម្រៀង​របស់​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ច្រៀង​មើល​ងាយ​រដ្ឋាភិបាល និង​លោក ហ៊ុន សែន ប៉ុណ្ណោះ៕

វីដេអូ៖ សម្ភាស​ឌី​ជេ​ខ្លា​ពី​មូល​ហេតុ​ ងាក​មក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​

សម្ភាស​ឌី​ជេ​ខ្លា​ពី​មូល​ហេតុ​ ងាក​មក​គាំ​ទ្រ​គណបក្ស​ប្រឆាំង សម្ភាស​ឌី​ជេ​ខ្លា​ពី​មូល​ហេតុ​ ងាក​មក​គាំ​ទ្រ​គណបក្ស​ប្រឆាំង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។