លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​-អាមេរិក នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ

0:00 / 0:00

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត វាយ​តម្លៃ​ខ្ពស់ ចំពោះ​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​កម្ពុជា-​អាមេរិក ហើយ​លោក​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ។ ប៉ុន្តែ​អ្នក​វិភាគ​ថា ដើម្បី​ឱ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ លុះត្រាតែ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ក្រោយ​មាន​ជំនួប​ជា​មួយ​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៃ​សហរដ្ឋអាមេរិក នាយ​ឧត្ដមនាវី ស៊ែមញូល ផាផារ៉ូ (Samuel J. Paparo) កាល​ពី​រសៀល​ថ្ងៃ​ទី១៨ ខែធ្នូ ថា កម្ពុជា​-អាមេរិក នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ។

លោក ហ៊ុន ម៉ាណែត សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ក្នុង​ជំនួប​នោះ លោក ស៊ែមញូល ផាផារ៉ូ បាន​ប្រាប់​លោក​ថា ដំណើរ​ទស្សនកិច្ច​របស់​រូប​លោក និង​គណៈ​ប្រតិភូ​នា​ពេល​នេះ គឺ​ជា​ការ​បន្ត​កិច្ច​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​កម្ពុជា​-អាមេរិក ជា​ពិសេស កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ លោក ឡូយដ៍ ជេម អូស្ទីន (Lloyd James Austin III) មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​ទៅ។

លោក ហ៊ុន ម៉ាណែត បាន​​ឆ្លើយ​តប​នឹង​លោក ស៊ែមញូល ផាផារ៉ូ ថា លោក​​ពេញ​ចិត្ត​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​-អាមេរិក​ ព្រម​ទាំង​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​បញ្ជា​ការដ្ឋាន​ឥណ្ឌូប៉ាស៊ីហ្វិក នៃ​សហរដ្ឋ​អាមេរិក។ លោក​ថា​ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ និង​ការ​ចូល​ចត​របស់​នាវា​ចម្បាំង​យូអេសអេស សាវាណាហ៍ (USS Savannah) របស់​អាមេរិក​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​នា​ពេល​នេះ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ថែម​ទៀត។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៨ ខែធ្នូ លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសបុក​ថា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៃ​សហរដ្ឋអាមេរិក​​ នាយ​ឧត្ដមនាវី សាមញ៉ល ផាផារ៉ូ បាន​​ជួប​ជា​មួយ លោក​ ហ៊ុន ម៉ាណែត ដើម្បី​ពិភាក្សា​អំពី​ប្រធាន​បទ​ជា​ច្រើន ដូចជា ទស្សន​កិច្ច​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សហរដ្ឋអាមេរិកលោក ឡូយដ៍ ជេម អូស្ទីន ដែល​បាន​ប្ដេជ្ញា​​ចិត្ត​ចំពោះ​មជ្ឈ​ភាព​អាស៊ាន ការ​គាំទ្រ​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​សណ្ដាប់​​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់។

ជុំ​វិញ​រឿង​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណារ៉ា លើក​ឡើង​ថា ការ​បង្ហាញ​ឆន្ទៈ​របស់​មេដឹកនាំ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហាអំណាច​សហរដ្ឋ​អាមេរិក គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ​លោក​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនង​ជា​មួយ​សហរដ្ឋអាមេរិក​កាន់​តែ​ប្រសើរ លុះ​ត្រា​តែ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​ជជែក​គ្នា​ និង​បង្ហាញ​តម្លាភាព​ទៅ​​កាន់​សហរដ្ឋអាមេរិក ចំពោះ​មន្ទិលសង្ស័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ក្នុង​តំបន់។

បន្ថែម​ពី​នេះ លោក ឯម សុណ្ណារ៉ា ថា រដ្ឋាភិបាល​កម្ពុជា​​​​គួរ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ស្រប​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ស្រប​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក ឯម សុណ្ណារ៉ា៖«ភាគី​សហរដ្ឋអាមេរិក​សង្ស័យ​ ឬ​ក៏​លើក​ឡើង​យើង​បង្ហាញ​តម្លាភាព​របស់​កម្ពុជា​យើង​ដែល​តែង​ឈរ​អព្យាក្រឹត យើង​បង្ហាញ​ទៅ​ទៅ​នេះ​ជា​កិច្ច​ការ​ងារ​ល្អ ហើយ​វិស័យ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​យើង​នាំ ជា​ពិសេស ទំនិញ​វាយនភណ្ឌ​ទៅ​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ជា​រឿង​ចាំ​បាច់ ពី​ព្រោះ​ឡើង​ជិត ៩ពាន់​លាន​ជាង​ហើយ ហើយ​ជា​កិច្ចការ​មួយ ដែល​កម្ពុជា​គួរ​ឆ្លើយ​តប​ទៅ​សហរដ្ឋ​អាមេរិក​នូវ​លក្ខខណ្ឌ​សេរីភាព លំហ​នយោបាយ ប្រជាធិបតេយ្យ​ហ្នឹង ដែល​កម្ពុជា​អាច​ធ្វើ​បាន»។

ក្រៅ​ពី​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូប៉ាស៊ីហ្វិក នៃ​សហរដ្ឋអាមេរិក​នាយឧត្ដមនាវី ស៊ែមញូល ផាផារ៉ូ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន ដែរ។ នៅ​ក្នុង​ជំនួប​នោះ លោក វង្ស ពិសេន បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​លទ្ធភាព​រៀបចំ​សមយុទ្ធ​យោធា «ឆ្មាំអង្គរ» រួមគ្នា​រវាង​កងទ័ព​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ឡើង​វិញ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ភាគី​សហរដ្ឋអាមេរិក​ឆ្លើយ​តប​ចំពោះ​សំណើ​នេះ​នៅ​ឡើយ​ទេ។ រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​ដោយ​ខ្លួន​ឯង​សមយុទ្ធ «ឆ្មាំអង្គរ»ជា​មួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ «ដនគោព្រៃ» ជា​មួយ​កង​ទ័ព​ប្រទេស​អូស្ត្រាលី​តាំង​ពី​ឆ្នាំ២០១៧។ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា កម្ពុជា​បែរ​ជា​ទៅ​បង្កើន​ការ​ធ្វើ​សមយុទ្ធ «នាគមាស» ជា​មួយ​កងទ័ព​ចិន​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ឡើងៗ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ថា កម្ពុជា​លំអៀង​ទៅ​កាន់​ប្រទេស​ចិន​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​មាន​វត្តមាន​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។