ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តប្រមូលកម្លាំងខ្មែរគ្រប់ទិសទីរួមរួបគ្នាជាសំឡេងតែមួយធ្វើសកម្មភាពការពារបូរណភាពទឹកដីកម្ពុជា ជាពិសេទាមទារចំណែកកម្ពុជានៅលើកោះគជ់ តាមយន្តការជំរុញឱ្យកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ អ្នកឃ្លាំមើលថា សំណើរបស់ពលរដ្ឋជារឿងត្រឹមត្រូវ ស្របតាមច្បាប់ ដែលរដ្ឋាភិបាលគួរតែយកទៅដោះស្រាយ ដើម្បីការពារបូរណភាពទឹកដី និងលុបលាងឈ្មោះអាស្រូវដែលថា រដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដីទៅឱ្យប្រទេសជិតខាង។
បន្ទាប់ពីពលរដ្ឋខ្មែរ-អាមេរិកាំង ចាប់ផ្ដើមធ្វើសមាជស្តីពីកោះគជ់ជាលើកដំបូងនៅទីក្រុងឡុងប៊ិច(Long Beach) នៃរដ្ឋកាលីហ្វរនីញ៉ា (California) រួចហើយនោះ ពលរដ្ឋខ្មែរ-អាមេរិកាំងនៅឆ្នេរសមុទ្រប៉ែកខាងកើតនៅរដ្ឋសោត៍ខារ៉ូឡាញណា (South Carolina) ប្រមាណ១០០នាក់ បានជួបជុំគ្នាធ្វើសមាជជាលើកទីពីរ នៅថ្ងៃទី២១ ខែធ្នូ ដើម្បីតស៊ូមតិអំពីបញ្ហាបូរណភាពទឹកដី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ វាគ្មិនសំខាន់ៗក្នុងកម្មវិធីជួបជុំនេះ រួមមានប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ចូលរួមដោយផ្ទាល់ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបលោក អ៊ំ សំអាន និងអ្នកសិក្សាការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី ចូលរួមតាមប្រព័ន្ធអនឡាញ។
សមាជលើកនេះដែរ ពលរដ្ឋខ្មែរ-អាមេរិកាំង បានចូលរួមជជែក ផ្តល់មតិយោបល់យ៉ាងផុលផុស ហើយអ្នកខ្លះរិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អសមត្ថភាពក្នុងការការពារធិបតេយ្យភាពជាតិ។ ពួកគាត់ជំរុញឱ្យពលរដ្ឋខ្មែរទាំងអស់តម្កល់ផលប្រយោជន៍ជាតិជាធំ និងនាំគ្នាក្រោកឈរការពារកោះគជ់ដោយទាមទារឱ្យកម្ពុជាប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហូរ ថ្លែងសារទៅកាន់អ្នកចូលរួមថា ការរៀបចំសមាជនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានពិតអំពីកោះគជ់ និងការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរក្នុងការចូលការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្ស ខណៈកម្ពុជាក្រោមការដឹកនាំដោយគ្រួសារត្រកូលហ៊ុនបានគាស់រំលើងប្រជាធិបតេយ្យ បំបិទសិទ្ធិសេរីភាព ជាពិសេសប្រជាពលរដ្ឋក្នុងប្រទេស។ អ្នកស្រីបញ្ជាក់ថា អ្នកស្នេហាជាតិអ្នកការពារសិទ្ធិមនុស្ស ឬពលរដ្ឋខ្មែរដែលនិយាយអំពីបញ្ហាទឹកដីមិនមែនជាក្រុមឧទ្ទាម ឬក្រុមភេរវករដូចការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងភ្នំពេញទេ។ អ្នកស្រីរំលឹកថា ពលរដ្ឋខ្មែរតែងតែចេញទាមទារឱ្យរដ្ឋាភិបាលកម្ពុជាលើកយកករណីកោះគជ់ទៅដោះស្រាយដោយសន្តិវិធីតាមរយៈការដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ហើយអ្នកស្រីច្រានចោលចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលចោទក្រុមប្រឆាំងយកបញ្ហានេះបង្កជម្លោះរវាងខ្មែរនិងថៃ។
អ្នកស្រី មូរ សុខហូរ៖«ជាដាច់ខាតយើងអត់ឱ្យមានជម្លោះរវាងខ្មែរនិងថៃទេ ខ្ញុំសុំយកវេទិកានេះ ជម្រាបទៅលោក ហ៊ុន ម៉ាណែត ថា យើងខ្ញុំមិនដែលនិយាយអំពីជម្លោះរវាងខ្មែរនិងថៃទេជាពិសេសពលរដ្ឋខ្មែរ និងថៃ យើងអត់មាននិយាយអំពីចម្បាំងទេ ផ្ទុយទៅវិញយើងនិយាយពីការយករឿងកោះគជ់យកទៅតុលាការអន្តរជាតិពិតអត់បងប្អូន ពិត!យើងនៅតែរក្សាជំហរនេះជានិច្ច ហើយយើងចាំមើលការដោះស្រាយរបស់រដ្ឋាភិបាលកម្ពុជារឿងហ្នឹង»។
ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាក្នុងកម្មវិធីនេះដែរថា រដ្ឋធម្មនុញ្ញ តម្រូវឱ្យរដ្ឋាភិបាលត្រូវទទួលសំណើរបស់ពលរដ្ឋយកទៅដោះស្រាយដោយយកចិត្តទុកដាក់។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនត្រឹមមិនស្តាប់សំឡេងពលរដ្ឋទេ បែរជាគំរាមកំហែង វាយប្រហារអ្នកដែលឈឺឆ្អាលរឿងទឹកដីបូករួមទាំងព្រះអង្គថែមទៀត។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា បើទោះបីជារដ្ឋាភិបាលថៃយកអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ អះអាងថាត្រកូលហ៊ុនមិនបានទាមទារកោះគុជក្តី តែពលរដ្ឋខ្មែរមិនបានយល់ស្របម្តងណាទេ ដូច្នេះព្រះអង្គផ្តល់ឱវាទដល់ពលរដ្ឋខ្មែរត្រូវនាំគ្នាតវ៉ាប្រឆាំង និងប្តឹងរឿងកោះគជ់នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារសិទ្ធិកាន់កាប់កោះគជ់មកវិញ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖«ចាប់ពីពេលនេះទៅ ឆ្នាំថ្មីមកដល់ឆ្នាំ២០២៥ យើងត្រូវកត់ចំណាំក្នុងចិត្តមិនដូចថៃនិយាយទេ ដែលថៃបញ្ជាក់ច្បាស់ហើយថារដ្ឋាភិបាលហ៊ុន សែន មិនបានទាមទារកោះគជ់ទេ នៅក្នុងកិច្ចព្រមព្រៀងMOUឆ្នាំ២០០១ ប៉ុន្តែរដ្ឋាភិបាលថៃមិនបានថាពលរដ្ឋខ្មែរអត់បានទាមទាររឿងហ្នឹងឯណា ដូច្នេះយើងត្រូវតែចេញទាមទារ»។
បច្ចុប្បន្ននេះកោះគជ់កំពុងស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់ប្រទេសថៃ ដោយបានអភិវឌ្ឍទីនោះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។ ប្រជាជនថៃជាច្រើន បានរស់នៅទីនោះ មានទាំងសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក ភ្លើង និងមានមូលដ្ឋានទ័ពថៃទៀតផង ខណៈពលរដ្ឋខ្មែរនៅទីនោះ គឺគ្រាន់តែជាជនចំណាកស្រុកស៊ីឈ្នួលឲ្យជនជាតិថៃប៉ុណ្ណោះ។
ងាកមកមើលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មកទល់ពេលនេះមិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់នោះទេ។ នេះខុសពីមេដឹកនាំថៃទាំងឪពុក និងកូនត្រកូលស៊ីណាវ៉ាត់ បានប្រកាសពីគោលជំហរច្បាស់ៗថា កោះគជ់ជាកម្មសិទ្ធិរបស់ថៃដោយគ្មានប្រទេសណា អាចដណ្ដើមកាន់កាប់បានឡើយ។
ថ្លែងក្នុងពិធីបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ លោក ហ៊ុន ម៉ាណែត ចោទក្រុមប្រឆាំងថា យកបញ្ហាកោះគជ់តាមរករឿងរដ្ឋាភិបាលរបស់លោកឥតឈប់។ លោកអះអាងសាជាថ្មីថាមូលហេតុដែលរដ្ឋាភិបាលរបស់លោកមិនឆ្លើយតបក្រុមប្រឆាំងនៅក្រៅប្រទេសជុំវិញបញ្ហាកោះគជ់កន្លងមក ដោយសារគណៈកម្មាធិការព្រំដែនកម្ពុជានៅបន្តចរចាជាមូយភាគីថៃ ប៉ុន្តែយន្តការនេះមិនទាន់ឯកភាពគ្នានៅឡើយជុំវិញបញ្ហាព្រំដែនទឹកដែលកម្ពុជាទាមទារផលប្រយោជន៍នោះ។
លោក ហ៊ុន ម៉ាណែត៖«ខ្ញុំប្រាប់មួយម៉ាត់ ខ្ញុំអត់លេងល្បែងអស់លោកទេ មួយថ្ងៃៗឃើញនៅតែថាហេតុអ្វីរដ្ឋាភិបាលមិនប្តឹង ឥឡូវគេបង្កើតវេទិកាហៅប្រជាជននៅក្រៅប្រទេសទៅ។ រឿងគេចចាររាប់សិបឆ្នាំមកហើយ ហើយគណៈកម្មាធិការព្រំដែនរបស់យើងនៅតែចរចា មិនទាន់ឯកភាពគ្នាទេលើព្រំដែនទឹក យើងទាមទារផលប្រយោជន៍ ហើយគេទាមទារអ៊ីចឹង បានចរចាមិនទាន់ចប់ មិចចង់វ៉ៃ(ដាក់ទ័ពច្បាំង)គ្នាទៀតអី នៅក្រៅប្រទេសពូកែណាស់ខាងហៅគេវ៉ៃគ្នា»។
ទោះបីជាលោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្តី មន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំមើលយល់ថាការណ៍ដែលរដ្ឋាភិបាល ហ៊ុន ម៉ាណែត នៅបន្តចរចាចែកផលប្រយោជន៍ប្រេង និងឧស្ម័នជាមួយភាគីថៃផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ MOU44 នឹងធ្វើឱ្យកម្ពុជាបាត់បង់កោះគជ់ ហើយពួកគេទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនត្រូវទទួលខុស បើសិនធ្វើឱ្យបាត់កោះគជ់។
ជុំវិញរឿងនេះអ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីដោយកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរដែលតស៊ូមតិបានបំពេញកាតព្វកិច្ចឈឺឆ្អាលការពារទឹកដីរបស់ខ្លួនរួចហើយ តែនៅឡើយរដ្ឋាភិបាលមិនហ៊ានចេញមុខប្រកាសចំណែករបស់កម្ពុជានៅលើកោះគជ់។ លោកមើលឃើញការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ដែលថារដ្ឋាភិបាលកំពុងចចារជាមួយភាគីថៃ ដោយលោកមិនលេងល្បែងទឹកដីជាមួយប្រទេសជិតខាងនោះគ្រាន់តែជាការនិយាយបង្វែរដានក្នុងការគេចវេសពីការទទួលខុសត្រូវ ហើយនេះបង្ហាញពីទស្សននយោបាយកំសាក គ្មានឆន្ទៈការពារបញ្ហាកោះគជ់ជាមួយភាគីថៃ។
លោក វ៉ន ចាន់ឡូត៖«ពីព្រោះរឿងនេះមិនមែនជារឿងសម្ងាត់ដែលត្រូវលាក់បាំងពលរដ្ឋទេ ដូច្នេះអ្វីដែលខ្ញុំវាយតម្លៃជារួម គ្មានទេការចចារណាមួយជាមួយភាគីថៃ បើមានការចរចាមែន វាមានត្រឹមការចរចាដើម្បីគិតទៅលើប្រយោជន៍នយោបាយរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាច្រើនជាង គិតអំពីបូរណភាពទឹកដី ជាពិសេសការទាមទារកម្មសិទ្ធិមួយផ្នែកនៃកោះគជ់»។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា បើផ្អែកលើសទ្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ គឺពលរដ្ឋខ្មែរទូទៅបានដឹងថាកោះគជ់មានចំណែកកម្មសិទ្ធិមួយផ្នែកជារបស់កម្ពុជា ដូច្នេះអ្វីដែលពលរដ្ឋខ្មែរចង់ឃើញនៅចំពោះមុខ តើនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលបក្សប្រជាជកម្ពុជា ក្លាហានប្រកាសអំពីភាពជាម្ចាស់នៃកោះគជ់ដូចមេដឹកនាំថៃប្រកាសប្រាប់ពលរដ្ឋគេដែរឬទេ។ លោក វ៉ន ចាន់ឡូត លើកឡើងថា ការដោះស្រាយដើម្បីបញ្ជៀសសង្គ្រាម និងធ្វើឱ្យពលរដ្ឋខ្មែរជឿទុកចិត្ត គឺរដ្ឋាភិបាលកម្ពុជាគួរតែធ្វើកំណត់ទូតទៅកាន់ភាគីថៃ ឬកោះហៅឯកអគ្គរាជទូតថៃមកសួរនាំអំពីការប្រកាសទាំងបំពានរបស់រដ្ឋាភិបាលថៃ ហើយការដោះស្រាយដោយសន្តិវិធីមួយទៀត គឺនាយករដ្ឋមន្រ្តីកម្ពុជាត្រូវប្រកាសជាសាធារណៈពីភាពជាម្ចាស់កម្មសិទ្ធិ មួយផ្នែកនៅលើកោះគជ់។
បញ្ហាកោះគជ់នេះដែរ ប្រជាពលរដ្ឋខ្មែរគ្រោងនាំគ្នាជួបជុំធ្វើសមាជ និងចេញធ្វើមហាបាតុកម្មនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដូចជានៅទីក្រុងឡុងប៊ិច(Long Beach) នៃរដ្ឋកាលីហ្វរនីញ៉ា នៅថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ហើយនៅថ្ងៃដដែល ពួកគាត់មួយក្រុមទៀតក៏គ្រោងជួបជុំធ្វើសមាជនៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត្ស(Massachusetts)ដែរ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក៏នឹងជួបជុំគ្នាចេញសម្ដែងមតិដាក់ញត្តិនៅស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៤ ខែមេសា។ ចំណែកប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី និងយុវជនខ្មែរធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងវិញ គ្រោងរៀបចំមហាបាតុកម្មស្តីពីកោះគជ់នេះ នៅអំឡុងខែមករាឆ្នាំ២០២៥ ខាងមុខនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
