សង្គមស៊ីវិលចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលច្រានចោលការសុំនៅក្រៅឃុំរបស់ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន ដារា ថាជារឿងអយុត្តិធម៌។ ពួកគាត់ស្នើឱ្យតុលាការពិចារណាឡើងវិញ ពីព្រោះការបន្តឃុំខ្លួនជនជាប់ចោទរូបនេះ គ្មានអ្វីចំណេញដល់កម្ពុជានោះទេ គឺមានតែការរិះគន់ពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែធ្នូថា ចៅក្រមស៊ើបសួរ បានសម្រេចបន្តឃុំឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅក្នុងពន្ធនាគារ ដើម្បីរក្សាជនត្រូវចោទបន្តនីតិវិធីតុលាការ។ លោកឱ្យដឹងថាករណីនេះចៅក្រមស៊ើបសួរលោក ហោ ចាន់ពិសី ក៏បានផ្ញើលិខិតជូនដំណឹងពាក់ព័ន្ធការសម្រេចនេះឱ្យមេធាវីការពារក្តីជនជាប់ចោទរួចហើយដែរ។
លោក ផេង ស៊ីភ័ណ៖ «ចៅក្រមសម្រេចមិនដោះលែង ហើយចៅក្រមក៏បានជូនដំណឹងទៅមេធាវីរបស់លោក ស៊ុនណារ៉េត ហើយដែរ ដែលបញ្ហានេះពាក់ព័ន្ធរឿងគ្រឿងញៀន ដល់អ៊ីចឹងទៅត្រូវមានកិច្ចតាមនីតិវិធីបន្តទៀត»។
ការសម្រេចរបស់តុលាការដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក សុខ ស៊ុនណារ៉េត ដាក់ពាក្យបណ្តឹងសុំនៅក្រៅឃុំ តាមរយៈមេធាវីការពារក្តីកាលពីថ្ងៃទី៣ ខែធ្នូ។ លោក សុខ ស៊ុនណារ៉េត បានប្រាប់តុលាការថាលោកជាមនុស្សស្អាតស្អំ ដោយមិនបានរក្សាទុកសាធាតុញៀនដែលបានត្រូវចោទប្រកាន់នោះទេ ស្របពេលលោកជាអតីតយោធិន ចូលបម្រើការងារជូនជាតិដោយភក្តីភាព ស្ទើរពេញមួយជីវិត ដោយបន្សល់ទុកនូវស្នាមរបួស និងជំងឺរាំរ៉ៃមកទល់សព្វថ្ងៃ។
ជុំវិញរឿងនេះ អ្នកឃ្លាំមើល និងមន្រ្តីបក្សប្រឆាំងចាត់ទុកការសម្រេចបដិសេធរបស់តុលាការថាជារឿងអយុត្តិធម៌ និងបង្ហាញកាន់តែច្បាស់ថាសំណុំរឿងមួយនេះពាក់ព័ន្ធរឿងនយោបាយ ដោយយកលេសចាប់លោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង ក្នុងគោលដៅគាបសង្កត់ ដាក់សម្ពាធកុំឱ្យលោក ស៊ន តារា រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលបាលនៅលើបណ្តាញសង្គម។ ជាក់ស្តែងកន្លងមក លោក ហ៊ុន សែន អូសទាញលោក ស៊ន តារា ឱ្យផ្តាច់ខ្លួនចេញពីបក្សប្រឆាំងមិនបានដូចបំណង ដោយលោកងាកមកគំរាមកំហែងលើឪពុកម្តាយលោក ស៊ន តារា ជាបន្តបន្ទាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ដែលឃ្លាំមើលសំណុំរឿងនេះថ្លែងថា លោក សុខ ស៊ុនណារ៉េត មានជំងឺប្រចាំកាយដែលត្រូវទទួលការព្យាបាលនៅក្រៅពន្ធនាគារ ហើយម្យ៉ាងទៀតគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ដែលគួរទទួលបានសេរីភាព ប៉ុន្តែលោកសោកស្ដាយដែលតុលាការមិនអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំ តាមសំណើរបស់មេធាវី។ លោកយល់ថាការសម្រេចរបស់តុលាការនេះនឹងធ្វើឱ្យជនជាប់ចោទដែលកំពុងមានជំងឺ និងឋិតក្នុងស្ថានភាពពិការជាប់ឃុំនៅពន្ធនាគារទៀតនោះ គាត់នឹងជួបការលំបាកកាន់តែខ្លាំង ខណៈសហគមន៍ជាតិ និងអន្តរជាតិកំពុងតាមដានយ៉ាងទុកចិត្តទុកដាក់ចំពោះករណីនេះ ហើយចាត់ទុកថាជារឿងនយោបាយ។
លោក យិន ម៉េងលី៖ «ការបន្តឃុំខ្លួនលោក សុខ ស៊ុនណារ៉េត នេះខ្ញុំមើលឃើញថាអត់ចំណេញអ្វីសោះ ហើយបើយើងមើលសាមញ្ញខាងក្រៅឃើញថា វាធ្វើឱ្យពន្ធនាគារកាន់តែមានភាពចង្អៀតកាន់តែខ្លាំងថែមទៀត ហើយមតិជាតិនិងអន្តរជាតិ គេតែងតែលើកឡើង និងតាមដានពីបញ្ហារឿងនេះ អ៊ីចឹងនាំឱ្យមានការរិះគន់ជាច្រើនមកលើប្រព័ន្ធតុលាការយើងផង។ យើងស្នើសុំឱ្យតុលាការគប្បីជ្រើសយកជម្រើសឱ្យគាត់បាននៅក្រៅឃុំ ជាបណ្តោះអាសន្នសិនទៅ»។
លោក យិន ម៉េងលី បន្តថាមេធាវីការពារក្តី នឹងជួបជាមួយកូនក្ដីនៅពេលឆាប់ៗនេះ ដើម្បីពិភាក្សាថាតើនឹងប្ដឹងសុំនៅក្រៅឃុំម្តងទៀត ឬក៏យ៉ាងណា។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត អំឡុងពេលមេបញ្ជាការភូមិភាគ៣បានហៅឱ្យលោកទៅជួប។ តុលាការខេត្តកំពង់ស្ពឺបានចោទប្រកាន់លោក ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តនេះ។ ប៉ុន្តែលោក សុខ ស៊ុណារ៉េត បដិសេធការចោទប្រកាន់ ដោយអះអាងថាលោកមិនបានដឹងរឿងនេះ តាំងពីដំបូងរហូតដល់ចាប់ខ្លួន និងមិនពាក់ព័ន្ធអង្គហេតុចោទប្រកាន់នោះទេ។
អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយលោក ស៊ន តារា ប្រកាសរក្សាជំហររបស់លោកនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ ថាលោកនៅតែស្មោះស្ម័គ្រជាមួយអ្នកប្រជាធិបតេយ្យដដែល គឺមិនលក់ខ្លួន ឬចុះចូលបក្សកាន់អំណាចឡើយ បើទោះបីជាអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុនចាប់ឪពុករបស់លោកធ្វើជាចំណាប់ខ្មាំងនយោបាយក៏ដោយ។
លោក ស៊ន តារា បញ្ជាក់ថាលោកនឹងធ្វើយុទ្ធនាការស្វែងរកយុត្តិធម៌តាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដោះលែងឪពុករបស់លោកឱ្យមានសេរីភាពក្នុងពេលឆាប់ខាងមុខនេះ។
ក្រៅពីនេះ លោក ស៊ន តារា ដែលកំពុងរស់នៅប្រទេសបារាំង បានបង្ហោះសារនៅលើហ្វេកបុករំលឹកថានៅថ្ងៃទី១៣ ខែធ្នូ គឺរយៈពេលមួយខែ ដែលឪពុករបស់លោកជាជនស្លូតត្រង់ គ្មានទោសពៃរ៍ ត្រូវចាប់ខ្លួនយកទៅធ្វើជាចំណាប់ខ្មាំង ហើយលោកបន់ព្រះជួយថែរក្សាឪពួកលោកដែលមនុស្សស្លូតត្រង់ឱ្យមានសុខភាពល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។