មហាជនដែលប្រើប្រាស់បណ្ដាញសង្គមបានចាប់អារម្មណ៍លើព្រឹត្តិការណ៍ នៅប្រទេសស៊ីរី (Syria) ដែលពលរដ្ឋនាំគ្នាវាយបណ្តេញមេដឹកនាំផ្តាច់ការ ក្រាញអំណាច និងគ្រួសារ បក្ខពួកនិយម គឺលោក បាស្សា អាល់អាស្សាដ (Bashar Al-Assad) ចេញពីអំណាច។
ជាមួយគ្នានេះពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពួកគាត់ក៏នាំគ្នាថ្លែងសារឌឺដងឲ្យមេដឹកនាំនៅកម្ពុជា ដោយចោទជាសំណួរថា មេដឹកនាំផ្ដាច់ការ ពុករលួយ បក្ខពួកនិយមតវង្សត្រកូលនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ីបានដួលរលំជាបណ្ដើរៗហើយ មុននឹងដាច់ឆ្នាំ២០២៤នេះ។
តើកម្ពុជានឹងមានវាសនាយ៉ាងដូចម្ដេចនៅពេលអនាគត..?
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានចោទសួរយ៉ាងដូច្នេះ ដោយសារតែពួកគេមើលឃើញថា ស្ថានភាពនៅប្រទេសស៊ីរី និងបង់ក្លាដេស្ហ (Bangladesh) គឺមិនខុសគ្នាជាមួយនឹងកម្ពុជាឡើយ តែទីបំផុត ពលរដ្ឋនៃប្រទេសទាំងពីរនេះបានតស៊ូរហូតដណ្ដើមបានសិទ្ធិសេរីភាព និងសិទ្ធិជាម្ចាស់ប្រទេសរបស់ខ្លួនមកវិញ។
ជាមួយគ្នានេះ ពួកគាត់ក៏មិនភ្លេច ផ្ញើសាររំលែកទុក្ខដល់ពលរដ្ឋដែលមានសេចក្ដីក្លាហានតស៊ូដើម្បីសេរីភាព ដើម្បីប្រទេសជាតិរបស់ខ្លួនរហូតពលីជីវិត។
ងាកមកកម្ពុជាវិញ មតិលើបណ្ដាញសង្គម ក៏ចង់ឲ្យពលរដ្ឋកម្ពុជា និងថ្នាក់ដឹកនាំរៀនសូត្រ ពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅប្រទេសស៊ីរី និងបង់ក្លាដេស្ហ។
ពួកគាត់នាំគ្នាបង្ហោះសារឌឺដងឲ្យមេដឹកនាំកម្ពុជា ដោយប្រៀបធៀបនឹងហេតុការណ៍នៅប្រទេសស៊ីរី ទោះបីអ្នកខ្លះព្យាយាមនិយាយរិះគន់មិនចំឈ្មោះយ៉ាងយ៉ាងណាក្ដី។
អ្នកប្រើប្រាស់បណ្ដាញសង្គមយូធូបដែលដាក់ឈ្មោះថា អាប៉ូឡូហូហ្គែក (@apollohokage1224) គាត់បញ្ចេញមតិថា៖ ឈ្មោះមេដឹកនាំប្រទេសកម្ពុជា និងស៊ីរី ក៏ប្រហាក់ប្រហែលគ្នាដែរ។
«ឈ្មោះមេដឹកនាំនៅប្រទេសស៊ីរី ប្រហាក់ប្រហែលគ្នានឹងកម្ពុជាដែរ ស៊ីរី (អាសាត) កម្ពុជា (អា សែន) មេដឹកនាំនៅស៊ីរី មេដឹកនាំកម្ពុជា ដូចគ្នាបេះបិទ១០០%»។
ចំណែកប្រើប្រាស់បណ្ដាញសង្គមយូធូបម្នាក់ទៀត ដែលដាក់ឈ្នោះថា មនោមុំ (@monomom9948) ក៏បានបង្ហោះសារឌឺដង ស្រដៀងគ្នានេះដែរថា៖ «សាត» ទៅហើយ នៅឡើយតែ «សែន...»។
រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកវិញ ពួកគាត់ក៏មានការចាប់អារម្មណ៍ខ្លាំងចំពោះព្រឹត្តិការណ៍នៅស៊ីរីនោះដែរ។
លោក ខៀវ កាញារីទ្ធ ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាត់ហាក់ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នៅប្រទេសស៊ីរីនោះដែរ។
លោកបានផុសនូវរូបភាពមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក
អមដោយទស្សនៈមួយចំនួនទាក់ទងនឹងការដួលរលំរបបដឹកនាំនៅស៊ីរីនោះថា៖«តែរលំហើយ កេរដូនតាអីក៏មិនសល់ដែរ...» លោកបានសរសេរអធិប្បាយលើរូបភាពដែលលោកបានបង្ហោះនោះ ផងដែរថា ៖ «ពួកកងបះបោរឈរក្បែរមឈូស អតីតប្រធានាធិបតី ហាសហ្វេស អាល់ អាហ្សាដ (Hafez al-Assad) ដែលកំពុងឆេះក្នុងភូមិកំណើតរបស់លោកនៅកាដាហា (Qardaha) ប្រទេសសុរី - រូបថតប្រចាំសប្ដាហ៍របស់កាសែត ដឹ ហ្គាឌៀន (The Guardian)។
ក្រៅពីនេះ លោកក៏បានផុសនូវរូបភាពមួយចំនួនទៀតដែរ ទាក់ទងរឿងរ៉ាវនៅស៊ីរីនោះ ដែលរូបភាពនោះបង្ហាញពីក្បាលរូបចម្លាក់អតីតប្រធានាធិបតី ហាសហ្វេស អាល់អាស្សាដ ដែលជាឪពុកប្រធានាធិបតី លោក បាស្សា អាល់អាស្សាដ ដែលត្រូវកម្លាំងតស៊ូរបស់ពលរដ្ឋវាយបំបាក់ទម្លាក់ទៅលើដី កាលថ្ងៃទី៣០ វិច្ឆិកា ២០២៤ និង ផ្ទាំងរូបថតលោកប្រធានាធិបតី Bashar al-Assad ដែលត្រូវគេបំផ្លាញនៅក្នុងទីក្រុងមួយនៃប្រទេសស៊ីរី ព្រមទាំងរូបត្លុកដែលបង្ហាញពីប្រជាពលរដ្ឋជាច្រើនរួមគ្នាទាញទម្លាក់រូបសំណាកអាស្សាដ (Assad) រួចហើយគេឃើញមានរូបភាពលលាដ៍ក្បាលសាកសពជាច្រើននៅក្រោមជើងទម្ររូបសំណាកអាស្សាដ នោះទៀតផង។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះថា មនោទេព (Mono Tep) បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនរៀបរាប់ដោយសង្ខេបពីវិបត្តិនៃរបបដឹកនាំផ្ដាច់ការនៅស៊ីរី និងបានដាក់ជាសំណួរទៅជនផ្ដាច់ការដទៃទៀតដែលកំពុងរស់សុខស្រួលនៅឡើយនោះដែរថា៖ រូបសំណាកជនផ្ដាច់ការ ឪពុក និងកូន ត្រូវបានប្រជាជនស៊ីរី វាយកម្ទេច ចងក្បាលអូសតាមដងវិថីនៃប្រទេសស៊ីរី។
«ជនផ្ដាច់ការនៅសេសសល់ កំពុងក្ដាប់អំណាច ជិះជាន់ប្រជាជនខ្លួន ឃើញទិដ្ឋភាពបែបនេះ តើគេមានអារម្មណ៍ភ័យខ្លាចយ៉ាងណា....?»
ដោយឡែកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផ្សេងទៀត ក៏មានការចាប់អារម្មណ៍លើរឿងនេះ ព្រមទាំងបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេប្រហាក់ប្រហែលគ្នាដែរ។
ដោយអ្នកខ្លះមើលឃើញថា៖ ពេលមេដឹកនាំដែលធ្វើអាក្រក់បាត់អំណាច សូម្បីកូនក្មេងក៏មិនអនុគ្រោះអោយគាត់ដែរ...។
ហើយអ្នកខ្លះទៀតថា៖ របបផ្ដាច់ការមុននិងក្រោយ វាគង់តែរលំដូចគ្នា...។
រីឯអ្នកខ្លះ៖ ជូនពររបបផ្ដាច់ការ ឆាប់រលាយដូចអំបិលត្រូវទឹកជាដើម។
ទាក់ទងនឹងការដួលរលំរបបផ្ដាច់ការជាបន្តបន្ទាប់នេះដែរ ម្ចាស់គណនីហ្វេសប៊ុក ដែលដាក់ឈ្មោះថា ហែម បូរុំ ក៏បានចូលរួមបញ្ចេញមតិដែរថា៖ «ទាល់តែអ៊ីចឹងបានសមមុខ...!! បានដឹកនាំហើយ មិនព្រមធ្វើល្អដាក់ប្រជាជនខ្លួននោះទេ..!! …..គិតថា គេរាល់គ្នាដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជាជ្រូកមែន...?»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុក មួយទៀតដែលដាក់ឈ្មោះថា៖ មួង សម្អាត (Muong Sam Ath) បញ្ចេញមតិដោយព្រមានថា៖ «ថ្ងៃវារះហើយក៏នឹងលិចវិញ ចាំណា...ពួកផ្ដាច់ការ....»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុក មួយទៀតដែលដាក់ឈ្មោះថា៖ ដាញ៉ែល ខេ-ក្រោម (Daniel K. Krom) ក៏មានទស្សនៈជុំវិញរឿងនេះដែរថា៖ «ខ្មែរជាច្រើនចង់ឃើញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅស្រុកខ្មែរ អោយដូចនៅស៊ីរីដែរ...»។
ជុំវិញរឿងនេះ ម្ចាស់គណនីហ្វេសប៊ុក ដែលដាក់ឈ្មោះថា រ៉ូតឌី (Roddy): យល់ឃើញដែរថា៖«អោយតែប្រឹងបង្អួតទ្រព្យសម្បត្តិ ស្តុកហូមនាឡិកាដៃរាប់លៀនដុល្លារ ឡានថ្មីតម្លៃរាប់លៀន មន្ត្រីពុករលួយប្លន់ដីរាស្ត្រ ទាមទារអោយរាស្ត្របង់ពន្ធ រាស្ត្រគ្មានការងារធ្វើ រត់ទៅស៊ីឈ្នួលគេនៅប្រទេសជិតខាង វាសនា មិនខុសពីជនផ្ដាច់ការនៅប្រទេសស៊ីរីទេ..»។
ការលើកឡើងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមបែបនេះ ធ្វើឡើងនៅក្រោយពេល មេដឹកនាំផ្ដាច់ការស៊ីរី ដែលដឹកនាំប្រទេស ត "ត្រកូល " ដូចនៅកម្ពុជាដែរ នោះ គឺលោក បាស្សា អាល់អាស្សាដ (Bashar Al-Assad) បានរត់ចោលស្រុកភ្លាមៗ កាលពីថ្ងៃទី៨ ធ្នូ ក្រោយពីរបបរបស់លោកបានដួលរលំ។
អ្នកតាមដាននយោបាយ និងកិច្ចការអន្តរជាតិ លើកឡើងដែរថា របបផ្ដាច់ការនៅប្រទេសស៊ីរី របស់ លោក បាស្សា អាល់អាស្សាដ បានដួលរលំនៅពេលនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់ឱ្យមេដឹកនាំផ្ដាច់ការនៅកម្ពុជាដឹងខ្លួនថា ការដឹកនាំប្រទេសបែបផ្ដាច់ការ ទោះជាខ្លាំងយ៉ាងណា ក៏នៅតែអាចដួលរលំវិញបានដែរគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ។
រីឯម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតដែលដាក់ឈ្មោះថា៖ ចៅ តា ក៏បានបញ្ចេញទស្សនៈដោយភាពជឿជាក់លើរឿងនេះដែរថា៖ «លើលោកយើងនេះ អំពើឃោរឃៅគ្មានក្តីមេត្តា គឺមិនស្ថិតនៅជាអមតៈឡើយរបបផ្តាច់ការ បាស្សា អាល់អាស្សាដ ត្រូវរលាយទាំងពូជ ដោយមិនបានយកទ្រព្យសម្បត្តិលួចជាតិទៅជាមួយផងទេ។
អំពើល្អតែងឈ្នះលើអំពើអាក្រក់ ទោះយឺត ឬយូរបន្តិច តែនៅតែយកជ័យជម្នះមិនដែលខានឡើយ។
គាត់សរសេរបន្តថា៖ សូមកុំឲ្យកើតមានលើប្រទេសខ្មែរ ខ្ញុំមិនចង់ឃើញទេនូវការវិនាសព្រាត់ប្រាសណាមួយ សូមឲ្យខ្មែរបានសុខគ្រប់ក្រុមគ្រួសារ ចាប់ដៃគ្នាកសាងប្រទេសដើម្បីកូនចៅតរៀងទៅ....»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។