អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ថា​ កោះគជ់ ជា​​របស់​ថៃ ១លាន​ភាគ​រយ និង​មិន​ទទួលស្គាល់​ការ​ទាមទារ​របស់​មេដឹកនាំ​កម្ពុជា

0:00 / 0:00

អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺ​លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​អះអាង​ថា កោះគជ់ ជា​កម្មសិទ្ធិ​របស់​ថៃ ១លាន​ភាគ​រយ ដោយ​គ្មាន​ប្រទេស​ណា អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ។ អ្នក​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​មេដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​បដិសេធ​ចំពោះ​ការ​អះអាង​នេះ ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ទាមទារ​កោះគជ់​មែន​នោះ។

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) លើក​ឡើង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០១ (MOU44) ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ជាមួយ​កម្ពុជា គឺ​គ្រាន់តែ​ជា​ការ​កំណត់​ក្របខ័ណ្ឌ​សម្រាប់​ការ​ពិភាក្សា​លើ​បញ្ហា​មិន​ទាន់​ដោះស្រាយ​នៅ​លើ​តំបន់ ដែល​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​អះអាង​ថា ជា​តំបន់ «ត្រួតស៊ីគ្នា» ប៉ុណ្ណោះ និង​មិន​ជាប់​ពាក់ព័ន្ធ​ដល់​អធិបតេយ្យ​ដែន​គោក និង​កោះគជ់​ឡើយ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ក្រោម​គម្រោង «កសាង​សមត្ថភាព សមាជិក​សភា និង​បុគ្គលិក​នយោបាយ» របស់​គណបក្ស ភឿថៃ (Pheu Thai) កាល​ពី​ថ្ងៃទី១៣ ខែ​ធ្នូ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ លើក​ឡើង​ថា ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា មេ​ដឹកនាំ​កម្ពុជា​មិន​ចាត់​ទុក​កោះគជ់ គឺ​ជា​ដែន​អធិបតេយ្យ​របស់​ប្រទេស​ថៃ​នោះ លោក ថាក់ស៊ីន បាន​ច្រានចោល​ថា ជា​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត ឬ អេ.អាយ (AI) ដោយ​លោក​ចោទ​ថា បាន​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​រឿង​ប្រឌិត។

លោក ថាក់ស៊ីន លើក​ឡើង​បន្ថែម​ថា ឧស្ម័ន និង​ធនធាន​ថាមពល ដែល​ភាគី​កម្ពុជា និង​ថៃ​មាន​គម្រោង​អភិវឌ្ឍ​រួមគ្នា​នៅ​ក្នុង​តំបន់ ដែល​អះអាង​ថា ជា​តំបន់ «ត្រួត​ស៊ី​គ្នា» កាល​ពី​ជាង ២០ឆ្នាំ​មក​នោះ នឹង​មិន​អាច​ប្រើប្រាស់​បាន​ទៀត​នោះ​ទេ ដោយសារ​បណ្ដា​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន កំពុង​ស្វែងរក​ថាមពល​បៃតង ដែល​ជា​ប្រភព​ថាមពល​ស្អាត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ប៉ុន្តែ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បន្ត​ថា ទោះបីជា​ធនធាន​ថាមពល​នៅ​ក្រោម​បាត​សមុទ្រ​ទាំងនោះ លែង​មាន​តម្លៃ​យ៉ាងណាក្ដី ក៏​ភាគី​កម្ពុជា និង​ថៃ នៅតែ​ត្រូវ​ការ​ចរចា​គ្នា ដើម្បី​បែងចែក​ផល​ប្រយោជន៍ និង​កំណត់​ដែន​សមុទ្រ​ឱ្យ​បាន​ច្បាស់លាស់។

ការ​ចេញ​មក​បញ្ជាក់​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ជាតិនិយម​អាវ​លឿង​ថៃ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កូនស្រី​របស់​លោក គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ MOU44 ជាមួយ​កម្ពុជា។ អ្នក​ជាតិ​និយម​អាវ​លឿង​ថៃ ចោទ​ថា អនុស្សរណៈ​នេះ គឺជា​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ធ្វើ​ឱ្យ​ថៃ​បាត់បង់​ទឹកដី ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​ចរចា​គ្នា ដោយ​គ្មាន​ការ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា និង​ព្រះមហាក្សត្រ​នោះ​ឡើយ។ ពួក​គេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​អ្នកស្រី ផែថងថាន មិន​លុបចោល MOU44 នេះ​ទេ ពួកគេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ ដូច​កាល​ពី​ជំនាន់​ឪពុក​របស់​អ្នកស្រី ផែថងថាន ដែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ ខែធ្នូ ថា ការ​ថ្លែង​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ គឺ​ដើម្បី​ជួយ​សម្រាល​ការ​ដាក់​សម្ពាធ​របស់​អ្នក​ជាតិនិយម​ថៃ មក​លើ​រដ្ឋាភិបាល​កូនស្រី​របស់​លោក។ ទោះជា​យ៉ាង​ណា​ក្ដី លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​មេដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​កំណត់​ទូត​ទៅកាន់​រដ្ឋាភិបាល​ថៃ ដើម្បី​បដិសេធ​ចំពោះ​ការ​អះអាង​នេះ ប្រសិនបើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​ទាមទារ​កោះគជ់​មែន​នោះ។

លោក អ៊ុំ សំអាន៖«មួយទៀត រដ្ឋាភិបាល​ត្រូវតែ​លុបចោល​អនុស្សរណៈ​យោគយល់​ហ្នឹង ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ទាមទារ​យក​កោះគជ់។ នៅ​ពេល​ដែល​រដ្ឋាភិបាល​លុបចោល​អនុស្សរណៈ​យោគយល់​ឆ្នាំ២០០១ ហើយ យើង​អាច​ទាមទារ​កោះគជ់​យក​មក​វិញ​បាន​ហើយ ហើយ​រដ្ឋាភិបាល​ក្រៅពី​ហ្នឹង​ត្រូវ​ដាក់ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យ៉ាងហោចណាស់ ពាក់កណ្ដាល​កោះគជ់​ត្រឡប់មកវិញ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៤ ខែ​ធ្នូ។

កន្លងទៅ មេដឹកនាំ​កម្ពុជា​ពីរ​នាក់​ឪពុក និង​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ចោទ​អ្នក​ដែល​លើកឡើង​ពី​បញ្ហា​កោះគជ់​ថា ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម និង​បាន​ព្រមាន​បង្កើត​ច្បាប់​ភេរវកម្ម​ដាក់​បញ្ចូល​ឈ្មោះ​បុគ្គល​ទាំងនោះ​ចូល​ក្នុង​បញ្ជី​ភេរវករ​ទៀត​ផង។

ខុស​ពី​មេដឹកនាំ​កម្ពុជា​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល​ហ៊ុន ដែល​ប្រើ​ភាសា​គំរាមកំហែង​ពលរដ្ឋ​ខ្លួនឯង និង​បង្ហាញ​ពី​គោលជំហរ​ទន់ជ្រាយ​ជុំវិញ​បញ្ហា​កោះគជ់​នេះ ចំណែក​ឯ​មេដឹកនាំ​ថៃ​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល ស៊ីណាវ៉ាត់ វិញ បាន​ប្រកាស​ពី​គោលជំហរ​មុតមាំ នៅ​ក្នុង​ការ​កាន់កាប់​កោះគជ់​ផ្ដាច់មុខ ព្រម​ទាំង​ចរចា​យក​ប្រយោជន៍​បន្ថែម​ទៀត​លើ​តំបន់​ដែល​គេ​អះអាង​ថា «ត្រួតស៊ីគ្នា» ជាមួយ​កម្ពុជា​នោះ​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ កងទ័ព​ជើង​ទឹក​ថៃ (Royal Thai Navy) នៅ​ថ្ងៃទី១៤ ខែ​ធ្នូ បាន​បញ្ចេញ​រូបភាព និង​វីដេអូ របស់​កង​នាវា​ចម្បាំង ក្នុង​សមយុទ្ធ​យោធា​កង​នាវាចរណ៍ ស្លាប​អាកាស និង​អង្គភាព​សង្គ្រាម​ពិសេស​កងទ័ពជើងទឹក សម្រាប់​ឆ្នាំ២០២៥ នៅ​សមុទ្រ​ជិត​កោះគជ់ ដែល​មាន​រយៈ​ពេល ៣ថ្ងៃ។

រូបភាព និង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម កង​នាវិក​ថៃ បាន​បង្ហាញ​ពី​ការ​ធ្វើ​នាវាចរណ៍​ល្បាត​នៅ​ជុំវិញ​ដែន​សមុទ្រ​ក្បែរ​កោះគជ់ រួមមាន​នាវា​ល្បាត នាវា​ពិឃាដ (Destroyer) នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ ការ​ចល័ត​រថពាសដែក​បើក​លើ​ទឹក (Amphibious Vehicle) និង​មាន​ការ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើង​យន្ត​ជាដើម។

អ្នកឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​សំណុំរឿង​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» នេះ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​បញ្ចប់​វិវាទ​ដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ​បាន​ឆាប់ ព្រមទាំង​បង្ការ​កុំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​កុំ​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ មាន​អរិភាព​ជាមួយ​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។