លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកទស្សនៈលើកឡើងថា នៅកម្ពុជាអ្នកមានសែស្រឡាយទើបបានធ្វើធំ គឺជារឿងមិនពិត និងជាការយល់ឃើញមិនត្រឹមត្រូវ។ ប៉ុន្តែអ្នកឃ្លាំមើលថាសាររបស់លោក ហ៊ុន ម៉ាណែត ជាទ្រឹស្តីប្រជាភិថុតិខុសពីការពិត ពីព្រោះកូនចៅគ្រួសារត្រកូលហ៊ុន រួមទាំងរូបលោកផងបានឡើងកាន់អំណាចគ្រប់គ្រងស្ថាប័នជាតិមកដល់ពេលនេះ គឺឡើងតាមរយៈសែស្រឡាយ និងបក្ខពួកនិយមនេះឯង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហាក់មិនពេញចិត្តចំពោះផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលលើកឡើងថា អ្នកមិនមានសែស្រឡាយជាមន្ត្រីធំមិនអាចមានឱកាសក្នុងការទទួលបានតំណែងធំនៅក្នុងស្ថាប័នរដ្ឋនោះ។
ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេសអេ (A) សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៣ ខែធ្នូ លោក ហ៊ុន ម៉ាណែត លើកឡើងថា អ្នកដែលទទួលជោគជ័យកើតចេញពីការតស៊ូ ការខិតខំប្រឹងប្រែង ហើយលោកចាត់ទុកទស្សនៈប្រជាពលរដ្ឋដែលនិយាយថាអ្នកមានខ្សែបានធ្វើជាមន្រ្តីធំកន្លងមកនោះ ជាគំនិតទុទ្ទិដ្ឋិនិយម ឬការយល់ឃើញមិនត្រឹមត្រូវ។
លោក ហ៊ុន ម៉ាណែត៖«ពិតណាស់ ខ្ញុំឃើញនៅលើហ្វេសប៊ុកបងប្អូនខ្លះហាក់មានទុទ្ទិដ្ឋិនិយមថា ខំប្រឹងរៀនធ្វើអីទល់តែមានខ្សែបានអាចរីកទៅកើតគឺអត់ទេ ជីវិតរបស់ប្រជាពលរដ្ឋយើងរាប់លាននាក់គ្មានអ្នកណាទល់តែមានខ្សែរាប់លានខ្សែទម្លាក់ឱ្យទេ ហើយជឿទៅ សូម្បីតែកូនបង្កើតស្អីក៏ដោយ បើគ្មានសមត្ថភាពក៏ឪពុកម្តាយ…សូម្បីថៅកែនៅក្នុងក្រុមហ៊ុនមួយក៏ដោយ បើឱ្យកូនហ្នឹងទៅបំផ្លាញក្រុមហ៊ុនដែលគាត់ខំប្រឹងកសាង គឺគាត់មិនឱ្យទេ គាត់ទុកចែកឱ្យកូនហ្នឹងយកលុយទុកចាយទៅ»។
ទោះបីជាលោក ហ៊ុន ម៉ាណែត បដិសេធចំពោះទស្សនៈយល់ឃើញរបស់ពលរដ្ឋបែបនេះក្តី ក៏ប៉ុន្តែស្ទើរគ្រប់ស្ថាប័នជាតិកំពុងតែចាក់ស្រេះដោយបញ្ហាគ្រួសារ ឬបក្ខពួកនិយម តាមរយៈមេដឹកនាំគណបក្សប្រជាជនកម្ពុជា រៀបចំផ្ទេរអំណាចឱ្យកូនចៅ និងសាច់ញាតិ ទៅដឹកនាំចាប់ពីក្នុងជួររដ្ឋាភិបាលរហូតដល់ថ្នាក់ក្រោមជាតិជំនួសពួកគេ ដោយគ្មានអតីតភាពការងារ ឬគ្មានឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវឡើយ។
ជាក់ស្តែង លោក ហ៊ុន ម៉ាណែត ដែលកំពុងចែករំលែកទ្រឹស្តីដល់សិស្សានុសិស្សានៅពេលនេះ ត្រូវបានគេដឹងថាលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីដូចសព្វថ្ងៃ ដោយសារតែឪពុករបស់លោកលើកបន្តុប ស្របពេលឪពុករបស់លោក គឺលោក ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា ប្អូនប្រុសពៅលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី បងថ្លៃជីដូនមួយលោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ និងប្អូនប្រុសកណ្តាលរបស់លោក គឺលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោកជាដើម។ នេះគេមិនទាន់រាប់បញ្ជូលសាច់ញាតិ នៅក្នុងត្រកូលហ៊ុនរាប់សិបនាក់ផ្សេងទៀត ត្រូវបានតែងតាំងតួនាទីគ្រាក់ៗក្នុងជួររដ្ឋាភិបាល មន្រ្តីរាជការស៊ីវិល និងជួរកងទ័ពផងនោះទេ។
ក្រៅពីក្រុមគ្រួសារត្រកូលហ៊ុននោះ ខ្សែខាងលោក ស ខេង លោក ទៀ បាញ់ លោក សាយ ឈុំ និងអ្នកស្រី ម៉ែន សំអន បូករួមទាំងមន្រ្តីនៅតាមក្រសួងស្ថាប័នមួយចំនួនទៀត ពួកគេក៏ឡើងកាន់តំណែងនៅក្នុងស្ថាប័នជាតិតាមរយៈខ្សែបក្ខពួក ពោលគឺកូនចៅមន្រ្តីទាំងនោះកាន់តំណែងគ្រាក់ៗដែលឪពុកលើកបន្តុបឱ្យស្រាប់។
ជុំវិញរឿងនេះ ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណី លើកឡើងថា កូនអ្នកធំស្នងតំណែងជំនួសឪពុកម្តាយ ឬបងប្អូន នៅក្នុងក្រសួងស្ថាប័នគឺជារឿងពិត ដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។ លោកបន្ថែមថាកម្ពុជាក្រោមការដឹកនាំដោយគ្រួសារត្រកូលហ៊ុនបានធ្វើឱ្យយុវជនខ្មែរដែលមានសក្តានុពលបាត់បង់ឱកាសក្នុងការចូលរួមអភិវឌ្ឍជាតិ ដោយជំរុញឱ្យយុវជនត្រូវបោះបង់ការសិក្សា ហើយចំណាកស្រុកធ្វើការនៅក្រៅប្រទេស។
លោក ម៉ាត់ វណ្ណី៖«ជានយោបាយប្រជាភិថុតិ គឺលោក ហ៊ុន ម៉ាណែត ចេះតែនិយាយទៅ តែទង្វើជាក់ស្តែងគាត់មិនបានអនុវត្តឯណា គាត់មិនផ្តល់តម្លៃស្មើគ្នាចំពោះមនុស្សនៅក្នុងសង្គមឯណា គាត់ឱ្យតម្លៃតែក្រុមគ្រួសារ បក្ខពួកដែលស្មោះស្ម័គ្រជាមួយត្រកូលគាត់ហ្នឹង អាហ្នឹងគឺជាមហន្តរាយធំណាស់ សម្រាប់ប្រទេសជាតិជាមួយ កាលណាយុវជនបោះបង់ការសិក្សាច្រើន អស់សង្ឃឹមច្រើនដូចទុកជោគវាសនាប្រទេសជាតិហ្នឹង ទៅឱ្យមនុស្សមួយក្តាប់តូច ហើយការទុកឱ្យមនុស្សមួយក្តាប់តូចគ្រាប់គ្រងហើយ លទ្ធផលគឺខ្ទេចខ្ទាំដូចបច្ចុប្បន្នយើងបានឃើញអ៊ីចឹង»។
ចំណែកអ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត មើលឃើញថាតួនាទី ឬតំណែងនៅក្នុងស្ថាប័នជាតិបានក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកនយោបាយបក្សកាន់អំណាចសម្រាប់ផ្ទេរឱ្យកូនចៅ សាច់ញាតិឱ្យចូលទៅគ្រប់គ្រងតាមវង្សត្រកូល។ លោកបន្តថា ការតែងតាំងចាក់ស្រេះដោយសារសែស្រឡាយបក្ខពួកនិយម គឺជាបញ្ហាធំធ្វើឱ្យសង្គមមានវិសមភាព ឬភាពមិនស្មើគ្នា។
លោក វ៉ន ចាន់ឡូត៖«កម្ពុជាកំពុងមានគម្លាតវិសមភាពសង្គមធំមែនទែន ទីមួយនៅក្នុងស្រទាប់អ្នកនយោបាយ ឬឥស្សរជននយោបាយនៅកម្ពុជា សុទ្ធសឹងតែជាកូនចៅសែស្រឡាយនៃគណបក្សប្រជាជនកម្ពុជា ដូចយើងឃើញជាក់ស្តែងនៅពេលដែលឪពុកជានាយករដ្ឋមន្រ្តី កូនក៏មកកាន់តួនាទីជានាយករដ្ឋមន្រ្តី នៅពេលឪពុកជារដ្ឋមន្រ្តីតាមក្រសួងនានា កូនក៏មកកាន់ជារដ្ឋមន្រ្តីជំនួសឪពុករបស់ខ្លួន»។
ការដឹកនាំប្រទេសតាមបែបសែស្រឡាយ គ្រួសារនិយមនឹងធ្វើឱ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ មានទំនាស់ផលប្រយោជន៍ និងអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ។
អ្នកឃ្លាំមើល និងយុវជនស្វាគមន៍ការលើកទឹកចិត្តឱ្យយុវជនដែលគ្មានខ្សែរយៈមានឱកាសក្លាយជាអ្នកធំនៅក្នុងស្ថាប័នជាតិ ប៉ុន្តែពួកគាត់មិនគាំទ្រឡើយចំពោះការផ្ទេរតំណែងឱ្យកូនចៅ និងបក្ខពួកនិយមដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងធ្វើដូចសព្វថ្ងៃនេះ។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់នយោបាយបក្ខពួកនិយម ហើយងាកមកបើក ឱកាសឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនមានឱកាសចូលកាន់តំណែងធំៗក្នុងស្ថាប័នជាតិស្របតាមបំណង ការប្រកួតប្រជែងត្រឹមត្រូវ ដើម្បីបញ្ចេញសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
