នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបទៅប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថា កម្ពុជាចង់បានផ្ការីកនៃសន្តិភាព។ ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែត គួរឈប់ប្រើសន្តិភាព ដើម្បីកេងចំណេញនយោបាយ ផ្ទុយទៅវិញរដ្ឋាភិបាលគួរចេញមុខដោះស្រាយបញ្ហាពលរដ្ឋ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃទី១៧ ខែធ្នូថា ពាក្យផ្ការីកដែលលើកឡើងដោយមេដឹកនាំបក្សប្រឆាំង លោក សម រង្សី គឺជាចេតនាឱ្យមានការផ្ដួលរំលំរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត បន្ថែមថា រដ្ឋាភិបាលមានយុទ្ធសាស្ត្រផ្ការីកដែរ តែជាយុទ្ធសាស្ត្រជំរុញអភិវឌ្ឍវិស័យឯកជន និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យប្រសើរឡើង។ លោក ហ៊ុន ម៉ាណែត ថា គណបក្សកាន់អំណាចមិនហត់នឿយក្នុងការឃោសនាពាក្យសន្តិភាព ដើម្បីឱ្យពលរដ្ឋយល់ពីតម្លៃនៃសន្តិភាពនោះទេ។
លោក ហ៊ុន ម៉ាណែត៖«យើងថា រីកនេះ គឺយើងប្រើប្រាស់យុទ្ធសាស្ត្រផ្ការីកមានម្នាក់ នៅក្រៅប្រទេសគេនិយាយពីផ្ការីក ចង់ផ្ដួលរដ្ឋាភិបាលបង្កើតសង្គ្រាម តែយើងអត់ទេ។ ផ្ការីក គឺដាំ គេថា គ្រាប់ផ្កានៃការអភិវឌ្ឍន៍ ហើយអភិវឌ្ឍន៍វិស័យឯកជននៅទីនេះ ដើម្បីរីកឱ្យកន្លែងផ្សេងទៀតឱ្យមានការអភិវឌ្ឍន៍កាន់តែច្រើន»។
ការឆ្លើយតបរបស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពេលដែលប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារជាបន្តបន្ទាប់ថា រដ្ឋាភិបាលរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន» កំពុងទទួលសម្ពាធពីសហគមន៍អន្តរជាតិគ្រប់ទិសទី រួមទាំងសម្ពាធពីប្រជាពលរដ្ឋខ្មែរ និងសម្ពាធពីខាងក្នុងបក្សប្រជាជន។ លោកថា មេទ័ព និងកងទ័ពច្រើនណាស់ ដែលស្រឡាញ់ជាតិ និងមាតុភូមិ។
លោក សម រង្សី បានប្រៀបធៀបការដឹកនាំតត្រកូលរបស់លោក ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំផ្ដាច់ការ នៅប្រទេសស៊ីរី លោក បាស្សា អាល់ អាសាដ (Bashar Al-Assad) ដែលបានរត់ចោលស្រុក ក្រោយពលរដ្ឋលែងគាំទ្រ។ លោក សម រង្ស៊ី ក៏អំពាវនាវឱ្យពលរដ្ឋ និងមន្ត្រីរាជការចូលរួមប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលអសមត្ថភាពមិនហ៊ានតវ៉ាទាមទារចំណែកកោះគជ់ពីប្រទេសថៃ ប៉ុន្តែ រដ្ឋាភិបាលបែរជាគំរាមបង្ក្រាប លើពលរដ្ឋខ្លួនឯង ដែលហ៊ានលើកឡើងពីទឹកដីទៅវិញ។ លើសពីនេះ លោកថា វិបត្តិទាំងឡាយ ដែលពលរដ្ឋ និងប្រទេសកម្ពុជាកំពុងជួបប្រទះ រាប់តាំងពីវិបត្តិសេដ្ឋកិច្ច ពលរដ្ឋជំពាក់បំណុលធនាគារ អំពើពុករលួយ អយុត្តិធម៌សង្គម អំពើហិង្សា បក្ខពួកនិយម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបញ្ហាបូរណភាពទឹកដីជាដើម គឺសុទ្ធសឹងតែបង្កឡើងដោយការដឹកនាំតាមបែបផ្ដាច់ការរបស់គ្រួសារត្រកូល ហ៊ុន តជំនាន់ ដែលធ្វើឱ្យពលរដ្ឋបន្តរងទុក្ខវេទនាឥតស្រាកស្រាន្ត។
តំណាងយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី លើកឡើងថា ការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់លោក សម រង្ស៉ី គ្រាន់តែជាការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយទាំងពីរ។ ប៉ុន្តែ លោក ម៉ាត់ វណ្ណនី ថា រឿងសំខាន់ៗ ដែលរដ្ឋាភិបាលត្រូវ ដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋនោះគឺការទាមទារយកចំណែកកោះគជ់ ពង្រឹងសេដ្ឋកិច្ចបើកលំហសេរីភាពពលរដ្ឋ និងការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជា
លោក ម៉ាត់ វណ្ណនី ថា ក្នុងករណីដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាទាំងនេះបាន និងបណ្ដោយឱ្យផលប្រយោជន៍របស់ប្រជាជន និងជាតិបាត់បង់នោះ គឺជាមូលហេតុ ដែលពលរដ្ឋនឹងតវ៉ាឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធី។
លោក ម៉ាត់ វណ្ណនី«នេះហើយ គេហៅថា របបផ្ដាច់ការ។ របបផ្ដាច់ការ ដែលជាទូទៅ នៅលើភពផែនដីនេះ គឺថា របបផ្ដាច់ការមិនអនុញ្ញាតឱ្យមានការសម្ដែងមតិដោយសេរីទេ ហើយមិនអនុញ្ញាតឱ្យរិះគន់ មិនអនុញ្ញាតឱ្យនិយាយអំពីរឿងរ៉ាវគ្រប់សព្វបែបយ៉ាង ជាពិសេស ចំណុចអវិជ្ជមានរបស់ការដឹកនាំរបស់របបហ្នឹងតែម្ដង។ អ៊ីចឹង របបផ្ដាច់ការ គេធ្វើតែអ៊ីចឹង ជាទូទៅ»។
ស្របពេលដែលក្រុមគ្រួសារនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត តែងប្រកាសឱ្យពលរដ្ឋយល់ពីតម្លៃនៃសន្តិភាព ប៉ុន្តែពួកគេតែងគំរាមបង្ក្រាប ប្រើអំពើហិង្សា ចាប់ចងទៅលើពលរដ្ឋ និងអ្នកនយោបាយណាដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។ អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលគួរតែទទួលយកការលើកឡើងពីពលរដ្ឋ និងភាគីពាក់ព័ន្ធដែលទាមទារឱ្យបើកលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីការពារកុំឱ្យប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) របស់សហភាពអឺរ៉ុបបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
