លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យដឹងកាលពីយប់ថ្ងៃទី២មករាថា លោក នឹងទៅចូលរួមសវការជំនុំជម្រះក្ដី លោក ក្នុងសំណុំរឿងមិនរាងចាល នៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈការកោះហៅរបស់តុលាការ រនៅថ្ងៃទី១៧មករាខាងមុខនេះ។
ការប្រកាសរបស់លោក រ៉ុង ឈុន នេះ បន្ទាប់ពីលោកបានទទួលដីកា នៅថ្ងៃទី២ មករា របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដែលបានចេញដីកាកោះហៅលោក កាលពីថ្ងៃទី៣១ ធ្នូ ឱ្យចូលរួមសវនាការនៅព្រឹកថ្ងៃទី១៧ ខែមករាជាកំហិត។
សវនាការលោក រ៉ុង ឈុន នេះ ទាក់ទងនឹងបទចោទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។
លោក រ៉ុង ឈុន បញ្ជាក់ជំហរថា លោកគ្មានធ្វើអ្វីខុសច្បាប់អ្វីទេកន្លងមក។ ប៉ុន្តែ អ្វីដែលលោកបានធ្វើនោះ គឺការងារសង្គម នយោបាយ ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា ឪពុកម្ដាយរបស់លោកបង្កើតលោកមក គឺលោកគ្មានទ្រព្យសម្បត្តិ លុយ កាក់ ដើម្បីយកទៅកសាងជាតិឡើយ។ អ្វី ដែលលោកមានគឺ ខ្លួនប្រាណ និងឆន្ទៈ ភាពស្មោះត្រង់របស់លោក ធ្វើការ ដើម្បីជួយប្រជាពលរដ្ឋ និង សង្គមជាតិ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះរបស់ចៅក្រម ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ អំពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម»។
លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកមកហើយ គឺលើកទីមួយ ពាក់ព័ន្ធរឿងលោករិះគន់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ២០០៥ ប៉ុន្តែ លោកបានជាប់ពន្ធនាគារជាង ៣ខែ ដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ ទើបត្រូវបានដោះលែងវិញ។
លើកទី២ លោកធ្លាប់ជាប់ពន្ធនាគារ ២០ខែ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់ដីធ្លី នៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម។ តុលាការ បានដោះលែងលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ដែលបានផុតកំណត់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមលោកអ្នកនាងចុចស្ដាប់សំឡេងនៃបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក រ៉ុង ឈុន អំពីបញ្ហានេះ...
